លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានវាយតម្លៃថា ក្រុមហ៊ុនខ្មោចឆៅ ដែលសំដៅដល់ក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរហើយនៅតែបន្តដំណើរការនៅកម្ពុជា ហាក់មានចំនួនច្រើនគួរសម ដែលភាគច្រើនស្ថិតក្នុងវិស័យអចលនទ្រព្យ សំណង់ ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម ដែលបានបន្សល់ទុកពីបញ្ហាបំណុលវ័ណ្ឌកតាំងពីអំឡុងវិបត្តិកូវីដ-១៩ មក។
សម្រាប់អ្នកជំនាញរូបនេះ ការបន្តទុកឱ្យក្រុមប្រភេទនេះក្រាញននៀលរស់ទាំងត្រដរខ្យល់ មិនមែនជាជម្រើសល្អឡើយ ដ្បិតអាចធ្វើឱ្យរាំងស្ទះដល់ធនធានហិរញ្ញវត្ថុ និងកម្លាំងពលកម្មនៅកន្លែងដែលគ្មានផលិតភាព ដូច្នេះដើម្បីបង្កើនប្រសិទ្ធភាពក្នុងទីផ្សារ គួរតែជំរុញឱ្យក្រុមហ៊ុនទាំងនោះបិទទ្វារតែម្តង។ តែយ៉ាងណាអ្នកជំនាញរូបនេះបានព្រមានថា ការបិទក្រុមហ៊ុនទាំងនេះអាចបង្កជាហានិភ័យមួយចំនួនដូចជាកំណើនបំណុលខូច ការបាត់បង់ការងារបណ្តោះអាសន្ន និងផលប៉ះពាល់លើខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម។ ដើម្បីដោះស្រាយវិបត្តិនេះ លោកបណ្ឌិតយល់ថា គួរតែមានការរៀបចំដំណើរការរំលាយក្រុមហ៊ុនដោយតម្លាភាព និងបែងចែកទ្រព្យសងម្ចាស់បំណុលដោយយុត្តិធម៌ ខណៈធនាគារត្រូវហ៊ានទទួលស្គាល់ការខាតបង់ ដើម្បីជួយក្រុមហ៊ុនណា ដែលមានសក្តានុពលពិតប្រាកដ។
មិនខុសគ្នានោះទេ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានគូសបញ្ជាក់ថា ការបិទក្រុមហ៊ុនខ្មោចឆៅភ្លាមៗអាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់ការងាររបស់ប្រជាពលរដ្ឋ មុខមាត់ប្រទេសជាតិ និងទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ។ ទោះជាយ៉ាងណាការបន្តទុកឱ្យក្រុមហ៊ុនទាំងនោះរស់ទាំងត្រដាបត្រដួសនឹងធ្វើឱ្យខាតបង់ដើមទុនជាតិ និងប៉ះពាល់ដល់ថវិកាដែលត្រូវប្រើប្រាស់លើវិស័យដែលមានប្រសិទ្ធភាព។ សម្រាប់អ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលត្រូវកំណត់អត្តសញ្ញាណក្រុមហ៊ុនខ្មោចឆៅទាំងនោះថា ក្រុមហ៊ុនប្រភេទណាអាចស្តារឡើងវិញបាន ដើម្បីជួយអន្តរាគមន៍ឱ្យអាចរស់រានឡើងវិញ និងក្រុមហ៊ុនណាដែលមិនអាចស្តារឡើងវិញបាន ដើម្បីបិទចោលតែម្តង។
តាមការវាយតម្លៃរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក សេដ្ឋកិច្ចកំពុងរងបន្ទុកដោយសារក្រុមហ៊ុនខ្មោចឆៅ ពោលគឺក្រុមហ៊ុន ឬអាជីវកម្ម ដែលនៅតែបន្តប្រតិបត្តិការ ទោះបីជាខ្លួនខាតបង់ប្រាក់ក៏ដោយ ដោយអាជីវកម្មទាំងនោះ គឺជាកង្វល់ផ្នែកគោលនយោបាយកាន់តែធ្ងន់ធ្ងរឡើង ដ្បិតពួកគេនៅតែអាចទទួលបានឥណទាន ដែលមើលទៅដូចជាវិធីមួយ ដើម្បីរក្សាការងារ និងធ្វើឱ្យទីផ្សារមានស្ថិរភាព ប៉ុន្តែការចំណាយដែលលាក់កំបាំង គឺជាបញ្ហាគួឱ្យបារម្ភទៅលើបញ្ហាដើមទុនជាប់គាំង និងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ៕