ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា អ៊ិនឌីហ្គូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះថ្មីនេះនឹងត្រូវប្រគល់ឱ្យឥណ្ឌានៅចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥ ហើយថាក្រុមហ៊ុននេះក៏កំពុងរង់ចាំការប្រគល់យន្តហោះដែលបានបញ្ជាទិញកាលពីមុនចំនួន ៤៨០ គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះរបស់បារាំងនៅត្រឹមចុងទសវត្សរ៍នេះផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន IndiGo កំពុងធ្វើប្រតិបត្តិការជាមួយយន្តហោះ Airbus ចំនួន ៣០០ គ្រឿង។
នាយកប្រតិបត្តិក្រុមហ៊ុនអ៊ិនឌីហ្គូ លោក ភីធឺ អែលប៊ឺស (Pieter Elbers) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាពិបាកនឹងបង្ហាញអំពីសារៈសំខាន់នៃការបញ្ជាទិញថ្មីជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន IndiGo នូវយន្តហោះក្នុងត្រកូល Airbus A320 ចំនួន ៥០០ គ្រឿងនេះខ្លាំងណាស់។ ទោះយ៉ាងណា ការបញ្ជាទិញយន្តហោះសរុបជិត ១ ពាន់គ្រឿងនេះ អាចធ្វើឱ្យក្រុមហ៊ុន អ៊ិនឌីហ្កុ សម្រេចបេសកកម្មរបស់ខ្លួនក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ច ទំនាក់ទំនងសង្គម និងការដើរហើរនៅក្នុងប្រទេសឥណ្ឌា។
ការបញ្ជាទិញយន្តហោះថ្មីដោយចំណាយថវិកាជាច្រើនពាន់លានដុល្លារ បានធ្វើឡើងនៅចំពេលមានការប្រកួតប្រជែងកើនឡើងនៅក្នុងវិស័យអាកាសចរណ៍នៅប្រទេសឥណ្ឌា ដោយគេរំពឹងទុកថានឹងមានកំណើនក្នុងការធ្វើដំណើរ។
ក្រៅពីក្រុមហ៊ុន អ៊ិនឌីហ្គូ ក៏នៅមានក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយចំនួនទៀត ដែលបានបញ្ជាទិញយន្តហោះបន្ថែមទៀតសម្រាប់ប្រតិបត្តិការជើងហោះហើររបស់ពួកគេផងដែរ។ កាលពីខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អ៊ិនឌៀ (Air India) បានបញ្ជាទិញយន្តហោះចំនួន ៤៧០ គ្រឿងពីក្រុមហ៊ុន ប៊ូអ៊ីង (Boeing) និងពីក្រុមហ៊ុនអ៊ែរប៊ឹស រួមទាំងយន្តហោះប្រតិកម្មខ្នាតធំចំនួន ៧០ ផងដែរ សម្រាប់ប្រតិបត្តិការជើងហោះហើរអន្តរជាតិចម្ងាយឆ្ងាយ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ ខំផាទ្រីយ៉ូត អាកាសា (Compatriot Akasa) ដែលទើបចាប់ផ្តើមប្រតិបត្តិការក្នុងខែសីហា និងចាប់ផ្តើមជើងហោះហើរអន្តរជាតិនៅឆ្នាំនេះ បាននិយាយថា ខ្លួននឹងបញ្ជាទិញយន្តហោះថ្មីរាប់រយគ្រឿងទៀត បន្ថែមពីលើការបញ្ជាទិញដែលមានស្រាប់ចំនួន ៧២ គ្រឿងពីក្រុមហ៊ុនប៊ូអ៊ីង។
ប្រជាជាតិអាស៊ីខាងត្បូងមួយនេះបានជែងប្រទេសចិន ក្នុងការក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ហើយនឹងត្រៀមខ្លួនក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣នៅចុងទសវត្សរ៍នេះ។ មជ្ឈមណ្ឌលអាកាសចរណ៍ឥណ្ឌាបានប៉ាន់ប្រមាណថា ចរាចរណ៍ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ឥណ្ឌានឹងកើនឡើង ២០% ក្នុងឆ្នាំសារពើពន្ធ២០២៤ ដោយមានកំណើនអ្នកដំណើរដល់ ១៦០ លាននាក់ ខណៈដែលចរាចរណ៍អន្តរជាតិអាចកើនឡើង ២៧% គឺដល់ ៧៥ លាននាក់។
ដើម្បីឆ្លើយតបនឹងកំណើននេះ រដ្ឋាភិបាលឥណ្ឌាបានត្រៀមទុកថវិកាចំនួន ១១,៨ ពាន់លានដុល្លារសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មី និងកាន់តែទំនើប ក្នុងក្ដីសង្ឃឹមថានឹងបង្កើនចំនួនអាកាសយានដ្ឋាននៅទូទាំងប្រទេសពី១៤០កន្លែងដល់២២០កន្លែង នៅឆ្នាំ២០២៥៕