ជំនួបទល់មុខគ្នាលើកដំបូងថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច IPEF រយៈពេល២ថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា ដោយកំណត់យកសសរស្តម្ភ៤ ជារបៀបវិរនៃកិច្ចប្រជុំ។ សសរស្តម្ភទាំង៤រួមមាន ការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌ជាមួយនឹងភាពធន់, ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់, ការកាត់បន្ថយឧស្ម័នពុលដោយប្រើប្រាស់ថាមពលស្អាត និង ហេដ្ឋារចនាសម្ព័ន្ធ-ពន្ធ និងការប្រឆាំងអំពើពុករលួយ។
ក្នុងចំណោមសសរស្តម្ភទាំង៤ខាងលើ គេមិនឃើញមានការបញ្ចូលនូវកិច្ចពិភពាក្សាអំពីការលុប ឬកាត់បន្ថយរនាំងពន្ធសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិកទាំង១៤នៃក្របខណ្ឌសេដ្ឋកិច្ចនោះទេ។ ប្រការនេះក៏ដោយសារតែ IPEF មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការឡើយ តែវាជាក្របខណ្ឌចងសម្ព័ន្ធនៃដៃគូរពាណិជ្ជកម្មប៉ុណ្ណោះ។
ជាក់ស្តែង រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Gina Raimondo និងតំណាងពាណិជ្ជកម្ម អាមេរិកលោកស្រី Katherine Tai ដែលធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ បានប្រកាសពីគំនិតផ្តួចផ្តើមបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗដោយផ្តោតលើស្ត្រីនៅក្នុងទីផ្សារឥណ្ឌូប៉ាស៊ីហ្វិក ដែលអាមេរិកមើលឃើញថាកំពុងមានការរីកចម្រើន។
គំនិតផ្តួចផ្តើមបណ្តុះបណ្តាលជំនាញឌីជីថលដល់ស្រ្តីនេះ ត្រូវបានគាំទ្រ និងបង្ហាញការប្តេជ្ញាចិត្តពីក្រុមហ៊ុនអាមេរិកចំនួន១៤ក្រុមហ៊ុន ក្នុងនោះក៏មានដែរក្រុមហ៊ុនគ្រាក់ៗដូចជា ក្រុមហ៊ុន Amazon Apple Google និង Microsoft ដើម្បីផ្តល់ឱកាសបណ្តុះបណ្តាល និងអប់រំ ដល់ស្រ្តីប្រហែល ៧លាននាក់ សម្រាប់រយៈពេល១០ឆ្នាំ។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិក កម្មវិធីនេះនឹងផ្តោតភាគច្រើនលើស្រ្តីនៅក្នុងប្រទេស ប្រ៊ុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។
គួរជម្រាបថា នេះគ្រាន់តែជាលទ្ធផលខ្លះពីកិច្ចប្រជុំក្នុងថ្ងៃទីមួយប៉ុណ្ណោះ។ អំឡុងពេលនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ ប្រទេសសមាជិករំពឹងថានឹងព្រមព្រៀងគ្នាកែលម្អលើការចែករំលែកព័ត៌មាន និងបង្កើតប្រព័ន្ធរួមមួយដែលអនុញ្ញាតឱ្យ ចែករំលែកឧបករណ៍អេឡិចត្រូនិក បន្ទះឈីប ផលិតផលវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗជាច្រើនផ្សេងទៀត ក្នុងករណីមានគ្រោះអាសន្នលក្ខណៈអន្តរជាតិកើតឡើង ដូចជាជម្លោះយោធា និងរោគរាតត្បាតសកល៕