ទីផ្សារអាជីវកម្ម​

តើការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ អាចបាត់ពីទីផ្សារកម្ពុជាទេ ក្រោយចលនាធ្វើពហិការរបស់ពលរដ្ឋនៅតែបន្ត?


ការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ ក្នុងទីផ្សារកម្ពុជា នាពេលកន្លងមក មានចលនា​ផុសផុល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែនៅមួយរយៈចុងក្រោយ ពោលគឺបន្ទាប់ពីយោធាចូលឈ្លានពានកម្ពុជា រួចមក ស្រាប់តែចរន្តគាំទ្របានដាំក្បាលចុះយ៉ាងគំហុក​។
ទីផ្សារអាជីវកម្ម​
ដោយ

កត្តានេះបានជំរុញឱ្យម៉ាកយីហោល្បីៗរបស់ថៃ ដូចជាស្ថានីយប្រេងឥន្ធនៈ PTT ហាងកាហ្វេអាម៉ាហ្សូន និងហាងលក់ទំនិញ 7-Eleven ជាដើម ត្រូវបានអ្នករកស៊ីនៅកម្ពុជា ទម្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការចោទជាសំណួរថា តើការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ អាចបាត់ពីទីផ្សារកម្ពុជា ទេ?

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ ការធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ នៅក្នុងទីផ្សារកម្ពុជា មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈម្ចាស់អាជីវកម្មមួយចំនួនបានសម្រេចចិត្តទម្លាក់ស្លាកចេញ និងរុះរើរចនាសម្ព័ន្ធ ហើយងាកមកធ្វើអាជីវកម្មជាមួយស្លាកយីហោផ្សេងជំនួសវិញ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ អ្នកធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ គួរតែពិចារណារុះរើអាជីវកម្មរបស់ខ្លួន ព្រោះការរង់ចាំពេលវេលានឹងធ្វើឱ្យពួកគេខាតបង់កាន់តែច្រើន។ បើតាមលោកឧកញ៉ា តែ តាំងប៉ ការធ្វើពហិការរបស់ពលរដ្ឋខ្មែរប្រឆាំងសកម្មភាពអមនុស្សធម៌របស់យោធាថៃ នឹងធ្វើឱ្យអាជីវកម្ម និងផលិតផលថៃបាត់វត្តមានកាន់តែច្រើនក្នុងទីផ្សារកម្ពុជានាពេលពេលខាងមុខ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រសង្គម និងជាអ្នកតាមដានហេតុការសង្គមផងនោះសង្កេតឃើញថា សកម្មភាពឈ្លានពាន និងការបំពានកិច្ចព្រមព្រៀងរបស់យោធាថៃ បានដុតកំហឹងពលរដ្ឋខ្មែរ និងបានធ្វើឱ្យកើតមានការធ្វើពហិការលើផលិតផលថៃនៅក្នុងទីផ្សារកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ អ្នកមានធនធាននៅកម្ពុជាគួរតែពិចារណាឈប់ធ្វើអាជីវកម្មជ្រកក្រោមស្លាកយីហោរបស់ថៃ ហើយងាកមកគាំទ្រផលិផលក្នុងស្រុក និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបុព្វហេតុជាតិ និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា មកទល់ពេលនេះ មានអាជីវកម្ម និងផលិតផលថៃ មួយចំនួនក្នុងទីផ្សារកម្ពុជាបានចាប់ផ្តើមទម្លាក់ស្លាកយីហោ ឬបាត់បង់វត្តមានជាបន្តបន្ទាប់ ដោយសាររលកនៃការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារជម្លោះព្រំដែន។ ជាក់ស្ដែងម៉ាកយីហោល្បីៗរបស់ថៃ ដូចជាស្ថានីយប្រេងឥន្ធនៈ PTT ហាងកាហ្វេអាម៉ាហ្សូន និងហាងលក់ទំនិញ 7-Eleven ជាដើម កំពុងជួបការរង្គោះរង្គើ និងឈានទៅរកការបាត់វត្តមានជាបណ្តើរៗ។ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នេះអាចជាសញ្ញាព្រមានមួយចំពោះអនាគតនៃអាជីវកម្មថៃ នៅកម្ពុជា ប្រសិនបើស្ថានភាពទំនាក់ទំនង និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងស្រុកនៅតែបន្តធ្លាក់ចុះ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ដឹកនាំសេដ្ឋកិច្ច WEF នៅទីក្រុងហ្សឺណែវ ផ្តោតកិច្ចពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច និងសន្តិសុខថាមពលពិភពលោក

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំ ២០២៦…

ឯកឧត្តម វង្សី វិស្សុត ៖ គោលដៅរបស់យើងមិនមែនរៀបចំច្បាប់ឱ្យបានច្រើន តែត្រូវរៀបចំ «ច្បាប់ឱ្យបានល្អ» ដើម្បីជំរុញសេដ្ឋកិច្ច

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា មិនគួរផ្តោតលើការបង្កើតច្បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ