លោក ចៃសានកា (S. Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយនៅក្នុងពីធីបើកកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ ដែលបានប្រព្រឹត្តទៅនៅរដ្ឋហ្គ័រ ភាគខាងលិចនៃប្រទេសឥណ្ឌា ថា វិបត្តិជាសកលជាច្រើនបានធ្វើឱ្យខូចទំនុកចិត្តលើស្ថាប័នអន្តរជាតិ ខណៈពេលដែលអង្គការសហប្រតិបត្តិការសៀងហៃបានធ្វើដំណើរឆ្ពោះទៅរកការបន្ថែម«ដៃគូសន្ទនា»ថ្មី រួមទាំងមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធាផង។ លោកបានបន្តថា យើងជឿជាក់យ៉ាងមុតមាំថា វាមិនអាចមានហេតុផលសម្រាប់ភេរវកម្មទេ ហើយវាត្រូវតែត្រូវបានបញ្ឈប់ក្នុងគ្រប់ទម្រង់និងសកម្មភាពរបស់វា រួមទាំងអំពើភេរវកម្មឆ្លងដែនផងដែរ។
គេមិនជាមានការសង្ស័យទេថា ការលើកឡើងអំពីភារវកម្មដោយម្ចាស់ផ្ទះឥណ្ឌាសនេះជាការសាចទឹកដាក់ប៉ាគីស្ថាន ដែលជាសមាជិកនៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃមួយដែរ ហើយដែលបានបញ្ជូនរដ្ឋមន្ត្រីការ បរទេស ប៊ីឡាវ៉ាល ប៊ុតតូ ហ្សាដារី (Bilawal Bhutto Zardari) ឱ្យមកចូលរួម។ ទីក្រុងញូដេលីតែងតែស្តីបន្ទោសទីក្រុងអីស្លាម៉ាបាដចំពោះ ការ ឧបត្ថម្ភ ដល់ ភេរវកម្ម ឆ្លង ព្រំដែន នៅ តំបន់ព្រំដែននៃរដ្ឋកាស្មៀ ដែល ជាប្រភពនៃភាព តានតឹង នេះយូរណាស់មកហើយរវាង ប្រទេស ជិត ខាង ទាំងពីរដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ។
អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដឹកនាំដោយប្រទេសចិន ដែលរៀបចំនៅឆ្នាំនេះដោយប្រទេសឥណ្ឌាជាលើកដំបូង មានទាំងសមាជិកដែលឆ្គាំឆ្គងមួយចំនួន។ ក្រៅពីប្រទេសប៉ាគីស្ថាន ទីក្រុងញូវដែលីក៏មានជម្លោះជាមួយទីក្រុងប៉េកាំងនៅតាមព្រំដែនហិមាល័យរបស់ពួកគេដែរ។ កងកម្លាំងរបស់ប្រទេសទាំងពីរបានប្រយុទ្ធគ្នាដោយដៃដ៏សាហាវនៅឆ្នាំ ២០២០ ។
បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង (Qin Gang) កាលពីថ្ងៃព្រហស្បតិ៍ លោក ចៃសានការ បានបង្ហោះសារលើនៅធ្វីតធើដោយសរសេរថា រូបលោកនិងលោក ឈីន បានពិភាក្សាលម្អិតអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោត លើ ការ ដោះស្រាយ បញ្ហា ដែល លេចធ្លោ និង ធានា នូវ សន្តិភាព និង ភាព ស្ងប់ស្ងាត់ នៅ តាម តំបន់ ព្រំដែន ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ នៅថ្ងៃសុក្របានដកស្រង់សម្តីលោក ឈីន ដែលបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីឥណ្ឌាថា ចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាលើបញ្ហាអន្តរជាតិនិងតំបន់។
នៅក្នុងជំនួបនៅរដ្ឋហ្គរនោះដែរ គេកត់សម្គាល់ឃើញថា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានចូលរួមដោយផ្ទាល់ក្រោយពីអវត្តមានជាងមួយទសវត្សន៍។ លោក ហ្សាដារី រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានប្រាប់សមាជិកនៃអង្គការប្រតិបត្តិការសៀងហៃនៅថ្ងៃសុក្រនោះថា វត្តមានរបស់លោកនៅក្នុងរដ្ឋហ្គរ គឺជាការចង្អុលបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ប៉ាគីស្ថាននៅក្នុងអង្គការនេះ។ ចំពោះ អំពើ ភេរវកម្ម វិញ លោក បាន និយាយ ថា ៖ « សូមកុំយក អំពើ ភេរវកម្មធ្វើជាលេសសម្រាប់ ដាក់ពិន្ទុ ការទូតអី។»។
លោក ហ្សាដារី បានបញ្ជាក់ក្នុងសម្ដីផ្ទាល់ថា៖ «ខ្ញុំ និងប្រទេសរបស់ខ្ញុំ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងធ្វើជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់និងជាសកល ក្នុងការលុបបំបាត់ការគំរាមកំហែងនេះ។» នេះបើយោងតាមអត្ថបទនៃការកត់សម្គាល់របស់គាត់ដែលបានផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសប៉ាគីស្ថាន។
សូមរំលឹកថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃក្នុងឆ្នាំ ២០០១ ដោយប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ នៅឆ្នាំ ២០១៧ ឥណ្ឌានិងប៉ាគីស្ថានត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្នុងការពង្រីកអង្គការនេះជាលើកដំបូង។
នៅខាងក្រៅកិច្ចប្រជុំនៅសប្តាហ៍នេះ អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាលើការផ្តល់ឋានៈជាដៃគូសន្ទនារបស់អង្គការ SCO ទៅប្រទេសគុយវ៉ែត ម៉ាល់ឌីវ មីយ៉ាន់ម៉ា និងអេមីរ៉ាតអារ៉ាប់រួម។ ឋានៈជាដៃគូសន្ទនានេះនឹងអនុញ្ញាតឱ្យប្រទេសទាំងនេះចូលរួមក្នុងព្រឹត្តិការណ៍ SCO តាមការអញ្ជើញរបស់រដ្ឋជាសមាជិក។ អង្គការសហប្រតិបត្តិការសៀងហៃមានដៃគូចំនួនប្រាំមួយផ្សេងទៀត ដូចជាអាមេនី អាស៊ែបៃហ្សង់ កម្ពុជា នេប៉ាល់ ស្រីលង្កា និងទួរគី ខណៈដែលប្រទេសដើរតួជាអ្នកសង្កេតការណ៍មានចំនួន៤គឺ អាហ្វហ្គានីស្ថាន បេឡារុស អ៊ីរ៉ង់ និងម៉ុងហ្គោលី៕