ការនាំចេញរ៉ែបុកស៊ីត

ឥណ្ឌូនេស៊ីហាមឃាត់ការនាំចេញរ៉ែបុកស៊ីតនៅឆ្នាំក្រោយ ខណៈចិនអាចរងផលប៉ះពាល់ខ្លាំង


ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃពុធ ទី២១ ខែធ្នូបានប្រកាសពីការហាមឃាត់ការនាំចេញរ៉ែមួយប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស នោះគឺ រ៉ែបុកស៊ីត (bauxite) ដែលជាសារធាតុដ៏សំខាន់សម្រាប់ការផលិតអាលុយមីញ៉ូម។ ការហាមឃាត់នេះ គឺធ្វើឡើង ស្របទៅនឹងគោលជំហររបស់លោកចូកូ ក្នុងការជំរុញបង្កើនការអភិវឌ្ឍឧស្សាហកម្មចម្រាញ់ និងកែច្នៃរ៉ែក្នុងស្រុក ហើយអ្នកដែលរងគ្រោះខ្លាំងបំផុតដោយសារវិធានការនេះទំនងអាចជាប្រទេសចិនតែម្ដង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ឥណ្ឌូនេស៊ីហាមឃាត់ការនាំចេញរ៉ែបុកស៊ីតនៅឆ្នាំក្រោយ
ដោយ

លោកប្រធានាធិបតីលោក វីដូដូ បានប្រកាសពីគោលនយោបាយនេះនៅវិមានរដ្ឋាភិបាលក្នុងរដ្ឋធានីហ្សាកាតាថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្តេជ្ញាបន្តការកសាងអធិបតេយ្យភាពនៅក្នុងវិស័យធនធានធម្មជាតិរបស់ពួកគេ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក ដើម្បីបង្កើតការងារឱ្យបានច្រើនតាមតែអាចធ្វើទៅបាន បង្កើនទុនបម្រុងអន្តរជាតិ និងបង្កើតឱ្យមានកំណើនសេដ្ឋកិច្ចផងដែរ។

លោក វីដូដូ បាននិយាយថា ការហាមប្រាមការនាំចេញរ៉ែបុកស៊ីត ដែលជាប្រភពធនធានសំខាន់សម្រាប់ផលិតអាលុយមីញ៉ូមរបស់ពិភពលោកនេះ នឹងចូលជាធរមាននៅខែមិថុនាឆ្នាំក្រោយនេះ ហើយលោកបានរំពឹងថា វិធានការនេះនឹងបង្កើនតម្លៃនៃការនាំចេញសារធាតុបុកស៊ីតរបស់ប្រទេសនេះពីចន្លោះប្រហែលជាង ១,៣ ពាន់លានដុល្លារដល់ជិត ៤ ពាន់លានដុល្លារ។

អាលុយមីញ៉ូម ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការផលិតសម្ភារៈផ្ទះបាយ ស៊ុមបង្អួច គ្រឿងសំណង់ យន្តហោះ និងផលិតផលជាច្រើនផ្សេងទៀត។ ឥណ្ឌូនេស៊ី គឺជាប្រទេសផលិតសារធាតុបុកស៊ីតធំជាងគេទីប្រាំក្នុងពិភពលោកក្នុងឆ្នាំ២០២០ ហើយមានធនធាននេះបម្រុងច្រើនបំផុតទី៦ក្នុងពិភពលោក។ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក។

ប្រទេសចិន គឺជាប្រទេសនាំចូលរ៉ែបុកស៊ីត ដ៏ធំបំផុតតែមួយគត់របស់ឥណ្ឌូនេស៊ីនៅជាច្រើនឆ្នាំមកនេះ ដោយកាលពីឆ្នាំ២០១៤ ការនាំចេញទៅចិនមានដល់ទៅ ៩៩% នៃការនាំចេញរ៉ែបុកស៊ីតសរុបរបស់ឥណ្ឌូនេស៊ី។ បើទោះបីជា ប្រទេសចិនបានព្យាយាមកាត់បន្ថយការពឹងផ្អែកខ្លាំងលើការនាំចូលរ៉ែបុកស៊ីតពីឥណ្ឌូនេស៊ីក្ដី ប៉ុន្ដែ គេសង្កេតឃើញថា ប្រទេសនេះ នៅតែមានការបញ្ជាទិញរ៉ែប្រភេទកាន់តែច្រើនឡើង ចាប់តាំងពីឆ្នាំ២០១៧មក។

លោក អ៊ែឡាងហ្កា ហាតាតូ (Airlangga Hartarto) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចបាននិយាយថា អស់ពេលជាច្រើនឆ្នាំមកនេះ សារធាតុបុកស៊ីតភាគច្រើនដែលជីកនៅឥណ្ឌូនេស៊ី ត្រូវបានដឹកជញ្ជូនទៅប្រទេសមួយចំនួនដូចជាប្រទេសចិន និងអូស្ត្រាលី បន្ទាប់មកឥណ្ឌូនេស៊ីបានទិញផលិតផលចម្រាញ់រួចពីប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងនេះមកវិញ។

លោក ហាតាតូ បាននិយាយថា រោងចក្រចម្រាញ់ចំនួន ៤ នៅប្រទេសឥណ្ឌូណេស៊ីឥឡូវនេះបានប្រើសារធាតុបុកស៊ីតវត្ថុធាតុដើម ដែលមានសមត្ថភាពផលិតរួមគ្នាបានអាលុយមីញ៉ូមកម្រិតមធ្យមចំនួន ៤លាន៣សែនតោន។

សូមបញ្ជាក់ថា ការប្រកាសហាមឃាត់នាំចេញរ៉ែបុកស៊ីតនេះ ប្រទេសឥណ្ឌូនេស៊ីក៏ត្រូវប្រឈមនឹងសម្ពាធផ្លូវច្បាប់ពីអង្គការពាណិជ្ជកម្មពិភពលោកបន្ថែមទៀតផងដែរ ខណៈកាលពីឆ្នាំ២០២០ ប្រទេសនេះ ធ្លាប់បានហាមឃាត់ការនាំចេញប្រភេទថ្មនីកែល ម្ដងរួចហើយ ហើយក៏ត្រូវសហភាពអឺរ៉ុបប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ហើយអង្គការនេះ ក៏បានកាត់ក្ដីឲ្យសភាពអឺរ៉ុបឈ្នះក្ដីនេះ ដោយសម្អាងថា ការហាមឃាត់ការនាំចេញនេះ គឺមិនយុត្តិធម៌៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈខាងក្រុមហ៊ុនស្នើឲ្យបញ្ចុះតម្លៃបន្ថែម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងការដឹកជញ្ជូនទំនិញច…

អគ្គនាយកដ្ឋានពន្ធដារជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន និងបោះចោលទម្លាប់សុំលើកលែងពន្ធ

ដើម្បីឲ្យកិច្ចការប្រមូលចំណូលពន្ធដារមានប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ ក៏បានជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ