ដើម្បីជួយជំរុញកំណើនវិនិយោគ និងសេដ្ឋកិច្ចឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ឱ្យកាន់តែរីកចម្រើន ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការទិដ្ឋាការមាស ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ និងអ្នកជំនាញអាចស្នាក់នៅប្រទេសនេះពី៥ឆ្នាំទៅដល់១០ឆ្នាំ។ ការដាក់ឱ្យដំណើរការទិដ្ឋាការមាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរ ក៏ដូចជាកម្លាំងពលកម្មជំនាញ ដែលប្រទេសនេះកំពុងត្រូវការ ដើម្បីបំពេញតម្រូវការក្នុងឧស្សាហកម្មបច្ចេកវិទ្យា។
ដើម្បីទទួលបានទិដ្ឋាការមាសរយៈពេល៥ឆ្នាំ គឺទាមទារឱ្យអ្នកវិនិយោគបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់២,៥លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រាក់ចំនួន៥លានដុល្លារសម្រាប់ទិដ្ឋាការរយៈពេល១០ឆ្នាំ។ ជាមួយគ្នានេះ អ្នកធ្វើដំណើរអាចទិញទិដ្ឋាការរយៈពេល៥ឆ្នាំ ដោយគ្រាន់តែតម្កល់ប្រាក់៣៥ម៉ឺនដុល្លារនៅក្នុងធនាគាររបស់រដ្ឋ ហើយបើចង់ស្នាក់នៅរយៈពេល១០ឆ្នាំត្រូវតម្កល់ប្រាក់៧០ម៉ឺនដុល្លារ ហើយក្រោយមកប្រាក់តម្កល់ទាំងនេះអាចប្រើដើម្បីទិញមូលបត្របំណុលរដ្ឋ ឬភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី។
ទិដ្ឋាការមាសប្រភេទមួយទៀតនឹងអនុញ្ញាតឱ្យបុគ្គលស្នាក់នៅរយៈពេល៥ឆ្នាំ បើពួកគេបានតម្កល់ប្រាក់១៣ម៉ឺនដុល្លារនៅធនាគាររបស់រដ្ឋ និងទិញផ្ទះល្វែង ឬអាផាតម៉ិនដែលមានតម្លៃចាប់ពី១លានដុល្លារឡើងទៅ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏អាចទទួលបានទិដ្ឋាការមាសសម្រាប់នាយក និងប្រធានក្រុមហ៊ុន ដោយគ្រាន់តែប្តេជ្ញាវិនិយោគឱ្យបាន២៥លានដុល្លារក្នុងអំឡុងស្នាក់នៅរយៈពេល៥ឆ្នាំ និងចំនួន៥០លានដុល្លារសម្រាប់ការស្នាក់នៅរយៈពេលមួយទសវត្សរ៍ និងនៅមានវិធីមួយចំនួនទៀត។
ប្រធានផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ីលោក ស៊ីលមី ការីម (Silmy Karim) បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមសាកល្បងទិដ្ឋាការមាស កាលពីខែសីហា ឆ្នាំមុន ដោយបានចេញលិខិតអនុញ្ញាតបែបនេះដល់បេក្ខជនជិត៣០០នាក់ និងបានចំណូល១២៣លានដុល្លារ។
ប្រទេសឥណ្ឌូនេស៊ីបានកំណត់គោលដៅទាក់ទាញការវិនិយោគផ្ទាល់ក្នុងស្រុក និងបរទេសឱ្យបានចំនួនជាង១០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដើម្បីជួយឱ្យប្រទេសនេះសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុក៥,២%៕
អត្ថបទ៖ សុខ មង្គល