ហានិភ័យអប្បផរណានៅប្រទេសចិន កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា ហានិភ័យអប្បផរណារបស់មហាយក្សចិន កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ


ប្រធានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មាន នីកេ អេស៊ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា លោកមានការព្រួយបារម្ភពីការកើនឡើងហានិភ័យអប្បផរណា (Deflation) ឬការធ្លាក់ចុះថ្លៃទំនិញ និងសេវាកម្មក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ និងធំបំផុតទី២របស់ពិភពលោក ដែលជាលទ្ធផលនឹងជះផលប៉ះពាល់ដល់បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ។
ហានិភ័យអប្បផរណានៅប្រទេសចិន កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ
ដោយ

លោក គ្រឹះស្នា ស្រ៊ីនីវ៉ាសាន់ (Krishna Srinivasan) ប្រធានស្ថានប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំតំបន់ប៉ាស៊ីហ្វិក បានលើកឡើងក្នុងបទសម្ភាស មួយកាលពីសប្ដាហ៍មុនថា ហានិភ័យអប្បផរណាកំពុងកើនឡើងនៅក្នុងប្រទេសចិន ហើយបានគូសបញ្ជាក់ថា វាជាក្ដីបារម្ភដ៏ធំមួយ ខណៈដែលអតិផរណាធ្លាក់ចុះទាបខ្លាំងពេក ហើយតម្រូវការក្នុងស្រុកក៏ធ្លាក់ចុះនៅក្នុងប្រទេសនេះ។

អ្នកជំនាញរូបនេះបានបន្ថែមថា អតិផរណាស្នូល ដែលមិនរាប់បញ្ចូលថ្លៃចំណីអាហារ និងប្រេងឥន្ធនៈ គឺស្ថិតក្នុងកម្រិតទាបខ្លាំងក្នុងរង្វង់ត្រឹមតែ០,១%ប៉ុណ្ណោះកាលពីអំឡុងខែកញ្ញា ដោយធ្លាក់ចុះពី០,៣%ក្នុងខែសីហា ដែលនេះជាសញ្ញាបង្ហាញពីការកើនឡើងហានិភ័យអប្បផរណា។

អ្នកជំនាញរូបនេះមើលឃើញថា ហានិភ័យអប្បផរណាទាំងនេះអាចនឹងធ្វើឱ្យសេដ្ឋកិច្ចចិន ដាំក្បាលចុះកាន់តែខ្លាំង ហើយជាលទ្ធផលវានឹងជះផលប៉ះពាល់ដល់បណ្ដាប្រទេសផ្សេងទៀតនៅអាស៊ី ដោយសារប្រទេសទាំងនេះមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន។

អតិផរណា (Inflation) សំដៅដល់ស្ថានភាពស្រុកទេសដែលទំនិញ និងសវាកម្មឡើងថ្លៃ ហើយតម្លៃលុយចុះថោក រីឯអប្បផរណា (Deflation) ជាពាក្យផ្ទុយដែលសំដៅដល់ស្ថានភាពស្រុកទេសដែលតម្លៃទំនិញ និងសេវាកម្មចុះថោក។

ជាការពិតណាស់ថា នៅពេលទំនិញ និងសេវាកម្មចុះថោកដែលភាសាបច្ចេកទេសហៅក្ដោបរួមថា អប្បផរណា វានឹងជួយឱ្យពលរដ្ឋមានលទ្ធភាពចាយស្រួល និងច្រើនជាងមុន។ ប៉ុន្តែទន្ទឹមនេះ អប្បផរណា ក៏អាចទាញសេដ្ឋកិច្ចរបស់ប្រទេសមួយឱ្យធ្លាក់ចូលក្នុងវិបត្តិផងដែរ ព្រោះវានឹងធ្វើឱ្យអតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ ហើយការបាត់បង់អ្នកទិញនេះ នឹងធ្វើឱ្យក្រុមហ៊ុនសហគ្រាសនានាត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្ម បញ្ចុះតម្លៃបន្ថែមទៀត ដើម្បីបញ្ចេញស្តុកទំនិញដែលគាំងលក់មិនចេញ ហើយក៏ឈានទៅដល់ការកាត់បន្ថយបុគ្គលិកដែលធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ហើយសរុបមក វានឹងទាញកំណើនសេដ្ឋកិច្ចទាំងមូលឱ្យដាំក្បាលចុះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC អះអាងថា ផែនការវិនិយោគរបស់ខ្លួននៅអាម៉េរិក គ្មានការប្រែប្រួលនោះទេ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានអះអាងថា ផែនការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាម៉េរិក នៅតែបន្តដំណើរការជាធម្មតា បើទោះបីជាល…

វិនិយោគិនចិនស្វែងយល់ពីឱកាសវិនិយោគក្នុងផែនការមេតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ អ្នកស្រី Peng Dan ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអ្នកដឹកនាំធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ