អាមេរិកជាអ្នកជួយគាំទ្ររចនាសម្ព័ន្ធបំណុលស្រីលង្កា

អាមេរិកចេញមុខគាំទ្រស្រីលង្ការៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រីចេនេត យេលេន (Janet Yellen) បាននិយាយនៅក្នុងលិខិតមួយ ដែលត្រូវបានឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា សហរដ្ឋអាមេរិកនឹងគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃបំណុលរបស់ប្រទេសស្រីលង្កា និងពង្រីកការធានាផ្នែកហិរញ្ញវត្ថុដល់ប្រទេសកោះដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមួយនេះផងដែរ។
អាមេរិកជាអ្នកជួយគាំទ្ររចនាសម្ព័ន្ធបំណុលស្រីលង្កា

ការអះអាង​របស់អាមេរិកនេះ គឺធ្វើឡើង​នៅក្រោយពេល​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ​បានយល់ព្រម​​បើកភ្លើងខៀវ​ក្នុងការផ្ដល់កម្ចីជិត​៣ពាន់លានដុល្លារបន្ថែមដល់ប្រទេសស្រីលង្កា ប៉ុន្តែ ទាមទារ​ឲ្យរដ្ឋាភិបាល​ប្រទេសនេះ​ត្រូវចរចា​ជាមួយម្ចាស់បំណុល​របស់ពួកគេ​ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលជាមុនសិន។

ក្រោយពីបានពុះពារងើបចេញពី​វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន​ជាង៧ទសវត្សរ៍មកនេះ នៅទីបំផុតប្រទេសស្រីលង្ការ ដែលមានប្រជាជនជាង២២លាននាក់នេះ បានសម្រេចឈានដល់កិច្ចព្រមព្រៀងបឋមកាលពីសប្តាហ៍មុន ជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ប្រាក់កម្ចីប្រហែល​២ពាន់៩រយលានដុល្លារ។ ប៉ុន្ដែ កិច្ចព្រមព្រៀងបឋមនេះ គ្រាន់តែជាការបើកផ្លូវ​សម្រាប់​ឲ្យស្រីលង្កាប៉ុណ្ណោះ ហើយដើម្បីទទួលបានកម្ចីនេះ ស្រីលង្កាត្រូវការធ្វើកិច្ចការជាច្រើនទៀត ពិសេស​ត្រូវបញ្ចុះបញ្ចូលឲ្យប្រទេសម្ចាស់បំណុលយល់ព្រម​​រៀបចំរចនាសម្ព័ន្ធបំណុល​ឡើងវិញផងដែរ។

ជុំវិញបញ្ហានេះ លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយនៅក្នុងលិខិតមួយ​កាលពីថ្ងៃអង្គារ ទី ៦ សីហា ថា «សហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់​បំណុល​មួយរបស់ស្រីលង្កា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសនេះ»។ ការលើកឡើងរបស់អាមេរិកនេះ គឺធ្វើឡើង បន្ទាប់ពីប្រទេសជប៉ុនដែលជាម្ចាស់បំណុលដ៏ធំ​របស់ស្រីលង្កាដែរនោះ ​កាលពីពេលថ្មីៗនេះ ក៏ទើបតែបាន​​អះអាងថា នឹងជួយបើក​កិច្ចពិភាក្សា​ជាមួយ​ប្រទេសម្ចាស់បំណុលផ្សេងទៀត ដើម្បីស្វែងរក​ការព្រមព្រៀងឲ្យស្រីលង្កា​រៀបចំរចនាសម្ព័ន្ធបំណុល​របស់ខ្លួនផងដែរ។

លោកស្រី Yellen បានបន្ថែមថា ដើម្បីគាំទ្រកិច្ចពិភាក្សារបស់ប្រទេសស្រីលង្កាជាមួយ​អង្គការ IMF នោះ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងចូលរួមជាមួយភ្នាក់ងារ​ម្ចាស់កម្ចីផ្សេង​ទៀត​របស់ប្រទេសនេះ គឺធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។

មែនទែនទៅ ភាពចលាចលផ្នែកហិរញ្ញវត្ថុរបស់ប្រទសស្រីលង្កា បានផ្ទុះឡើងចំពេលនៃការរាតត្បាតជំងឺកូវីត​១៩ ក្នុងប្រទេស រួមផ្សំនឹងរដ្ឋាភិបាលគ្មានសមត្ថភាពគ្រប់គ្រងវិស័យសេដ្ឋកិច្ច បានបណ្តាលឲ្យប្រទេសដែលពឹងផ្នែកខ្លាំងលើវិស័យទេសចរណ៍មួយនេះ មានការក្ស័យធនផ្នែកសេដ្ឋកិច្ចតែម្តង។

ទន្ទឹមនឹងនេះ ប្រជាជនស្រីលង្កាបាននឹងកំពុងជួបបញ្ហា​ខ្វះខាត​ប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាច្រើនខែមកហើយ ដែលកាលពីខែមុនបានធ្វើឲ្យមាន​ការផ្ទុះការតវ៉ាទម្លាក់រដ្ឋាភិបាលដឹកនាំដោយអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ដែលអសមត្ថភាព​គ្រប់គ្រងស្ថានការ និងបានលាលែងតំណែងនាពេលក្រោយមកទៀតតែម្តង។

ក្នុងនោះដែរ សមាជិកសភាស្រីលង្កាមិនតិចទេ បានប្រឈមមុខ​នឹងការតស៊ូយ៉ាងខ្លាំងក្លា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ដែលត្រូវបានរងគ្រោះដោយ​អតិផរណាកើនខ្ពស់​មិនធ្លាប់មាន ដែលមកទល់នឹងពេលនេះបានកើនដល់៦៥%ហើយ។

បើទោះបីជាពេលនេះ ស្រីលង្កាទទួលបានភ្លើងខៀវពីអាមេរិក និងជប៉ុន​ក្នុងការឈានទៅរក​ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញក្ដី ប៉ុន្ដែ គេសង្កេតឃើញថា ប្រទេសម្ចាស់បំណុលធំៗដទៃទៀត​របស់ប្រទេសនេះ រួមមានដូចជាប្រទេសចិន និងឥណ្ឌា ជាដើម​នៅមិនទាន់​មានការបញ្ជាក់​យល់ព្រម​នៅឡើយទេ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងកំណត់ចេញថវិកា១១៥ពាន់លានដុល្លារ សម្រាប់ផែនការកាត់បន្ថយតម្លៃថាមពលកំពុងកើនខ្ពស់

ព័ត៌មាន
ទើបតែឡើងមកកាន់តំណែងបានតែប៉ុន្មានថ្ងៃ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss នៅថ្ងៃទី ៨ ខែកញ្ញានេះ បានប្រកាសឡើងពីផែនការនឹងកាត…

ក្រុមហ៊ុនរថយន្ដតូយ៉ូតា បោះទុន៣៦លានដុល្លារបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដនៅកម្ពុជា

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅតំបន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ