សកម្មភាពរបស់ក្រុមហ៊ុន ហ្គូ ហ្វើស្ត៍ បានបង្ហាញពីការក្ស័យធនរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏សំខាន់មួយជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍ ជែត អ៊ែរវ៉េស៍ (Jet Airways) បានដាក់ពាក្យសុំក្ស័យធនក្នុងឆ្នាំ ២០១៩។ វាក៏គូសបញ្ជាក់អំពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងវិស័យដែលគ្របដណ្ដប់ដោយក្រុមហ៊ុន អ៊ិនឌីហ្គូ (IndiGo) និងអំពីការច្របាច់បញ្ចូលគ្នានាពេលថ្មីៗនេះរបស់ក្រុមហ៊ុន អ៊ែរ ឥណ្ឌា (Air India) និងក្រុមហ៊ុន វីស្តារ៉ា (Vistara) ដែលស្ថិតនៅក្រោមដំបូលនៃក្រុមហ៊ុនពហុផលិតផល តាតា (Tata)។
បំណុលសរុបរបស់ក្រុហ៊ុន ហ្គូ ហ្វើស្ត៍ ដែលជំពាក់ម្ចាស់បំណុលហិរញ្ញវត្ថុមានចំនួនប្រហែលជិត ៨០០ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ២៨ ខែមេសា។ នេះបើតាមសំណេរដែលក្រុមហ៊ុននេះបានសរសេរនៅក្នុងឯកសារសុំក្ស័យធនដាក់ទៅតុលាការ។
ក្រុមហ៊ុននេះមិនបានខកខានសងបំណុលណាមួយឡើយគិតត្រឹមថ្ងៃទី៣០ ខែមេសា ប៉ុន្តែមិនបានទូទាត់ប្រាក់ទៅឱ្យម្ចាស់បំណុលលើផ្នែកប្រតិបត្តិការ ក្នុងនោះមានទាំងទឹកប្រាក់ចំនួនជាង ១៤៦ លានដុល្លារដែលត្រូវសងទៅក្រុមហ៊ុនផ្គត់ផ្គង់នានា និងប្រាក់ចំនួនជាង ៣២៥ លានដុល្លារទៀតដែលត្រូវសងទៅក្រុមហ៊ុនរកស៊ីជួលយន្តហោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន ហ្គូ ហ្វើស្តិ៍ បាននិយាយថា ការដាក់ពាក្យសុំក្ស័យធនរបស់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ប៉្រាត អែន វីតនី ដែលជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនូវម៉ាស៊ីនយន្តហោះ អ៊ែប៊ឹស អេ៣២០ ជំនាន់ថ្មី បានប្រកែកមិនអនុវត្តតាមបញ្ជាអាជ្ញាកណ្តាលដែលតម្រូវឱ្យបញ្ចេញម៉ាស៊ីនជួលទុកបម្រុងដែលនឹងអាចធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះធ្វើប្រតិបត្តិការបានពេញលេញឡើងវិញ។
ក្រុមហ៊ុន ហ្គូ ហ្វើស្តិ៍ បាននិយាយថា ដោយសារកំហុសបច្ចេកទេសម៉ាស៊ីនយន្តហោះដែលខ្លួនបានទិញពីក្រុមហ៊ុន ប្រ៉ាត អែន វីតនី ទើបធ្វើឱ្យចំនួនយន្តហោះរបស់ខ្លួនដែលផ្អាកការហោះហើរ បានកើនឡើងពី ៧% កាលពីខែធ្នូ ឆ្នាំ២០១៩ ដល់ ៥០% នៅខែធ្នូ ឆ្នាំ ២០២២។ ស្ថានការណ៍នេះបានបណ្ដាលឱ្យក្រុមហ៊ុន ហ្គូ ហ្វើស្តិ៍ ខាតបង់ប្រាក់ចំណូលចំនួនជាង ១ ពាន់ ៣ រយលានដុល្លារ៕