វិស័យសេដ្ឋកិច្ច

ឯកឧត្តម វង្សី វិស្សុត ៖ គោលដៅរបស់យើងមិនមែនរៀបចំច្បាប់ឱ្យបានច្រើន តែត្រូវរៀបចំ «ច្បាប់ឱ្យបានល្អ» ដើម្បីជំរុញសេដ្ឋកិច្ច


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា មិនគួរផ្តោតលើការបង្កើតច្បាប់ឱ្យបានច្រើននោះទេ ប៉ុន្តែត្រូវផ្តោត​លើការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យមានគុណភាព ច្បាស់លាស់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រការវិនិយោគ សហគ្រិនភាព និងកំណើនសេដ្ឋកិច្ច។
វិស័យសេដ្ឋកិច្ច
ដោយ

នៅពេលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន និងធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោកកាន់តែស៊ីជម្រៅ កំណើនប្រកបដោយចីរភាពនឹងពឹងផ្អែកកាន់តែខ្លាំងលើផលិតភាព នវានុវត្តន៍ និងគុណភាពស្ថាប័ន។ ក្នុងបរិបទនេះ ការកែទម្រង់ប្រព័ន្ធច្បាប់ គឺជាផ្នែកមួយដែលមិនអាចផ្តាច់ចេញពីការកែទម្រង់សេដ្ឋកិច្ច និងការកែទម្រង់អភិបាលកិច្ចបានឡើយ។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធស្ថាប័នសម្រាប់គ្រប់គ្រងសេដ្ឋកិច្ច និងប្រទេស។ ប្រសិនបើរៀបចំបានល្អ វាអាចជួយការពារពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគ សហគ្រិនភាព និងការប្រកួតប្រជែង។ ផ្ទុយទៅវិញ ច្បាប់ដែលមានគុណភាពទាបអាចបង្កើតបន្ទុកមិនចាំបាច់ ការជាន់សមត្ថកិច្ច ភាពមិនច្បាស់លាស់ និងការអនុវត្តមិនស្របគ្នា ដែលអាចរារាំងការវិនិយោគ និងសកម្មភាពអាជីវកម្ម។ នេះជាការលើកឡើងនេះរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ក្នុង សិក្ខាសាលាស្តីពី «ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP)» ដែលរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ៖ «គោលដៅរបស់យើងមិនមែនត្រូវរៀបចំច្បាប់ឱ្យបានច្រើន ឬមិនត្រូវរៀបចំច្បាប់សោះនោះទេ។ អ្វីដែលសំខាន់ គឺត្រូវរៀបចំច្បាប់ឱ្យបានល្អ សម្រាប់បម្រើគោលបំណងដែលត្រឹមត្រូវ និងច្បាស់លាស់ ហើយអនុវត្តឱ្យបានត្រឹមត្រូវ មិនលើស និងមិនខ្វះ»។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃ ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ដែលមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ប៉ុន្តែជាការដាក់ឱ្យដំណើរការឡើងវិញ ដោយត្រូវពង្រឹងប្រព័ន្ធ ស្ថាប័ន និងសមត្ថភាព ព្រមទាំងរៀបចំក្របខណ្ឌច្បាប់ គោលនយោបាយ និងវិធានសម្រាប់គ្រប់គ្រងការងារ(រៀរ /RIA) ឱ្យបានរឹងមាំ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃយន្តការ (រៀរ /RIA) ពឹងផ្អែកយ៉ាងសំខាន់លើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ក្រសួង ស្ថាប័នដែលជាអ្នកអនុវត្តផ្ទាល់។ ដើម្បីឱ្យយន្តការនេះអាចដំណើរការបានប្រកបដោយនិរន្តរភាព ទីស្តីការគណៈរដ្ឋមន្ត្រីនឹងផ្តល់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់ក្រសួង ស្ថាប័ន រហូតដល់អាចអនុវត្តការងារនេះដោយខ្លួនឯង។
ឯកឧត្តម វង្សី វិស្សុត ក៏បានជំរុញឱ្យកម្ពុជា ហ៊ានបែងចែកថវិកាជាតិ ដើម្បីគាំទ្រការអនុវត្តមុខងារនីតិកម្ម ការកែទម្រង់ច្បាប់ និងមុខងារ (រៀរ /RIA) ដោយមិនគួរពឹងផ្អែកតែលើជំនួយពីដៃគូអភិវឌ្ឍន៍នោះឡើយ។

សម្រាប់ការផ្លាស់ប្តូរពីគោលនយោបាយទៅការអនុវត្ត (រៀរ /RIA) នៅតាមក្រសួង ស្ថាប័ន ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងប្រព័ន្ធការអភិវឌ្ឍសមត្ថភាព និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ត្រូវដំណើរការស្របគ្នា មិនអាចរង់ចាំឱ្យផ្នែកមួយបញ្ចប់សិន ទើបចាប់ផ្តើមផ្នែកមួយទៀតឡើយ។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានចាត់ទុកការផ្តួចផ្តើមរៀបចំ គោលនយោបាយជាតិស្តីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP) ថា ជាការងារចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត ក៏ជាផ្នែកមួយនៃក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់រយៈពេល២០ឆ្នាំរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើសសរស្តម្ភធំៗពីរ គឺ ការកសាងប្រព័ន្ធច្បាប់ដែលមានបូរណភាព និង ការកសាងវប្បធម៌នីតិរដ្ឋ

នៅក្នុងសិក្ខាសាលានេះ លោកជំទាវ Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេន ប្រចាំកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព តម្លាភាព និងប្រសិទ្ធភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។
លោកជំទាវបានលើកឡើងថា លិខិតបទដ្ឋានគតិយុត្តដែលមានគុណភាព មានសារៈសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចដែលមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង ខណៈ(រៀរ /RIA) ដើរតួនាទីសំខាន់ក្នុងដំណើរការនេះ។ ចំណែកគោលនយោបាយជាតិស្តីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត ក៏មានសារៈសំខាន់សម្រាប់កម្ពុជា ដោយសារវាមានឥទ្ធិពលលើវិស័យសេដ្ឋកិច្ច និងសង្គមទាំងមូល៕




អត្ថបទបន្ទាប់


តើការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ អាចបាត់ពីទីផ្សារកម្ពុជាទេ ក្រោយចលនាធ្វើពហិការរបស់ពលរដ្ឋនៅតែបន្ត?

ការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ ក្នុងទីផ្សារកម្ពុជា នាពេលកន្លងមក មានចលនា​ផុសផុល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា…

អ្នកតាមដានសង្គមជំរុញឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតវែកមុខអ្នកពាក់ព័ន្ធ ក្រោយបារីអេឡិចត្រូនិក ឬ Vape បន្តវាយលុកលើកុមារ និងយុវជន

តាមរយៈវីដេអូជាច្រើន ដែលបានបែកធ្លាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះបានស្តែងឱ្យឃើញពីទិដ្ឋភាពរបស់យុវជន និងកុមារជាច្រើននាក់ហាក់បង្ហាញពីការបាត់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ