ឥណ្ឌានឹងផ្តល់នាវាចម្បាំងឱ្យវៀតណាម

ឥណ្ឌានឹងផ្តល់នាវាចម្បាំងឱ្យវៀតណាម ខណៈពេលប្រទេសទាំងពីរ រឹតចំណងទំនាក់ទំនងយោធាកាន់តែខ្លាំង


ឥណ្ឌាបាននិយាយកាលពីថ្ងៃទី ១៩ មិថុនា ថា ខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាមនូវនាវាចម្បាំងមួយគ្រឿង ដើម្បីរឹតចំណងការពារជាតិរវាងប្រទេសទាំងពីរ ដែលកំពុងចែករំលែកក្តីបារម្ភរួមគ្នាចំពោះមុខការពង្រីកឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែននៅភ្នំហិមាល័យរវាងឥណ្ឌាជាមួយនឹងមហាយក្សចិន។ នេះបើតាមការរចុះផ្សាយដោយសារព័ត៌មាន VOA។
ឥណ្ឌានិងវៀតណាមដែលព្រួយចិត្តនឹងកំណើនឥទ្ធិពលចិន រឹតចំណងយោធាជាមួយគ្នា

ការប្រកាសអំពីការផ្តល់ឱ្យវៀតណាមនូវនាវាចម្បាំងបំពាក់ដោយកាំជ្រួចប្រភេទ ក័រវេត អាយអិនអេស គៀរផេន (Corvette INS Kirpan) នេះ ធ្វើឡើងបន្ទាប់ពីមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក រ៉ាចណាថ សីងហ៍ (Rajnath Singh) ជាមួយលោក ផាង វ៉ាន យ៉ាង (Phan Van Gang) រដ្ឋមន្ត្រីការពារជាតិវៀតណាម នៅទីក្រុងញូដេលី។

រដ្ឋាភិបាលឥណ្ឌាបានអះអាងនៅក្នុងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់នាវាចម្បាំងឱ្យទីក្រុងហាណូយនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹកប្រជាជនវៀតណាម។ ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិវៀតណាមគឺដើម្បីរឹតចំណងយោធាជាមួយទីក្រុងញូដេលី។ ប្រមុខយោធាទាំងពីរបានពិភាក្សាគ្នាអំពីរបៀបធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឧស្សាហកម្មការពារជាតិប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវយោធា និងផលិតកម្មរួមគ្នា។

បើទោះបីជាប្រទេសឥណ្ឌានិងប្រទេសវៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០១៦ ក្តី ក៏ពួកគេមិនសូវមានកិច្ចសហប្រតិបត្តិការផ្នែកយោធាខ្លាំងប៉ុន្មានឡើយ។ ទើបតែឆ្នាំមុនទេ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាដ៏សំខាន់មួយ ស្តីពីភស្តុភារយោធា។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យប្រទេសពីរខិតចូលជិតគ្នាកាន់តែខ្លាំង និងចំពេលមានការគំរាមកំហែងរួមពីប្រទេសចិន។ ក្រោយកិច្ចព្រមព្រៀងភស្តុភារយោធា ប្រទេសទាំងពីរអាចប្រើប្រាស់មូលដ្ឋានរបស់គ្នាទៅវិញទៅមកសម្រាប់ការងារជួសជុល និងការបំពេញគ្រឿងផ្គត់ផ្គង់ឡើងវិញ ហើយសម្រួលឱ្យមានទស្សនកិច្ចទៅវិញទៅមករវាងនាវាចម្បាំង យន្តហោះយោធា និងបុគ្គលិកយោធារបស់ប្រទេសទាំងពីរ។ ឥណ្ឌាក៏បានផ្តល់នាវាការពារឆ្នេរល្បឿនលឿនចំនួន ១២ គ្រឿងដល់ប្រទេសវៀតណាមកាលពីខែមិថុនាឆ្នាំមុនដែរ ក្រោមឥណទាន១០០លានដុល្លាររបស់ឥណ្ឌា។

យ៉ាងណា លោក រ៉ាហុល បេឌី (Rahul Bedi) អ្នកវិភាគយោធាឯករាជ្យ បានថ្លែងថា នាវាចម្បាំង បំពាក់កាំជ្រួច Corvette INS Kirpan ដែលប្រកាសផ្តល់ឱ្យប្រទេសវៀតណាមកាលពីថ្ងៃចន្ទនោះ ជានាវាចម្បាំងខ្នាតតូច ប្រើដើម្បីការពារឆ្នេរសមុទ្រប៉ុណ្ណោះ មិនមែនសម្រាប់វាយប្រហារសត្រូវទេ។ តែលោកបានរំលឹកឡើងថា កាលពីប៉ុន្មានឆ្នាំមុន ឥណ្ឌាក៏បានស្នើលក់ប្រព័ន្ធមីស៊ីលលឿនជាងសម្លេង ដែលអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុកទៅឱ្យប្រទេសវៀតណាមដែរ ប៉ុន្តែការរីកចម្រើននៃកិច្ចព្រមព្រៀងនោះមានភាពយឺតយ៉ាវ។

គេហាក់មិនមានការភ្ញាក់ផ្អើលណាស់ណាទេ ដែលឥណ្ឌាប្រឹងកសាងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម ព្រោះវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងញូវដេលី ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងទប់ទល់សត្រូវយុទ្ធសាស្ត្ររួម។ ជាពិសេសនោះ ឥណ្ឌាមានជម្លោះព្រំដែនរ៉ាំរ៉ៃជាមួយប្រទេសចិននៅតាមព្រំដែននៃជួរភ្នំហិមាល័យ និងឈានទៅដល់ការប៉ះទង្គិចយ៉ាងក្តៅគគុកក្នុងរយៈបីឆ្នាំចុងក្រោយនេះ។ ឥណ្ឌាក៏មានការព្រួយផងដែរចំពោះការពង្រីកទីតាំងយោធាចិននៅក្បែរមហាសមុទ្រឥណ្ឌា បន្ទាប់ពីឃើញប្រទេសចិនបាននិងកំពុងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជិតខាងឥណ្ឌា ដូចជាស្រីលង្កា មីយ៉ាន់ម៉ា និងប៉ាគីស្ថានជាដើម។

ដោយឡែក នៅទីក្រុងហាណូយវិញ មានការព្រួយបារម្ភអំពីនាវាចម្បាំងរបស់ចិន និងនាវាស្រាវជ្រាវដែលជារឿយៗ តែងតែចូលមកក្នុងដែនសមុទ្រដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ កាលពីខែមុន វៀតណាមបានទាមទារឲ្យចិនដកកប៉ាល់អង្កេតការណ៍មួយ ដែលអមដោយនាវាឆ្មាំឆ្នេរសមុទ្រផ្សេងទៀត ចេញពីដែនទឹករបស់ខ្លួន៕




អត្ថបទបន្ទាប់


ថៃនឹងបង្ហាញអង្ករ ៣០ ប្រភេទ នៅឆ្នាំក្រោយ ដើម្បីលើកម្ពស់ភាពប្រកួតប្រជែងខាងនាំចេញអង្ករ

ប្រទេសថៃកំពុងធ្វើការដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញអង្កររបស់ខ្លួន ដោយពន្លឿនការអភិវឌ្ឍពូជស្រូវថ្មីដើម្បីបំពេញតម្រូវការទីផ្សារ និងប្ត…

តើកត្តាអ្វីខ្លះនឹងធ្វើឲ្យវៀតណាមអាចនឹងក្លាយជាប្រទេសផលិតគ្រឿងបង្គុំអេឡិចត្រូនិចឈានមុខគេមួយក្នុងតំបន់?

ទីផ្សារគ្រឿងបង្គុំអេឡិចត្រូនិច ដែលភាសាបច្ចេកទេសហៅថា semiconductors ក្នុងប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងក្នុងអត្រាកំណើនប្រចា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ