ទោះបីជាបានប្រកាសបើកដំណើរការឡើងវិញក្តី តែកោះបាលីនៅខ្វះខាតជើងហោះហើរអន្តរជាតិត្រង់ មកកាន់កោះមួយនេះនៅឡើយ ជាហេតុធ្វើឲ្យចំនួនភ្ញៀវទេសចរដែលមកលេង នៅមិនទាន់ផុលផុសទេ។
អាកាសយានដ្ឋានអន្តរជាតិនៅលើកោះបាលីបានត្រៀមលក្ខណៈទទួលយកជើងហោះហើរអន្តរជាតិនានា ប៉ុន្តែបើតាមការអះអាងពីអ្នកនាំពាក្យអាកាសយាន្តដ្ឋាននៅកោះបាលីបានប្រាប់រ៉យទ័រថា រហូតមកដល់ពេលនេះមិនមានកាលវិភាគជើងហោះហើរណាមួយមកបាលីទេ។
វិធានការអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែន ដ៏តឹងរឹងរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់កោះបាលី ធ្វើឲ្យសណ្ឋាគារ ហាងទំនិញនិងអាជីវកម្មនានា ត្រូវបិទទ្វារស្ទើរទាំងស្រុង។
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេនៅអាស៊ាន បាននិងកំពុងប្រញាប់ប្រញាល់ស្តារសេដ្ឋកិច្ច ក៏ដូចជាបើកដំណើរការឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានរំកិលចុះម្តងបន្តិចៗ ចាប់តាំងពីខែកក្កដាមក។
គួរកត់សម្កាល់ថា សម្រាប់កោះបាលី អាជ្ញាធរឥណ្ឌូនេស៊ីនឹងទទួលយកភ្ញៀវទេសចរមកពីប្រទេសចំនួន១៩ប៉ុណ្ណោះ ក្នុងនោះរួមមាន ប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ញូហ្សេលែន និងប្រទេសមួយចំនួនមកពីអឺរ៉ុបខាងលិច និងប្រទេសក្នុងតំបន់អារ៉ាប់មួយចំនួនទៀត។
សូមជម្រាបថា ការបើកចំហជើងមេឃទទួលទេសចរបរទេសឡើងវិញរបស់ឥណ្ឌូនេស៊ីនេះ ធ្វើឡើងចំពេលដែលប្រទេសក្បែរខាង និងក្នុងតំបន់ជាច្រើន បាននិងកំពុងសង្វាតបើកទទួលទេសចរបរទេសទៅតាមលទ្ធភាពរៀងៗខ្លួន។
ជាក់ស្តែង ប្រទេសថៃគ្រោងបើកតំបន់ទេសចរណ៍សក្តានុពលរបស់ខ្លួនបន្ថែមទៀតហើយ ក្រោយទទួលជោគជ័យ ក្នុងគម្រោងបើកកោះភូកេត ខណៈវៀតណាមក៏មានគម្រោងបើកកោះភូគុក នៅខែក្រោយនេះដែរ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងត្រៀមខ្លួនបើកទ្វាប្រទេសទទួលយកទេសចរបរទេសឡើងវិញ នៅចុងឆ្នាំផងដែរ៕