ទំនាក់ទំនងឥណ្ឌូនេស៊ី-ចិន

តើជំនួបទ្វេភាគីដ៏កម្ររវាងកំពូលមេដឹកនាំចិន និងឥណ្ឌូនេស៊ីមានការសន្យា និងប្ដេជ្ញាចិត្តអ្វីខ្លះ?


មេដឹកនាំចិន និងឥណ្ឌូណេស៊ីបានសន្យាបង្កើនទំហំពាណិជ្ជកម្មរវាងគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម និងសន្តិសុខស្បៀង ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារ ដែលបង្កឡើងដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីឥណ្ឌូនេស៊ី (ឆ្វេង) ​និងប្រធានាធិបតីចិន (ស្តាំ)
ដោយ

ការបង្ហាញជំហររបស់ប្រទេសទាំងពីរ ធ្វើឡើងអំឡុងពេលដែលប្រធានាធិបតីឥណ្ឌូនេស៊ី បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយប្រធានាធិបតីស៊ី ជីនពីង និងថ្នាក់ដឹកនាំក្រុងប៉េកាំងជាច្រើនរូបទៀត កាលពីថ្ងៃអង្គារទី២៦កក្កដា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជួបជាមួយប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រី Li Keqiang នៅទីក្រុងប៉េកាំង។ នេះជាការបើកទ្វារទទួលភ្ញៀវឱ្យមកទស្សនកិច្ចដ៏កម្រក្រោយពីមានការរាតត្បាតកូវីដ១៩ក្នុងប្រទេសចិន កាលពី២ឆ្នាំមុន និងបើគេមិនរាប់បញ្ចូលពេលដែលចិនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈដែលមានមេដឹកនាំបរទេសជាច្រើនមកចូលរួម ហើយនាអំឡុងពេលនោះ គេនៅចាំបានថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ក្នុងស្ថិតក្នុងចំណោមអ្នកដែលបានធ្វើដំណើរទៅទីក្រុងប៉េកាំងផងដែរ។

ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មលេខ១តែម្តងរបស់ឥណ្ឌូនេស៊ី ក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ គឺជាជ័យជម្នះផ្នែកសេដ្ឋកិច្ច និងនយោបាយដ៏ធមមួយសម្រាប់លោកចូកូ វីដូដូ។ ក្រៅពីនេះ ប្រទេសចិន ក៏បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីនៅឆ្នាំក្រោយ។

ខុសប្លែកពីប្រទេសមួយចំនួននៅលោកខាងលិច ពិសេសខុសប្លែកពីសហរដ្ឋអាមេរិកដែលចិន កំពុងតឹងសសៃកដាក់ ក្នុងសំណុំរឿងជាច្រើនដូចជា បញ្ហាកោះតៃវ៉ាន់ សង្គ្រាមនៅអ៊ុយក្រែននិងសមុទ្រចិនខាងត្បូង ប្រទេសចិនបានបង្ហាញការសាទរឥណ្ឌូនេស៊ីថា ជាដៃគូយុទ្ធសាស្ត្រគំរូ។

សេចក្តីថ្លែងការណ៍រួមក្រោយជំនួបរវាងមេដឹកនាំទាំងពីរឱ្យដឹងថា ចិន និងឥណ្ឌូនេស៊ី បានធ្វើសកម្មភាពយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ភាគីទាំងពីរបានចាត់ទុកខ្លួនឯងថា ជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ធំៗ ដែលកំពុងស្វែងរកភាពរឹងមាំរបស់ជាតិតាមរយៈការឯកភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

គួរកត់សម្គាល់ថា ឥណ្ឌូណេស៊ីគឺជាប្រភព និងអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃសារធាតុ នីកែល ធ្យូងថ្ម ទង់ដែង និងឧស្ម័នធម្មជាតិ សម្រាប់ប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការនាំចូលរបស់ចិនពីប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនជាវត្ថុធាតុដើមបានកើនឡើងជិត៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក រុស្ស៊ីឈរនៅបន្ទាប់ពីចិន ជាអ្នកនាំចូលទំនិញវត្ថុធាតុដើមដ៏ច្រើនដូចគ្នា ពីឥណ្ឌូនេស៊ី។

ទស្សនកិច្ចមួយជើងនេះរបស់លោកវីដូដូ ពិតជាមិនខាតនោះទេ ក្រោយប្រធានាធិបតីចិន បាន ប្តេជ្ញាចិត្តក្នុងការនាំចូលប្រេងដូងឆៅមួយលានតោនបន្ថែមទៀតពីឥណ្ឌូនេស៊ី។ ទន្ទឹមនេះ ក្នុងនាមជាប្រធានប្តូរវេននៃ G20 នៅឆ្នាំនេះ លោកវីដូដូ ក៏ឆ្លៀតតស្វែងរកការដោះស្រាយ សម្រាប់ការប្រេះស្រាំនៅក្នុងក្រុមប្រទេសរីកចម្រើនទាំង២០ផងដែរ។ ភាពប្រេះស្រាំដែលបង្កឡើងដោយការមិនពេញចិត្ត និងគំរាមធ្វើពហិការរបស់ប្រទេសជាសមាជិក ដោយសារវត្តមានរុស្ស៊ីក្នុងកិច្ចប្រជុំ G20 ក្រោយការឈ្លានពានទៅលើអ៊ុយក្រែន។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចមួយថ្ងៃនៅប្រទេសចិន លោកចូកូ វីដូដូបានបន្តទៅទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃពុធទី២៧កក្កដា ដែលលោកបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិសេសបានអំពាវនាវឱ្យប្រទេសជប៉ុនវិនិយោគលើឧស្សាហកម្មរថយន្តអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដោយសង្កត់ធ្ងន់ថាដឥណ្ឌូនេស៊ីមានទីតាំងល្អសម្រាប់កំណើនសេដ្ឋកិច្ចក្រោយការរាតត្បាតកូវីដ១៩។

ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងបិទបញ្ចប់ទស្សនកិច្ចក្នុងតំបន់របស់លោកនៅប្រទេសកូរ៉េខាងត្បូង ជាទីដែលលោកនឹងជួបជាមួយប្រធានាធិបតីយ៉ូន ស៊ុកយុល ដែលទើបស្បថចូលកាន់ដំណែងថ្មីថ្មោង ក្រោយពីបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន៕




អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាអាចផលិតចំណីសត្វជាង១លានតោនក្នុង១ឆ្នាំ តែមិនទាន់អាចផ្គត់ផ្គង់គ្រប់តាមតម្រូវការនៅឡើយ

បច្ចុប្បន្ន នៅក្នុងខ្សែចង្វាក់ផលិតកម្មចិញ្ចឹមសត្វ ក៏មិនខុសពីផ្នែកដទៃដែរ កំពុងប្រឈមនឹងផលប៉ះពាល់ដោយសារកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ …

អាមេរិកមានភ្លើងឆេះព្រៃអស់រាប់ពាន់ហិកតា ក្រោយរលកកម្ដៅកើនខ្ពស់

ផែនដីឡើងកំដៅ អាកាសធាតុក្តៅ ភ្លើងឆេះព្រៃកំពុងរីករាលដាលនៅគ្រប់តំបន់គ្រប់ទីកន្លែងជុំវិញពិភពលោក រាប់ចាប់តាំងអឺរ៉ុប ដល់ចិន និងអាមេរិក។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ