ប្រព័ន្ធស្បៀងអាហារ

អង្គការ FAO, WFP និងរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានការវិនិយោគលើការអភិវឌ្ឍប្រព័ន្ធស្បៀង ដើម្បីលើកកម្ពស់ភាពធន់នឹងវិបត្តិនានា


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រារព្ធទិវាស្បៀងអាហារពិភពលោកនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ ដោយអំពាវនាវឱ្យមានការវិនិយោគថែមទៀត លើការពង្រឹងប្រព័ន្ធស្បៀង ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងដើម្បីទប់ទល់នឹងវិបត្តិនានា ខណៈស្ថាប័នទាំងនេះ មើលឃើញថា អ្នកដែលរងគ្រោះខ្លាំងជាងគេពាក់ព័ន្ធនឹងវិបត្តិស្បៀងអាហារនេះ គឺជាប្រជាជនដែលងាយរងគ្រោះ និងប្រជាជនដែលរស់ពឹងផ្អែកលើវិស័យកសិកម្មដើម្បីចិញ្ចឹមជីវិត។
លោក អែនតូនីញ៉ូ ស៊ូវ៉ន តំណាងស្ដីទីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជា (FAO) ប្រចាំកម្ពុជា
ដោយ

ការកើនឡើងនៃតម្លៃស្បៀងអាហារ ថ្លៃដឹកជញ្ជូន ការរំខានផ្សេងៗដែលបណ្តាលមកពីជំងឺរាតត្បាត កូវីត-១៩ ជម្លោះនានាដែលកំពុងកើតឡើង រួមទាំងសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងនៃគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងជំរុញឱ្យមានការកើនឡើងនូវ អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ហើយអ្នកដែលរងគ្រោះខ្លាំងជាងគេ គឺប្រជាជនដែលងាយរងគ្រោះ និងប្រជាជនដែលពឹងផ្អែកលើកសិកម្មជារបរចិញ្ចឹមជីវិត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមមួយទាក់ទងនឹងទិវាស្បៀងអាហារពិភពលោក ដែលរៀបចំឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជា (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។

នៅទូទាំងពិភពលោក កសិករបានព្យាយាមទូទាត់ថ្លៃចំណាយលើធាតុចូលដែលកើនឡើងខ្ពស់ក្នុងឆ្នាំនេះ ដោយការកាត់បន្ថយបរិមាណដាំដុះ និងកាត់បន្ថយការប្រើប្រាស់ជី ដែលជាកត្តានាំឱ្យប៉ះពាល់ដល់ទិន្នផល ហើយក៏កំពុងតជួបបញ្ហា តម្លៃចំណីសត្វឡើងខ្ពស់ ដែលនាំឱ្យមានការពិបាកក្នុងការទ្រទ្រង់ផលិតកម្មបសុសត្វផងដែរ។ ប្រទេសកំពុងអភិវឌ្ឍន៍ រមែងមានហានិភ័យខ្ពស់ដូចជាផលិតកម្មរបស់ពួកគេត្រូវធ្លាក់ចុះ ដោយសារកសិករមានធនធានហិរញ្ញវត្ថុតិចតួចជាងមុន ក្នុងការចំណាយលើធាតុចូលកសិកម្ម ដែលកើនឡើងក្នុងអត្រាលឿនជាងតម្លៃផលិតផលដែលពួកគេផលិតបាន។

លោក អែនតូនីញ៉ូ ស៊ូវ៉ន តំណាងស្ដីទីនៃអង្គការ FAO ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែប្រព័ន្ធស្បៀងត្រូវបានផ្សារភ្ជាប់ទៅនឹងវិស័យផ្សេងៗទៀតជាច្រើននៃជីវិត និងសេដ្ឋកិច្ច រាប់បញ្ចូលទាំង កសិកម្មធនធានធម្មជាតិ ថាមពល រហូតដល់សុខភាព ដូច្នេះហើយ ប្រព័ន្ធស្បៀងពិតជាមានសក្តានុពល និងជាមធ្យោបាយសម្រាប់អនាគតប្រកបដោយសមភាព និងវិបុលភាព។ ហើយប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព នឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់ៗរូប រួមទាំងប្រជាជនដែលងាយរងគ្រោះបំផុត។

ជាមួយគ្នានេះ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ផងដែរថា យើងត្រូវតែពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មស្បៀង ដើម្បីធានាថាប្រព័ន្ធស្បៀងអាចផ្ដល់នូវស្បៀងអាហារប្រកបដោយគុណភាព និងសារធាតុចិញ្ចឹមដល់ពលរដ្ឋកម្ពុជា តាមរយៈការបង្កើននវានុវត្តន៍ និងការវិនិយោគលើប្រព័ន្ធឌីជីថល។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សាររបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នាពេលថ្មីៗនេះ តម្លៃអង្ករដែលជាមូលដ្ឋានគ្រឹះនៃរបបអាហារនៅកម្ពុជាគឺនៅថេរ។ ប៉ុន្ដែ តម្លៃអាហារសំបូរជីវជាតិដែលប្រជាជននិយមបរិភោគដូចជាពងទា បន្លែ ប្រេងឆា គឺបន្ដឡើងថ្លៃគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ៕




អត្ថបទបន្ទាប់


អត្រាការប្រាក់លើប្រាក់បញ្ញើរបស់អេស៊ីលីដាកើនជាង៥០% ក្រោយអាមេរិកដំឡើងអត្រាការប្រាក់

ព័ត៌មាន
បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ចំពោះប្រាក់ដុល្លាររបស់ខ្លួន បានជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅតាមប្រទេសនានា រួមទាំងកម្ពុជាបានដ…

ថៃពន្លឿនគម្រោងសាងសង់រថភ្លើងល្បឿលឿនថៃ-ចិនដំណាក់កាលទី២ ដែលតម្លៃសរុបជាង៨ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលថៃកំពុងពន្លឿនការសាងសង់ដំណាក់កាលទីពីរនៃផ្លូវរថភ្លើងល្បឿនលឿនពីប្រទេសថៃទៅចិន ដែលតភ្ជាប់ពីក្រុងនគររាជសីមាទៅខេត្តណងខៃ ហើយនិងផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ