ឥណ្ឌាប្រាប់ឲ្យចិនជួយកាត់បន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ

ឥណ្ឌាប្រាប់ឲ្យចិនជួយកាត់បន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ នៅមុនកិច្ចពិភាក្សាតុមូលរវាងម្ចាស់បំណុលធំៗនៅសប្ដាហ៍នេះ


ប្រទេសឥណ្ឌា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ G20 នៅឆ្នាំនេះ បានចេញមកបញ្ជាក់ប្រាប់ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែកុម្ភៈថា ទីក្រុងប៉េកាំងត្រូវតែឈប់ធ្វើខ្លួនរាំងខ្ទប់ការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រក្នុងពិភពលោកតទៅទៀតទៅ និងត្រូវមានឆន្ទៈក្នុងការទទួលយកការខាតបង់ចំពោះប្រាក់កម្ចីដែលខ្លួនបានផ្ដល់ទៅឲ្យប្រទេសក្រីក្រទាំងនោះ។
មន្ត្រី IMF និយាយថា គោលបំណងនៃកិច្ចពិភាក្សាតុមូល នឹងផ្តោតសំខាន់លើការរកដំណោះស្រាយ ជារួមសម្រាប់ប្រទេសក្រីក្រ

ការចេញមុខមកទទូចទៅកាន់ប្រទេសចិនចំៗយ៉ាងដូច្នេះ ធ្វើឡើងនៅមុន៣ថ្ងៃប៉ុណ្ណោះ នៃការបើកកិច្ចពិភាក្សាតុមូលរវាងប្រទេស និងស្ថាប័នម្ចាស់បំណុលធំៗ ក្នុងការស្វែងរកដំណោះស្រាយបញ្ហបំណុលវណ្ឌកររបស់ប្រទេសកំពុងអភិវឌ្ឍនៅទូទាំងពិភពលោក។

លោក Amitabh Kant ប្រធាននៃក្រុមតំណាងរបស់ឥណ្ឌាសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ បានអះអាងនៅក្នុងសារព័ត៌មាន Bloomberg ថា ប្រទេសចិនត្រូវតែចេញមកមុខដោយបើកចំហ និងនិយាយអំពីបំណុលដែលប្រទេសក្រីក្រជំពាក់ខ្លួន និងរបៀបក្នុងការដោះស្រាយវា។ លោកបន្ថែមថា វាមិនអាចទៅរួចទេ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិកាត់បន្ថយបំណុល ហើយដោះស្រាយបំណុលដែលប្រទេសក្រីក្រជំពាក់ចិននោះ។ ប្រទេសម្ចាស់បំណុល គឺត្រូវតែមានការចូលរួមកាត់បន្ថយបំណុលសម្រាប់ប្រទេសក្រីក្រទាំងអស់គ្នា។

ទិន្នន័យពី IMF បង្ហាញថា មានប្រហែល ៦០% ទៅហើយនៃបណ្ដាប្រទេសចំណូលទាប កំពុងស្ថិតនៅក្នុងហានិភ័យខ្ពស់ នៃវិបត្តិបំណុល។ ដូច្នេះ ហើយវាជារឿងសំខាន់ណាស់ ដែលប្រទេសចិន ដែលជាម្ចាស់បំណុលទ្វេភាគីធំជាងគេបំផុត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នោះ ត្រូវចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីផ្ដល់ការសង្គ្រោះផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រទេសទាំងនោះ។ យ៉ាងណាមិញ បញ្ហាទាំងអស់នេះ គឺជាកិច្ចការបន្ទាន់មួយ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងប្រទេសឥណ្ឌា មានផែនការដើម្បីជួបប្រជុំគ្នាលើបញ្ហាបំណុលអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ។

បើតាមមន្ត្រីជាន់ខ្ពស់ IMF កិច្ចប្រជុំនេះ មិនមានបំណងពិភាក្សាអំពីបញ្ហារៀបចំរចនាសម្ព័ន្ធបំណុលសម្រាប់ប្រទេសណាមួយជាក់លាក់ណាមួយនោះទេ ពោលគឺគេនឹងរកដំដោះស្រាយបច្ចេកទេស ដែលមានប្រសិទ្ធភាពជារួមមួយ ដើម្បីឆ្លើយតបទៅ នឹងបញ្ហាដែលបន្ដអូសបន្លាយ និងឧបសគ្គសម្រាប់ការបន្ធូរបន្ថយបន្ទុកបំណុល។

យោងតាមប្រភពដដែល សមាសភាពអ្នកចូលរួមកិច្ចប្រជុំនេះរួមមាន មន្ត្រីមកពីប្រទេសម្ចាស់បំណុលដូចជា ប្រទេសចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងក្រុមប្រទេសប្រជាធិបតេយ្យទាំងប្រាំពីរផ្សេងទៀត។ លើសពីនេះ ប្រទេសសមាជិកនៃក្លឹបប៉ារីស ដែលជាម្ចាស់បំណុលពហុភាគីដ៏ធំ ក៏នឹងមានចូលរួមដែរ រួមជាមួយនឹងវត្តមាន វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ សមាគមទីផ្សារមូលធនអន្តរជាតិ និងម្ចាស់បំណុលផ្នែកឯកជនផ្សេងទៀត។ ហើយ ប្រទេសដែលជាប់បំណុលចំនួន៦ ដែលកំពុងស្វែងរកជំនួយ ឬធ្លាប់បានឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធបំណុលនាពេលកន្លងមកក៏នឹងមានវត្តមានផងដែរ។ កិច្ចប្រជុំនេះ នឹងរួមបញ្ចូលតំណាងមកពីប្រទេសចំនួន៣ ដែលធ្លាប់បានស្នើសុំការដោះស្រាយបំណុលក្រោមក្របខណ្ឌរៀបចំរចនាសម្ព័ន្ធទូទៅរបស់ក្រុមប្រទេស G20 ដូចជាប្រទេសអេត្យូពី ហ្សំប៊ី ហ្គាណា ក៏ដូចជាប្រទេសស្រីលង្កា ស៊ូរីណាម និងអេក្វាឌ័រផងដែរ។

សូមជម្រាបថា ប្រទេស ហ្សំប៊ី បានស្នើសុំការរៀបចំរចនាសម្ព័ន្ធបំណុលក្រោមដំណើរការរបស់ G20 តាំងពីជាងមួយឆ្នាំមុនមកម្លេះ ប៉ុន្តែសំណើរនេះត្រូវបានពន្យារពេលទៅវិញដោយសារប្រទេសម្ចាស់បំណុលធំ គឺប្រទេសចិន បានទទូចឲ្យអ្នកផ្តល់ប្រាក់កម្ចីពហុភាគីដូចជាធនាគារពិភពលោកជាដើម ត្រូវចូលរួមក្នុងកិច្ចប្រតិបត្តិការនេះដែរ ហើយប្រាប់ឲ្យធនាគារអភិវឌ្ឍន៍ពហុភាគី ត្រូវតែយល់ព្រមកាត់បន្ថយដើមបំណុលរួមគ្នាជាមួយទីក្រុងប៉េកាំងដែរ។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក អ្នកស្រី Janet Yellen បាននឹងកំពុងជំរុញឱ្យប្រទេសចិនចូលរួមសហការឲ្យបានលឿនជាងមុន ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ក៏ដូចជា ជំរុញឲ្យមានការជជែកពិភាក្សាអំពីបំណុលរបស់ប្រទេសជាក់លាក់ណាមួយ៕




អត្ថបទបន្ទាប់


តើច្បាប់របស់អាមេរិកហាមឃាត់ការនាំចូលផលិតផលពីតំបន់ស៊ីនជាំង កំពុងគំរាមកំហែងក្រុមហ៊ុននាំចេញវៀតណាមយ៉ាងណាខ្លះ?

ក្រុមហ៊ុនអ្នកនាំចេញទំនិញមានមូលដ្ឋាននៅប្រទេសវៀតណាម កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ពួកគេអាចធ្វើខុសនឹងច្បាប់របស់អាមេរិក ដែលបានហាមឃាត…

គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីលឿនបំផុតមួយ ដែលអាជីវករទាំងអស់មិនគួរមើលរំលង

បច្ចុប្បន្ន អាជីវករមួយចំនួនធំប្រើប្រាស់ដើមទុនមួយភាគ បានមកពីការសហការជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងៗ ដែលមាននៅក្នុងប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ