បទវិភាគ៖ ជប៉ុនផ្តើមពង្រីកយោធា នៅចំពោះមុខការរះត្រដែតឡើង របស់ចិនក្នុងតំបន់!

តើមានសេណារីយ៉ូនៃការគំរាមកំហែងអ្វីខ្លះ ក្រៅពីបញ្ហាដ៏រសើបនៅកោះតៃវ៉ាន់ បានជំរុញឲ្យជប៉ុនផ្តើមងាកទៅពង្រីកវិស័យយោធាកាន់តែខ្លាំងក្លា?


យោងតាមមន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគសន្តិសុខជាតិជប៉ុន នៅចន្លោះពេលនៃការចាប់សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី ១៦ខែតុលាឆ្នាំ២០២២នេះ ទៅដល់សមាជលើកទី២១នៅឆ្នាំ ២០២៧ ខាងមុខ ប្រទេសជប៉ុននឹងធ្វើទំនើបកម្ម និងពង្រីកយោធាឲ្យដល់កម្រិតខ្លាំងក្លាបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ បើតាមអត្ថបទវិភាគដោយសារព័ត៌មានរ៉យទ័រ។
តើមានសេណារីយ៉ូនៃការគំរាមកំហែងអ្វីខ្លះ ក្រៅពីបញ្ហាដ៏រសើបនៅកោះតៃវ៉ាន់ បានជំរុញឲ្យជប៉ុនផ្តើមងាកទៅពង្រីកវិស័យយោធាកាន់តែខ្លាំងក្លា?

ការពង្រឹងផ្នែកយោធារបស់ជប៉ុននេះ គឺដើម្បីប្រណាំងប្រជែងទៅនឹងការរះត្រដែតឡើងនៃអនុត្តរភាពរបស់មហាអំណាចលេខ២ក្នុងលោក គឺចិន ដែលកំពុងរីកឥទ្ធិពលក្នុងតំបន់អាស៊ីបូព៌ាយ៉ាងខ្លាំងក្លា។

ពិតណាស់ ប្រទេសជប៉ុនបានកំណត់យកចិនជាសត្រូវប្រវត្តិសាស្រ្តនៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩របស់ខ្លួន ដោយព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងបំពានលើសណ្តាប់ធ្នាប់អន្តរជាតិនិងទន្រ្ទានយកកោះតៃវ៉ាន់ដោយកម្លាំង ដោយមើលឃើញពីការទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ចិន បានបង្កការគំរាមកំហែងដល់សន្តិសុខតំបន់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ អ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិបាននិយាយថា ក្រោយពីរុស្សីឈ្លានពានទៅលើអ៊ុយក្រែន បានធ្វើឲ្យមតិសាធារណៈជប៉ុនងើបស្ទុះឡើងក្នុងការជំរុញឲ្យមានការពង្រឹង និងពង្រីកវិស័យយោធានៅចំពោះការគំរាមគំហែងពីមហាយក្សចិន។

លោក Takashi Kawakami សាស្ត្រាចារ្យនៅសកលវិទ្យាល័យតាគូស្សូគូ (Takushoku) ក្នុងទីក្រុងតូក្យូ បាននិយាយថា រដ្ឋាភិបាលជប៉ុន «មានខ្យល់ជំរុញនៅពីក្រោយ ហើយខ្លួននឹងប្រើប្រាស់វាដើម្បីធ្វើអ្វីៗតាមដែលអាចធ្វើបាន» ដោយលោកចង់សំដៅទៅឆ្នាំ២០២៧ ជាពេលដែលសមតុល្យអំណាចក្នុងតំបន់អាស៊ីបូព៌ាអាចនឹងផ្អៀងទៅរកទីក្រុងប៉េកាំង នោះរដ្ឋាភិបាលជប៉ុនអាចប្រមូលផ្តុំការគាំទ្រសម្រាប់ការចំណាយលើវិស័យការពារជាតិកាន់តែច្រើន។

សម្រាប់ប្រទេសជប៉ុន ការបាត់បង់កោះតៃវ៉ាន់ដោយធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ចិនដីគោកអាចជាគ្រោះមហន្តរាយរបស់ខ្លួន ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូនសំខាន់ៗដែលផ្គត់ផ្គង់ប្រេងរបស់ប្រទេសជប៉ុនស្ទើរតែទាំងអស់ និងសម្ភារៈជាច្រើនដែលខ្លួនប្រើប្រាស់សម្រាប់ការផលិត ហើយដោយប្រកែកមិនបានឡើយ វាក៏នឹងផ្តល់ឱ្យកងទ័ពជើងទឹកចិនអាចក្រសោបយកសមុទ្រប៉ាស៊ីហ្វិកខាងលិចដោយពីចេញមូលដ្ឋាននៅលើកោះនេះផងដែរ។

ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសជប៉ុនកំពុងប្រើប្រទេសចិនជាលេសសម្រាប់ការកសាង ក៏ដូចជាពង្រីកយោធារបស់ខ្លួនហើយនាពេលនេះ។ ក្រសួងការបរទេសចិនបានប្រាប់សារទីភ្នាក់ងាររ៉យទ័រថា «កម្លាំងនយោបាយនៅក្នុងប្រទេសជប៉ុនបានប្រើប្រាស់ប្រទេសចិនម្តងហើយម្តងទៀតជាលេស ដើម្បីបំផ្លើសដោយចេតនាថា ជាអ្នកបង្កភាពតានតឹងក្នុងតំបន់តែម្តង»។

តើអ្វីជាសេណារីយ៉ូនៃការក្រសោបយកតៃវ៉ាន់ពីសំណាក់ប្រទេសចិន?

មែនទែនទៅ ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចដ៏ទន់ភ្លន់របស់ជប៉ុនជាមួយមហាយក្សចិន មានន័យថា ខ្លួនទំនងជាមិនប្តេជ្ញាការពារតៃវ៉ាន់ដោយផ្ទាល់នោះទេ។ ប៉ុន្តែជាមួយនឹងទឹកដីដែលនៅជិតបំផុតរបស់ប្រទេសជប៉ុនដែលមានចម្ងាយត្រឹមតែប្រហែល១៥០គីឡូម៉ែត្រពីកោះតៃវ៉ាន់នោះ វាអាចនឹងត្រូវទាញទីក្រុងតូក្យូឲ្យធ្លាក់ចូលទៅក្នុងជម្លោះជាមួយសត្រូវ ដែលមានទំហំយោធាធំជាង៤ដងនៃយោធារបស់ខ្លួនដែរ។

មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការពង្រីកយោធា បាននិយាយថា ប្រទេសចិនអាចព្យាយាមចាប់យកកោះរបស់ជប៉ុន នៅជិតកោះតៃវ៉ាន់ ដើម្បីបង្កើតការការពារដែនអាកាស និងការពារការវាយប្រហារតបតណាមួយ។ គួរជម្រាបថា មូលដ្ឋានយោធាជប៉ុន អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងមជ្ឈមណ្ឌលដឹកជញ្ជូនផ្សេងទៀតក៏អាចជាគោលដៅទាក់ទាញសម្រាប់ការវាយប្រហារដោយមីស៊ីលរបស់ចិនផងដែរ ព្រោះវានឹងក្លាយជាមូលដ្ឋានសម្រាប់កងកម្លាំងអាមេរិក ប្រសិនបើជម្លោះផ្ទុះឡើងនោះ។

លោក Yasuhiro Matsuda សាស្ត្រាចារ្យនយោបាយអន្តរជាតិនៅសាកលវិទ្យាល័យតូក្យូ និងជាអតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រសួងការពារជាតិជប៉ុនបាននិយាយថា ក្នុងការបង្កើតផែនការការពាររបស់ខ្លួន ប្រទេសជប៉ុនចាំបាច់ត្រូវពិចារណាលើសេណារីយ៉ូមួយ ដែលទីក្រុងវ៉ាស៊ីនតោននឹងមិនឆ្លើយតបចំពោះការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ នោះជប៉ុនត្រូវធ្វើបែបណា?

ក្រោយពីសង្គ្រាមឈ្លានពានដោយរុស្ស៊ីទៅលើអ៊ុយក្រែន បានបង្ហាញការស្ទង់មតិមួយ ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋជប៉ុន NHK ក្នុងខែនេះថា ៥៥% នៃមនុស្សជាង ១.២០០ នាក់ដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេបានគាំទ្រលើការចំណាយលើវិស័យការពារជាតិជប៉ុន បើធៀបនឹង ២៩% ដែលបានផ្ដល់មតិប្រឆាំង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនយោបាយក្នុងស្រុកបាននិយាយថា ការផ្តោតអារម្មណ៍របស់ជប៉ុនទៅលើប្រទេសចិនទំនងជាមិនមានការធ្លាក់ចុះនោះទេ បើទោះបីសត្រូវដ៏មានសក្តានុពលមួយទៀតរបស់ជប៉ុនគឺកូរ៉េខាងជើង បាននិងកំពុងដុតដៃដុតជើងក្នុងការសាកល្បងមីស៊ីលជាបន្តបន្ទាប់ក្តី ព្រោះបើតាមមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងស្វ័យការពារជប៉ុនបាននិយាយថា ប្រទេសជប៉ុនចង់ឱ្យកូរ៉េខាងត្បូងនាំមុខជាជន្ទល់ក្នុងការដោះស្រាយបញ្ហាកូរ៉ខាងជើង។

ដោយឡែក លោក Bonji Ohara សហការីជាន់ខ្ពស់នៅវិទ្យាស្ថានសន្តិភាព Sasakawa និងជាអតីតមន្ត្រីយោធានៅស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិនបាននិយាយថា «លោកមើលមិនឃើញពីសកម្មភាពរបស់កូរ៉េខាងជើងអាចនឹងនាំទៅរកការផ្លាស់ប្តូរដ៏សំខាន់ណាមួយឡើយ» សម្រាប់ជប៉ុនក្នុងការសម្លឹងមើលនៅចំពោះមុខការគំរាមគំហែងពីសំណាក់ប្រទេសចិន»។ ហើយសកម្មភាពចុងក្រោយរបស់កូរ៉េខាងជើងនេះក៏អាចជួយផងដែរ ក្នុងពង្រឹងការគាំទ្រមតិសាធារណៈនៃប្រជាជនជប៉ុនលើការពង្រីកយោធាខ្លួនឡើងវិញ៕




អត្ថបទបន្ទាប់


ការបញ្ជាទិញធ្លាក់ចុះជំរុញរោងចក្រភាគច្រើនកាត់បន្ថយការថែមម៉ោង កំពុងជះឥទ្ធិពលដល់ជីវភាពកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

ព័ត៌មាន
ក្រោយការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់កម្ពុជាពីសំណាក់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកមានការធ្លាក់ចុះបានជំរុញឲ្យរោងចក្រភា…

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាឥណ្ឌា-រុស្ស៊ីធំមួយរំពឹងចំណូល ៥ពាន់លានដុល្លារពីការនាំចេញមីស៊ីលលឿនជាងសំឡេងនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាឥណ្ឌា-រុស្ស៊ីដែលផលិតកាំជ្រួច មីស៊ីលល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរផងនោះ សង្ឃឹមថា នឹងទទួលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ