
ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និងសហរដ្ឋអាម៉េរិក កំពុងមានភាពល្អក់កករជាមួយគ្នាកាន់តែខ្លាំង ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធ ៥០% លើការនាំចេញរបស់ឥណ្ឌា ដោយពន្ធ ២៥% បានចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ហើយពន្ធពិន័យបន្ថែម ២៥% ដែលដាក់ដោយសារឥណ្ឌារឹងទទឹងទិញប្រេងពីរុស្ស៊ីនោះ គ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែសីហា តទៅ។
ការដំឡើងពន្ធខ្ពស់នេះកំពុងធ្វើឱ្យឥណ្ឌាងាកទៅរកការពង្រឹងទំនាក់ទំនងការទូត និងជំរុញពាណិជ្ជកម្មជាមួយនឹងដៃគូក្នុងតំបន់ គឺមហាយក្សចិន និងជប៉ុន។ យ៉ាងណាមិញរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើទស្សនកិច្ចនៅទីក្រុងញូវដេលី និងបានជួបសមភាគីឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសានកា (Subrahmanyam Jaishankar) កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ នៅក្នុងជំនួបនោះលោក វ៉ាង យី បានធានានៅចំពោះមុខលោក ចៃសានកា ថា ប្រទេសចិន កំពុងដោះស្រាយតម្រូវការរបស់ឥណ្ឌា ចំពោះជី រ៉ែកម្រ និងម៉ាស៊ីនខួងផ្លូវរូងក្រោមដីផងដែរ។ លោក វ៉ាង បានចាត់ទុកទំនាក់ទំនងប្រកបដោយស្ថិរភាព ស្ថាបនា និងអាចព្យាករបានរវាងឥណ្ឌា និងចិននឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាទូទាំងពិភពលោក។
ជំនួបខាងលើបានកើតឡើងមុនពេលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) គ្រោងធ្វើដំណើរទៅទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ នៅចុងខែនេះ។
ក្រៅពីចិន ឥណ្ឌា ក៏បានងាកទៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយជប៉ុន ផងដែរ ដោយ ជប៉ុន និងឥណ្ឌា គ្រោងនឹងបង្កើតក្របខណ្ឌមួយ ដើម្បីជំរុញសហប្រតិបត្តិការពាណិជ្ជកម្មលើសន្តិសុខសេដ្ឋកិច្ច និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ប្រទេសទាំងពីរនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដោយផ្តោតលើការធានាបាននូវសម្ភារៈសំខាន់ៗ និងការអភិវឌ្ឍបច្ចេកវិទ្យាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គឺរុ អ៊ីស៊ីបា (Shigeru Ishiba) និងលោក ម៉ូឌី ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើក្របខ័ណ្ឌនេះនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ នៅចុងខែនេះ៕
ដោយ៖ សុខ មង្គល