ក្រុមហ៊ុន Toyota

ឥណ្ឌូនេស៊ី ចេញមុខទាក់ម៉ូយ Toyota ឱ្យរើទីតាំងផលិតចេញពីថៃ ដោយសន្យាផ្តល់ការលើកទឹកចិត្តតាមក្រុមហ៊ុននេះចង់បាន


ការប្រកួតប្រជែងដណ្តើមឥទ្ធិពលឧស្សាហកម្មយានយន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានឈានដល់កម្រិតក្ដៅគគុកមួយទៀត បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានចេញមុខប្រជែងដោយផ្ទាល់ចំពោះតំណែងរបស់ប្រទេសថៃ ក្នុងនាមជាមជ្ឈមណ្ឌលផលិតរថយន្តចម្បងគេនៅអាស៊ាន។
ក្រុមហ៊ុន Toyota
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក ពួបាយ៉ា យ៉ាឌី សាដេវ៉ា (Purbaya Yudhi Sadewa) បានអំពាវនាវជាសាធារណៈឱ្យក្រុមហ៊ុន Toyota Motor Corporation ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មសំខាន់របស់ខ្លួនចេញពីប្រទេសថៃ មកដាំឫសគល់នៅប្រទេសឥណ្ឌូនេស៊ីវិញ ដោយសន្យាផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយរាល់របាំងរដ្ឋបាលទាំងអស់។
សារព័ត៌មាន The Nation បានរាយការណ៍កាលពីថ្ងៃទី៨ ខែសីហា ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក ពួបាយ៉ា យ៉ាឌី សាដេវ៉ា បានថ្លែងសារដ៏ទាក់ទាញនៅក្នុងសន្និសីទរថយន្តអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗថា ទីក្រុងហ្សាការតា រៀបចំរួចរាល់ហើយក្នុងការផ្តល់នូវកញ្ចប់លើកទឹកចិត្តវិនិយោគយ៉ាងពិសេស និងការសម្រួលបទប្បញ្ញត្តិនានា ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនឧស្សាហកម្មយក្សរបស់ជប៉ុន Toyota ឱ្យសម្រេចចិត្តផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនពីប្រទេសថៃ មកកាន់ប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៅកាន់តំណាងក្រុមហ៊ុនជប៉ុនថា ឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រក្រុមហ៊ុន Toyota និងបានស្នើឱ្យក្រុមហ៊ុននេះផ្លាស់ប្តូរមូលដ្ឋានផលិតកម្មសំខាន់ចេញពីប្រទេសថៃ មកកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ជាមួយការសន្យាផ្តល់កញ្ចប់លើកទឹកចិត្តតាមអ្វីដែលក្រុមហ៊ុននេះត្រូវការ។ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ទំហំទីផ្សារដ៏ធំរបស់ឥណ្ឌូនេស៊ី នៅមិនទាន់បានបញ្ចេញកម្លាំងពេញលេញក្នុងការនាំមុខគេក្នុងវិស័យនេះនៅឡើយទេ។
តែយ៉ាងណារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បានទទួលស្គាល់ថា ប្រទេសថៃ ពិតជាបានវ៉ាដាច់ឥណ្ឌូនេស៊ី អស់ជាច្រើនទសវត្សរ៍ក្នុងការទាក់ទាញក្រុមហ៊ុនផលិតរថយន្តសកល។ កត្តានេះដោយសារតែថៃ មានប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដ៏រឹងមាំ មានបណ្តាញផ្គត់ផ្គង់គ្រឿងបន្លាស់យ៉ាងទូលំទូលាយ មានឧស្សាហកម្មគាំទ្រ និងមានហេដ្ឋារចនាសម្ព័ន្ធនាំចេញដែលតភ្ជាប់គ្នាយ៉ាងល្អ។ លោកបានសារភាពថា កន្លងមកឥណ្ឌូនេស៊ី មានការលំបាកក្នុងការប្រកួតប្រជែង ដោយសារកញ្ចប់លើកទឹកចិត្តរដ្ឋាភិបាលមិនទាន់មានភាពទាក់ទាញគ្រប់គ្រាន់។
ដើម្បីលុបបំបាត់គម្លាតនៃការប្រកួតប្រជែង និងដណ្តើមយកប្រៀបលើថៃ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលនីតិវិធីតាមរយៈកាត់បន្ថយបែបបទរដ្ឋបាលដែលស្មុគស្មាញ និងពន្លឿនការចេញអាជ្ញាបណ្ណអាជីវកម្ម និងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ។
គិតមកទល់ពេលនេះ ទាំងភាគីក្រុមហ៊ុន Toyota Motor Corporation និងមន្ត្រីរដ្ឋាភិបាលថៃ មិនទាន់បានចេញមុខធ្វើអត្ថាធិប្បាយជាផ្លូវការលើសំណើទាក់ម៉ូយដ៏កម្ររបស់ឥណ្ឌូនេស៊ីនេះនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានកត់សម្គាល់ថា ទោះបីជាឥណ្ឌូនេស៊ី មានប្រជាជនជិត២៨០លាននាក់ ដែលជាទីផ្សារក្នុងស្រុកធំជាងគេក្នុងតំបន់ក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម និងប្រព័ន្ធអេកូឡូស៊ីរថយន្តដែលដាំឫសយ៉ាងរឹងមាំរាប់សិបឆ្នាំនៅក្នុងប្រទេសថៃ គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញ និងតម្រូវឱ្យចំណាយដើមទុនឡើងវិញរាប់ពាន់លានដុល្លារ។ ដូច្នេះការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota នឹងមិនអាចកើតឡើងត្រឹមតែមួយយប់នោះឡើយ ប៉ុន្តែសកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីសង្គ្រាមដណ្តើមទុនវិនិយោគ យ៉ាងស្រួចស្រាល់រវាងប្រទេសធំៗទាំងពីរនៅក្នុងតំបន់អាស៊ាន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


​រដ្ឋបាលលោក ត្រាំ នឹង​វិនិយោគ៣ពាន់លានដុល្លារលើការផលិតរ៉ែកម្រ ដើម្បីដណ្តើមអំណាចខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រឹងកម្លាំងយោធា

នៅក្នុងជំហានមួយដ៏ធំ និងស្រួចស្រាល់បំផុតដើម្បីការពារសន្តិសុខជាតិ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសវិនិយោគទឹកប្រាក់រ…

ព្យុះដូហ្វីនបង្ខំឱ្យចិនជម្លៀសប្រជាជនជាង១លាននាក់ លុបជើងហោះហើរជាង១ពាន់ជើង ខណៈកម្ពុជា ក៏រងឥទ្ធិពលពីព្យុះនេះផងដែរ

ព្យុះទីហ្វុងដូហ្វីន កំពុងវាយប្រហារប្រទេសចិនយ៉ាងដំណំបណ្តាលឱ្យអាជ្ញាធរត្រូវបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋជាង១លាននាក់ចេញពីផ្ទះសំបែង និងលុបចោលជើងហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ