បើតាមការរាយការណ៍ដោយសារព័ត៌មានបារាំង France24 កាលពីថ្ងៃពុធសប្ដាហ៍នេះបានឲ្យដឹងថា កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានចាប់រឹបអូសបាននាវាផ្ទុកប្រេងឆៅមួយគ្រឿង ឈ្មោះ MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy ជាក្រុមហ៊ុនបូមប្រេងនៅកម្ពុជា។
ប្រភព័ត៌មានឲ្យដឹងទៀតថា នាវាផ្ទុកប្រេងនេះ ត្រូវបានឥណ្ដូនេស៊ីចាប់ឃាត់យកមករក្សាទុកនៅឆ្នេរសមុទ្រ ស៊ូម៉ាត្រា នៅថ្ងៃទី ២៧ខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹងពណ៌ក្រហមមួយ ទៅកាន់ប៉ូលិសអន្តរជាតិ (Interpol) ដើម្បីចាប់រឹបអូសនាវាផ្ទុកប្រេងនោះ ដ្បិតថា វាបានលួចយកប្រេងឆៅដែលក្រុមហ៊ុនបូមបានហើយបើករត់គេចចេញពីប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទី ២៥ ខែសីហា ក្រុមហ៊ុន World Tankers Management ដែលជាម្ចាស់នាវាផ្ទុកប្រេងមួយនេះ បានចេញមុខ ទាត់ចោលការចោទប្រកាន់ដែលថានាវារបស់ខ្លួនឈ្មោះ MT Strovolos បានដឹកប្រេងពីកម្ពុជាដោយខុសច្បាប់។
ក្រុមហ៊ុនប្រតិបត្តិករនាវាដដែលនេះ បានបញ្ជាក់ថា នាវារបស់ខ្លួនបានបើកចេញពីដែនសមុទ្រកម្ពុជាទៅកាន់ប្រទេសថៃ ដើម្បីចាក់ប្រេង ប៉ុន្ដែ អំឡុងពេលនោះ ក្រុមហ៊ុន KrisEnergy ដែលបានជួលនាវានេះ បានលុបចោលកិច្ចសន្យា និងមិនព្រមបង់ថ្លៃប្រាក់ឈ្នួលឲ្យខ្លួននោះឡើយ។ ក្រុមហ៊ុនប្រតិបត្តិករនាវាបន្ថែមថា នាវានេះ បានបន្ដបើកមកដល់ដែនសមុទ្រឥណ្ឌូនេស៊ី គឺគ្រាន់តែដើម្បីប្ដូរនាវិកតែប៉ុណ្ណោះ មិនបានលួចប្រេងរត់ខុសច្បាប់ដូចការចោទប្រកាន់ឡើង។
ទាក់ទងនឹងបញ្ហានេះ សារព័ត៌មានឌីជីថល ខេមបូណូមីស បានទាក់ទងទៅកាន់ ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាតជាច្រើនដងដែរ ប៉ុន្ដែមិនមានការឆ្លើយតែសោះ។ ទោះយ៉ាងណា នៅក្នុងការចុះផ្សាយដោយសារព័ត៌មានបារាំង France24 ឯកឧត្តម ជៀប សួរ បានបញ្ជាក់ថា ខាងភាគីកម្ពុជាកំពុងធ្វើការជាមួយខាងភាគីឥណ្ឌូនេស៊ីដើម្បីនាំយកប្រេងជិត៣០ម៉ឺនបារ៉ែលនោះត្រឡប់មកកម្ពុជាវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិរុករកប្រេង និងបានបូមប្រេងនៅកម្ពុជាប៉ុន្ដែ ដោយសារតែក្រុមហ៊ុនមានជួបវិបត្តិហិរញ្ញវត្ថុ និងការបូមប្រេងបានតិចជាងការរំពឹងទុកធ្វើឲ្យក្រុមហ៊ុនធ្លាក់ខ្លួនកាន់តែខ្លាំងក្នុងវិបត្តិបំណុល និងបានជំពាក់ម្ចាស់បំណុលគ្មានលទ្ធភាពសង ដោយក្នុងនោះ ក៏មានជំពាក់ថ្លៃជួលនាវាផ្ទុកប្រេង MT Strovolos ផងដែរ។
បើតាមអាជ្ញាធរឥណ្ឌូនេស៊ី ក្នុងការឃាត់ទុកនាវាផ្ទុកប្រេងនេះ មានការឃាត់ខ្លួននាវិកជាច្រើននាក់ផងដែរ ដោយក្នុងនោះ នាវិកជាជនជាតិឥណ្ឌាមានចំនួន១៣នាក់ ជនជាតិបង់ក្លាដេស៣នាក់ និងជនជាតិភូមា៣នាក់៕