ឥណ្ឌូនេស៊ី

កត្តាអ្វីជំរុញឲ្យឥណ្ឌូនេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣% នៅឆ្នាំ២០២២ ជាអត្រាខ្ពស់ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ?


ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ដល់ទៅ ៥,៣% នៅឆ្នាំ២០២២ ជាកម្រិតកំណើនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមទិន្នន័យ បង្ហាញដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី។
កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ ២០២២

របាយការណ៍ដដែល បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នប្រទេសដែលមានទំហំ GDP សរុបប្រមាណជាង ១០០ពាន់លានដុល្លារអាមេរិកមួយនេះ កំពុងត្រឡប់ទៅលើផ្លូវនៃកម្រិតកំណើនសេដ្ឋកិច្ចនៅមុន កូវីដ១៩រាតត្បាតហើយ ខណៈដែលរដ្ឋាភិបាលបានលុបចោលនូវវិធានការរឹតត្បិតកូវីដ១៩ និងធ្វើឲ្យសកម្មភាពការធ្វើធុរកិច្ចវិលទៅរកកំណើនល្អប្រសើរឡើងវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។

អត្រាកំណើនផលិតផលក្នុងស្រុកនៅឆ្នាំ២០២២ របស់ឥណ្ឌូនេស៊ី បានឈានដល់កម្រិតកំណើនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកំណើននៅឆ្នាំ២០២១សម្រេចបានប្រមាណ ៣,៧%។ យ៉ាងណាមិញកម្រិតកំណើនដែលសម្រេបាន ៥,៣% នៅឆ្នាំ២០២២ ក៏ប្រហាក់ប្រហែលទៅនឹងការព្យាករកំណើនរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jokowi ផងដែរ។

ការប្រើប្រាស់ប្រចាំឆ្នាំរបស់ពលរដ្ឋនៅឆ្នាំ២០២២ ដែលមានចំណែកប្រហែលពាក់កណ្ដាលនៃ GDP របស់ឥណ្ឌូនេស៊ីនោះ បានកើនឡើងដល់ ប្រមាណ ៥% ធៀបនឹងឆ្នាំ២០២១មានត្រឹមតែជាង២%ប៉ុណ្ណោះ។ កំណើនការប្រើប្រាស់ក្នុងស្រុកនេះ កើតមានឡើងនៅក្រោយពេលស្ថានការណ៍កូវីដ១៩បានស្ងប់ស្ងាត់ អនុញ្ញាតឲ្យរដ្ឋាភិបាលបានដកការរឹតបន្ដឹងជាច្រើន។

លោក Margo Yuwono ប្រធានផ្នែកសិ្ថតិឥណ្ឌូនេស៊ី បានអះអាងថា ប្រភពនៃកំណើនពីការចំណាយ គឺបានមកពីការប្រើប្រាស់របស់គ្រួសារពលរដ្ឋឥណ្ឌូនេស៊ី ហើយថា ការធ្វើឲ្យប្រសើរឡើងនូវប្រាក់ចំណូលរបស់ពួកគេ បានជំរុញឲ្យការប្រើប្រាស់នៅក្នុងវិស័យដឹកជញ្ជូន ការទំនាក់ទំនង និងភោជនីយដ្ឋាន សណ្ឋាគារមានការកើនឡើងទៅតាមនោះដែរ។

ប្រទេសដែលពោរពេញទៅដោយធនធានធម្មជាតិមួយនេះ ក៏ជាអ្នកផ្គត់ផ្គង់ធ្យូងថ្មក្ដៅ ប្រេងដូង និងថ្មនីកែលដ៏ធំបំផុតផងដែរ ហើយក៏ជាអ្នកទាញបានប្រយោជន៍មិនតិចដែរ ពីការកើនឡើងថ្លៃទំនិញ នៅចំពេលដែលមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ ការនាំចេញរបស់ឥណ្ឌូនេស៊ី បានហក់ឡើងខ្ពស់បំផុតដល់ទៅជាង១៦% នៅក្នុងផ្នែកចំណាយ។ លោក Margo Yuwono ប្រធានផ្នែកសិ្ថតិឥណ្ឌូនេស៊ី អះអាងថា កំណើនទេសចរបរទេសដែលបានមកកម្សាន្ដនៅប្រទេសឥណ្ឌូនេស៊ី ក៏ជាកត្តាមួយជំរុញដល់កំណើននៅក្នុងសេវាកម្មនាំចេញផងដែរ។ ដោយឡែក កំណើនខ្ពស់បំផុតនៅក្នុងផ្នែកផលិតកម្ម គឺឧស្សាហកម្មដឹកជញ្ជូន និងការស្ដុកទុកទំនិញ មានកំណើនជិត២០%។

ធនាគារកណ្ដាលឥណ្ឌូនេស៊ី ក៏បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនៅឆ្នាំ២០២៣នេះ នឹងមានដល់ ៤,៥% ទៅ ៥,៣% ផងដែរ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីខែមករាធ្លាប់បានព្យាករថានឹងមានកំណើន ៤,៨%។

ទោះយ៉ាងណា សេដ្ឋវិទូខ្លះ បានរំពឹងទុកអំពីទស្សនទានអវិជ្ជមានចំពោះសេដ្ឋកិច្ចឥណ្ឌូនេស៊ីផងដែរ ដ្បិតថាសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងមានការធ្លាក់ចុះ និងសម្ពាធអតិផរណា។ តួយ៉ាង ការប្រើប្រាស់ ក៏នឹងអាចមានកំណើទាបដែរ ករណីអត្រាការប្រាក់បន្ដមានខ្ពស់ អាចជះឥទ្ធិពលដល់ឥរិយាបថអ្នកប្រើប្រាស់។ ទន្ទឹមគ្នានេះ ការវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានរំពឹងថា នឹងកើនយឺតដែរ ពិសេសការវិនិយោគមិនមែនសំណង់។ ក្នុងនោះ ការវិនិយោគផ្ទាល់ពីបរទេសក៏នឹងមានទំនោរធ្លាក់ចុះដែរ នៅក្នុងត្រីមាសមុនការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំក្រោយ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន នឹងចូលរួមប្រជុំតុមូលស្ដីអំពីបំណុល នៅប្រទេសឥណ្ឌាក្នុងខែនេះ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន នឹងចូលរួមប្រជុំក្នុងវេទិកាតុមូលមួយ ជាមួយនឹងប្រទេស ស្ថាប័នម្ចាស់បំណុល និងប្រទ…

វិស័យទេសចរណ៍ថៃកំពុងខ្វះខាតកម្លាំងពលកម្ម ចំពេលចំនួនភ្ញៀវទេសចរកើនឡើងវិញ

ព័ត៌មាន
ចាប់តាំងពីរដ្ឋាភិបាលថៃបានបើកប្រទេសឡើងវិញក្នុងខែកក្កដា ឆ្នាំ២០២២ មក ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១១ លាននាក់ លើសពីគោលដៅដែល អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ