
ប្រទេសកាណាដា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌូនេស៊ី ដើម្បីលុបបំបាត់ ឬកាត់បន្ថយពន្ធលើការនាំចេញជាង៩៥% របស់ទីក្រុងអូតាវ៉ា មកកាន់ទីផ្សារធំបំផុតរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កាណាដានេះធ្វើឡើងចំពេលមានភាពចលាចលសេដ្ឋកិច្ចជាសកលកាន់តែខ្លាំង ដោយសារគោលនយោបាយគាំពារនិយមរបស់សហរដ្ឋអាម៉េរិក។
នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ចាត់ទុកការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ វាកើតឡើងចំពេលដ៏ត្រឹមត្រូវ ខណៈឥណ្ឌូនេស៊ី ជាទីផ្សារនាំចេញធំបំផុតរបស់កាណាដា នៅតំបន់អាស៊ីអាគ្នេយ៍។ ការនាំចេញរបស់កាណាដា ភាគច្រើន រួមមាន ស្រូវសាលី ប៉ូតាស ឈើ និងសណ្តែក។
ចំណែកប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានចាត់ទុកកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលលោកមកបំពេញទស្សនកិច្ចនៅកណាដានេះជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ហើយវាក៏ជាកិច្ចព្រមព្រៀងលើកដំបូងរវាងកាណាដា ជាមួយប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
កិច្ចព្រមព្រៀងខាងលើនេះបានជួយលុបបំបាត់ពន្ធជាង៩០% លើការនាំចូលរបស់ប្រទេសឥណ្ឌូនេស៊ី ដែលផ្ដល់ជាប្រយោជន៍ដល់ការនាំចេញសម្លៀកបំពាក់ និងផលិតផលស្បែកជើងរបស់ឥណ្ឌូនេស៊ី ទៅកាន់ទីផ្សារអាម៉េរិកខាងជើងមួយនេះ៕
ដោយ៖ សុខ មង្គល