ដោយសារតែគោលនយោបាយគាំពារនិយមរបស់ប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាជនសរុបប្រមាណ២៨០លាននាក់ បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក Apple មិនអាចលក់ទូរសព្ទ iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសនេះបានឡើយ។ ដើម្បីអាចដាក់លក់ទូរសព្ទសេរីចុងក្រោយបង្អស់របស់ខ្លួននៅក្នុងទីផ្សារនេះបាន លុះណាតែក្រុមហ៊ុន Apple បោះទុនវិនិយោគលើការសាងសង់រោងចក្រនៅក្នុងប្រទេសនេះ ឬក្រោមលក្ខខណ្ឌតម្រូវ ដែលមួយភាគធំនៃគ្រឿងបង្គុំសម្រាប់ការផលិតទូរសព្ទ iPhone ត្រូវបានផលិតនៅក្នុងប្រទេសនេះដោយផ្ទាល់។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនៃប្រទេសឥណ្ឌូនេស៊ី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសនេះគ្រោងនឹងបង្កើនទំហំវិនិយោគសម្រាប់ក្រុមហ៊ុនបរទេសលើការផលិតទូរសព្ទស្មាតហ្វូន។ ផែនការដំឡើងទំហំនៃការវិនិយោគដោយក្រុមហ៊ុនបរទេសនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានច្រានចោលសំណើរបស់ក្រុមហ៊ុន Apple ដែលស្នើសុំបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១០០លានដុល្លារអាម៉េរិក សម្រាប់ការត្រួសត្រាយផ្លូវអនុញ្ញាតឱ្យខ្លួនអាចលក់ទូរសព្ទ iPhone 16 នៅក្នុងប្រទេសនេះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានស្នើឱ្យក្រុមហ៊ុន Apple បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងសម្បើមរហូតដល់ទៅ១ពាន់លានដុល្លារអាម៉េរិក លើការផលិតគ្រឿងបង្គុំទូរសព្ទនៅក្នុងប្រទេសនេះ។
សូមបញ្ជាក់ថា គោលនយោបាយគាំពារនិយមដែលគេស្គាល់ថា TKDN របស់់ឥណ្ឌូនេស៊ី ដែលអនុវត្តចំពោះឧស្សាហកម្មសំខាន់ៗជាច្រើនរាប់ចាប់ពីបន្ទះសូឡារហូតដល់រថយន្តអគ្គិសនីនេះ ត្រូវបានដាក់ចេញយូរមកហើយក្នុងគោលបំណងការពារឧស្សាហកម្មក្នុងស្រុក និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់តម្លៃបន្ថែមនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕
ដោយ: តែម សុខុម