
ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា បង្កើតឡើងដើម្បីប្រជែងនឹងលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន បានប្រកាសកាលពីថ្ងៃទី២៥ ខែមីនា ថា ប្រទេសឥណ្ឌូនេស៊ី នឹងចូលជាសមាជិកនៃធនាគារអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយប្លុកប្រទេស BRICS។ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា ការចូលជាសមាជិកនៃធនាគារអភិវឌ្ឍន៍ថ្មី របស់ប្លុកប្រទេស BRICS នឹងជួយប្រទេសឥណ្ឌូនេស៊ី ពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនឈានទៅរកការសម្រេចបានកំណើនកាន់តែល្អប្រសើរជាលំដាប់។
លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នាយឧត្ដមសេនីយ៍ចូលនិវត្តន៍ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីទី៨ របស់ឥណ្ឌូនេស៊ី ជំនួសអតីតប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) រូបនេះ បានប្រកាសបែបនេះក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីប្រេស៊ីល លោកស្រី ឌីលម៉ា រ៉ូសេហ្វ (Dilma Rousseff ) ដែលបច្ចុប្បន្នជាប្រធានធនាគារអភិវឌ្ឍន៍ថ្មី នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី។
លោកស្រី ឌីលម៉ា រ៉ូសេហ្វ បានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ថ្មី មានចំណាប់អារម្មណ៍ចង់សហការក្នុងវិស័យសំខាន់ៗ ដូចជា វិស័យថាមពលកកើតឡើងវិញ និង ជីវៈម៉ាស៊ូត ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ។ លោកស្រីបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានបង្ហាញគម្រោងរាប់សិបគម្រោងដែលអាចនឹងត្រូវការកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍ថ្មី៕
ដោយ: តែម សុខុម