លោក អាទុល ឌី រ៉ាណេ (Atul D Rane) ប្រធានក្រុមហ៊ុន ប្រាម៉ូស អ៊ែរ៉ូស្ប៉េស (BrahMos Aerospace) ជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ីបានអះអាងថា ក្រុមហ៊ុនលោកកំពុងពិភាក្សាជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមសម្រាប់លក់អាវុធមីស៊ីលឿនលឿនជាងសំឡេងដែលខ្លួនផលិតបាន។
ក្រុមហ៊ុន ប្រាម៉ូស អ៊ែរ៉ូស្ប៉េស គឺក្រុមហ៊ុនឥណ្ឌាមានកាន់កាប់ចំណែកភាគហ៊ុន ៥០,៥% និងដៃគូរុស្ស៊ីកាន់កាប់ភាគហ៊ុន ៤៩,៥% ហើយក្រុមហ៊ុននេះ បានផលិតអាវុធស្របតាមកម្មវិធីផលិតអាវុធនៅក្នុងប្រទេសឥណ្ឌា ដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi)។
ប្រទេសឥណ្ឌាបានផលិតយន្តហោះចម្បាំង MiG របស់រុស្ស៊ី និងយន្តហោះចម្បាំង Su-30 ក្រោមអាជ្ញាបណ្ណដែលបានព្រមព្រៀងគ្នា ហើយប្រទេសទាំងពីរនេះបានសហការផលិតកាំជ្រួចមីស៊ីលប្រភេទ ប្រាម៉ូស (BrahMos) នៅក្នុងប្រទេសឥណ្ឌា ខណៈដែលរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ឥណ្ឌាជាយូរមកហើយ។
កាលពីខែមេសាឆ្នាំមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺជេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ប្រទេសទាំងពីរនេះកំពុងតែពិភាក្សាគ្នាអំពីការផលិត "បន្ថែម" នូវឧបករណ៍យោធារុស្ស៊ីនៅក្នុងប្រទេសឥណ្ឌា។
ប្រទេសឥណ្ឌា ដែលមិនបានថ្កោលទោស ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ ក៏បានលេចមុខជាអតិថិជនទិញប្រេងដ៏ធំបំផុតទីពីររបស់ទីក្រុងមូស្គូ បន្ទាប់ពីប្រទេសចិនផងដែរ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាមួយចំនួនបានចាប់យកឱកាសភ្លាមៗពីការទិញប្រេងបញ្ចុះតម្លៃរបស់រុស្ស៊ី ស្របពេលដែលប្រទេសបស្ចិមលោកមួយចំនួនបានជៀសវាងទិញប្រេងពីប្រទេសនេះ។
លោក រ៉ាណេ ប្រធានក្រុមហ៊ុន ប្រាម៉ូស អ៊ែរ៉ូស្ប៉េស បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី បានដាក់គោលដៅសម្រេចឱ្យបាន ៥ ពាន់លានដុល្លារ ក្នុងការនាំចេញផលិផតលផ្នែកការពារជាតិនៅឆ្នាំ២០២៥។ លោក រ៉ាណេ សង្ឃឹមថា ក្រុមហ៊ុនរបស់លោកផ្ទាល់ក៏នឹងអាចឈានដល់គោលដៅ ៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥ផងដែរ។
កងកម្លាំងការពារជាតិរបស់ឥណ្ឌាបច្ចុប្បន្នកំពុងប្រើមីស៊ីលល្បឿនលឿនជាងសំឡេង ប្រាម៉ូស ដែលបាញ់ចេញពីលើដីទៅកាន់គោលដៅលើដី ហើយវាក៏អាចបាញ់ចេញពីលើដី ពីសមុទ្រ និងពីក្រោមសមុទ្របានផងដែរ៕
អត្ថបទ៖ សុខ ជា