លោក ណារិនត្រា ម៉ូឌី បានធ្វើដំណើរទៅដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ដោយបានជួបជាមួយនឹងប្រធានាធិបតីលោក ស៊េក ម៉ូហាម៉េដ ក្នុងទីក្រុងអាប៊ូដាប៊ី (Abu Dhabi)។ នេះជាដំណើរទស្សនកិច្ចលើកទី៧របស់លោក ម៉ូឌី ទៅកាន់ប្រទេសនេះចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ២០១៤ និងជាលើកទី៣របស់លោកក្នុងរយៈពេល៨ខែមកនេះ។
ជាមួយគ្នានេះ លោក ស៊េក ម៉ូហាម៉េដ ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ដែលបានទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីអំឡុងខែមករា បាននិយាយតាមប្រព័ន្ធ X នៅក្នុងសប្តាហ៍នេះថា អារ៉ាប់រួម និងឥណ្ឌាមានភាពអន្ទះសារួមគ្នាអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តទ្វេភាគី ដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងជំនួបកាលពីពេលថ្មីៗនេះ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់ច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប (IMEC) ជាគំនិតផ្តួចផ្តើមមួយដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសឥណ្ឌាកាលពីខែកញ្ញា។
សូមបញ្ជាក់ថា បច្ចុប្បន្នមានប្រជាជនឥណ្ឌាជាង៣លាននាក់កំពុងរស់នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានចំនួនប្រជាជនសរុបចំនួន១០នាក់ ហើយក្រុមហ៊ុនឥណ្ឌាជាច្រើនកំពុងតែចាក់គ្រឹះនៅទីនោះ។
ទន្ទឹមនេះ លោក ម៉ូឌី ក៏កំពុងបំពេញទស្សនកិច្ចនៅប្រទេសកាតា ដើម្បីជួបមេដឹកនាំប្រទេសនេះគឺលោក ស៊េក តាមីម (Sheikh Tamim) ផងដែរ។ ដំណើរទៅកាន់ប្រទេសនេះត្រូវបានគេរំពឹងថា មេដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាពីវិស័យថាមពល និងការបណ្ដាក់ទុន។
ការខិតខំពង្រឹង និងពង្រីកទំនាក់ទំនងរវាងឥណ្ឌា និងតំបន់ជម្ឈិមបូព៌ានេះ ធ្វើឡើងចំពេលប្រទេសចិនបានបង្កើនឥទ្ធិពលនៅមជ្ឈិមបូព៌ា រួមទាំងការសម្របសម្រួលកិច្ចព្រមព្រៀងដើម្បីស្តារទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ ឥណ្ឌា កំពុងសម្លឹងរកការបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នេះ ដើម្បីទប់ស្កាត់ឥទ្ធិពលចិន និងពង្រឹងខ្លួនឯងក្នុងនាមមហាអំណាចនៅអឌ្ឍគោលខាងត្បូង៕