ក្រុមហ៊ុន Toyota

ហេតុអ្វីប្រធានក្រុមហ៊ុនយក្ស Toyota សុខចិត្តលាលែងពីតំណែង?


ប្រធានក្រុមហ៊ុន Toyota ដែលបានកាន់តំណែងរយៈពេល ១៤ឆ្នាំមកហើយនោះ បានប្រកាសចុះចេញពីតំណែងហើយ ដើម្បីផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ បញ្ចេញស្នាដៃនិងអាចដើរទាន់សភាពការណ៍នៃការវិវត្តឧស្សាហកម្មរថយន្តពិភពលោក ហើយអ្នកដែលនឹងត្រូវឡើងមកគ្រងតំណែងប្រធានក្រុមហ៊ុន Toyota ថ្មីនោះ គឺលោក Koji Sato ដែលជាប្រធានគ្រប់គ្រងម៉ាករថយន្ដ Lexus ដែលជាម៉ាករថយន្ដប្រណីតមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Toyota។
ប្រធានក្រុមហ៊ុន Toyota ចុះចេញពីតំណែង ក្រោយយឺតយ៉ាវលើការអភិវឌ្ឍ EV

ការសម្រេច​លាលែងពីតំណែងនេះ បន្ទាប់ពីក្រុមហ៊ុន Toyota រងការរិះគន់ថា មានភាពយឺតយ៉ាវខ្លាំង​ក្នុងការអភិវឌ្ឍ​រថយន្តអគ្គិសនី ពោលគឺ​កន្លងមកទើបតែបានបញ្ចេញ​លក់​រថយន្តអគ្គិសនីតែ​១ម៉ូឌែលប៉ុណ្ណោះ ខណៈក្រុមហ៊ុនអាមេរិកTesla និងក្រុមហ៊ុនចិនBYD កំពុង​នាំមុខ​គេ​លើទីផ្សារ​រថយន្តអគ្គិសនីក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិធំៗ។

ក្រុមហ៊ុន Toyota Motor បាន​ប្រកាស​នៅថ្ងៃទី២៦ខែមករាឆ្នាំ​២០២៣​ ថា លោក Akio Toyoda នឹង​ចុះចេញពីតំណែង​ប្រធាន និងនាយកប្រតិបត្តិ​ Toyota នៅថ្ងៃទី១ខែមេសា​ខាងមុខនេះ ខណៈអ្នកដែលនឹង​ឡើងមកកាន់តំណែងបន្ត គឺលោក Koji Sato ដែលជា​ប្រធាន​ប្រតិបត្តិម៉ាករថយន្ដ Lexus ដែលជាម៉ាករថយន្ដប្រណីតមួយនៅក្រោមក្រុមហ៊ុន Toyota។ ក្នុងវ័យ៦៦ឆ្នាំលោក Toyoda ដែល​​ជាកូនចៅ​ជំនាន់​ក្រោយ​​នៃស្ថាបនិក Toyota នឹង​ឡើង​ជាប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​នេះជំនួសវិញ ក្រោយលាលែងពីតំណែង​ប្រធាន និងនាយកប្រតិបត្តិ។

ការផ្លាស់ប្តូរ​ប្រធាន​ក្រុមហ៊ុន​ Toyota ជាលើកដំបូង​ក្នុងរយៈ​ពេល​១៤ឆ្នាំ​នេះ គឺ​ធ្វើឡើង​ខណៈ​ដែលក្រុមហ៊ុន​រថយន្ត​​យក្សជប៉ុនមួយនេះ បាន​ត្រាំត្រែង​ស្ថិតនៅក្នុងស្ថានភាពនៃការធ្លាក់ចុះ​ បណ្តាលមលពី​វិបត្តិកូវីដ១៩ និង​ការកើនឡើង​​នូវ​ការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនី ព្រមទាំង​បច្ចេកវិទ្យាដទៃទៀត។ Toyota រង​ការរិះគន់ថា មានភាពយឺតយ៉ាវ​ក្នុងការសម្របខ្លួនងាកទៅ​រកការផលិត​រថយន្តអគ្គិសនី ដូចជា Tesla និង BYDជាដើម។

ក្នុងសន្និសីទកាសែត​ដែល​ប្រកាស​ពីការផ្លាស់ប្តូរមុខតំណែងនេះ លោក Toyoda ​បាន​សង្កត់​ធ្ងន់​ពីតម្រូវការ​សម្រាប់​ក្រុមហ៊ុន​ ក្នុងការមានគណៈគ្រប់គ្រង​ ដែលដឹកនាំដោយ​ក្រុមវ័យក្មេង ដើម្បីនាំផ្លូវ​ក្រុមហ៊ុន​ឱ្យកាន់តែ​ឆ្ពោះទៅមុខ។

លោក Toyoda និយាយថា លោក Koji Sato ដែលមានវ័យ៥៣ឆ្នាំនោះ គឺជាបុរសម្នាក់​ដែល​ប្រឹងប្រែងធ្វើការយ៉ាងខ្លាំង​​លើ​ទស្សនៈដឹកនាំ​ បច្ចេកទេស និង​របៀប​របប​​របស់ក្រុមហ៊ុន Toyota ក្នុង​វិស័យ​នៃការផលិតរថយន្ត។ គួរឱ្យដឹងថា ឧស្សាហកម្មយានយន្ត​បាន​ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដែល​លោក​ Toyoda បានហៅថា វា​ជាការផ្លាស់ប្តូរក្នុង១សតវត្សរ៍។

លោក Toyoda និយាយថា ចំពោះ​ឧស្សាហកម្មរថយន្តនេះ គឺ​ខ្លួន​លោកចាស់ណាស់​ហើយ​ ដើរមិនទាន់​សភាពការណ៍ដែលបាន​ប្រែប្រួលខ្លាំងនេះទេ ដូច្នេះ​ការ​ចុះចេញពីតំណែងរបស់លោក គឺចាំបាច់ណាស់​សម្រាប់ Toyota ចូលក្នុងយុគសម័យថ្មី។

លោក Toyoda បាន​លើកឡើងដោយសំដៅទៅកាន់​លោក Sato ថា ប្រធាន​ក្រុមហ៊ុន​ថ្មី​មិន​គួរ​ព្យាយាម​គ្រប់គ្រង​ក្រុមហ៊ុនតែឯងនោះទេ ពោលគឺត្រូវ​ធ្វើការជាក្រុម ហើយ​បេសកកម្មរបស់​ក្រុមដឹកនាំថ្មីនេះ គឺ​ត្រូវធ្វើយ៉ាងណាកែ​រូប​​រាង​របស់​ Toyota ឡើងវិញ ឱ្យទៅជា​ក្រុមហ៊ុនចល័ត​កាន់តែលឿន​។ ជារួម លោក Toyoda ចង់​ឱ្យក្រុមដឹកនាំថ្មីនេះ​​ផ្តោតសំខាន់​លើ​ការផលិត​រថយន្តអគ្គិសនី និងរថយន្ត​ដែល​បំពេញ​តាមតម្រូវការ​អ្នកប្រើប្រាស់។

សូមជម្រាប​ថា លោក Toyoda បាន​ក្លាយ​ជាប្រធាន​ក្រុមហ៊ុន Toyota នៅក្នុងខែមិថុនា ឆ្នាំ​២០០៩ ហើយ​លោក​ក៏​ជាមនុស្សទីមួយ​ដែល​កាន់តំណែងនេះ​ ដោយមានប្រភពចេញពីគ្រួសារស្ថាបនិកក្រុមហ៊ុន​ បានរហូតដល់១៤ឆ្នាំ។ ចំណែក​លោក Sato បាន​ចូលរួម​​ជាមួយ Toyota ក្នុងឆ្នាំ​១៩៩២ និង​បានក្លាយ​ជា​ប្រធាន​ម៉ាករថយន្ដ Lexus អន្តរជាតិ ក្នុងឆ្នាំ​២០២០ ហើយនៅឆ្នាំបន្ទាប់​ ត្រូវបាន​តែងតាំង​បន្ថែមជាប្រធាន ​Brand និង​ប្រធានប្រតិបត្តិការ មកដល់បច្ចុប្បន្ន៕




អត្ថបទបន្ទាប់


តើរបបសឹកមីយ៉ាន់ម៉ាឆ្លៀតឱកាសពិភពលោកប្រេះឆា បានទាញប្រយោជន៍សេដ្ឋកិច្ចនិងពង្រឹងទំនាក់ទំនងអ្វីខ្លះ?

ព័ត៌មាន
ជិតពីរឆ្នាំនៃការចូលកាន់តំណែងដោយរដ្ឋប្រហាររបស់ខ្លួន របបយោធាមីយ៉ាន់ម៉ាអាចរក្សាបាននូវស្ថិរភាពផ្នែកសេដ្ឋកិច្ច ទោះមិនមានកំណើនល្អ ក៏ដូចជាបន្ត…

ក្រុមមន្ត្រីរបស់ IMF នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថានក្នុងខែនេះ ដើម្បីពិភាក្សាអំពីការជាប់គាំងថវិកាសង្គ្រោះសេដ្ឋកិច្ច

ព័ត៌មាន
កាលពីពេលថ្មីៗនេះក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហើបថា ភ្នាក់ងារមូលនិធិពួកគេនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុង អ៊ីស្លាមម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ