ក្រុមមន្ត្រីឥណ្ឌាបាននិយាយថា ពួកគេកំពុងកំណត់គោលដៅលើការបំពានច្បាប់ និង បទប្បញ្ញត្តិជាក់លាក់លើក្រុមហ៊ុនផលិតស្មាតហ្វូន Oppo ដែលបានគេចវេះការបង់ពន្ធ ខណៈអ្នកជំនាញជាច្រើនបានមើលឃើញថា បញ្ហាជាច្រើនបានកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរបស់ចិនកាន់តែច្រើននាពេលនេះ ដោយពេលដែលក្រុមហ៊ុនស្មានហ្វូនរបស់ចិនកាន់តែច្រើន កំពុងគ្របដណ្តប់លើវិស័យផលិតស្មាតហ្វូនរបស់ឥណ្ឌា ក៏ដូចជាបញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុង New Delhi និងទីក្រុងប៉េកាំងផងដែរ។
គួរកត់សម្គាល់ថា ការប្រកាសទាក់ទងនឹងបញ្ហារបស់ក្រុមហ៊ុន Oppo ធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនផលិតទូរសព្ទចិនមួយទៀតឈ្មោះក្រុមហ៊ុន Vivo ត្រូវបានចោទប្រកាន់ពីបទផ្ញើប្រាក់ជិត ៩ពាន់លានដុល្លារទៅក្រៅប្រទេស ដើម្បីគេចវេះពីការបង់ពន្ធ។
ទីភ្នាក់ងារប្រឆាំងការរត់ពន្ធរបស់ប្រទេសឥណ្ឌាបានចោទប្រកាន់ថាក្រុមហ៊ុន Oppo ថា បានក្លែងបន្លំលើការលើកលែងពន្ធជាង ៣៧៥លានដុល្លារសម្រាប់ការនាំចូលទំនិញមួយចំនួនមកក្នុងប្រទេសឥណ្ឌា។
ទីភ្នាក់ងារនេះក៏បានបន្ថែមថា ក្រុមហ៊ុន Oppo ក៏បានគេចការបង់ពន្ធចំនួនជាង ១៧៥លានដុល្លារបន្ថែមទៀត ដោយផ្ទេរប្រាក់ទៅក្រៅប្រទេសក្រោមហេតុផលថា ជាថ្លៃសួយសារអាករ និងថ្លៃអាជ្ញាបណ្ណ។ ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនបានសារភាពនៅក្នុងសេចក្តីថ្លែងការណ៍មួយចំពោះការចេញរបាយការណ៍មិនត្រឹមត្រូវនៃទំនិញដែលបាននាំចូល ហើយក្រុមហ៊ុននេះបានអះអាងថា នឹងសងប្រាក់នៃពន្ធដែលជំពាក់វិញចំនួនជិត ៦០លានដុល្លារផងដែរ។
គួរបញ្ចាក់ថា ក្រុមហ៊ុនចិនចំនួនបួនគឺ ក្រុមហ៊ុន Oppo, Xiaomi, Vivo និង Realme រួមគ្នាបានកាន់កាប់ប្រហែល ៦០% នៃទីផ្សារស្មាតហ្វូនឥណ្ឌានៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះបើយោងតាម ទិន្នន័យទីផ្សាររបស់ក្រុមហ៊ុន Counterpoint Research៕