ឆបោកតាមអនឡាញ

ពីតំបន់សេដ្ឋកិច្ចទៅជាមជ្ឈមណ្ឌលស្កេម! តើរដ្ឋាភិបាល គួរលុបចោលសម្បទានដីសេដ្ឋកិច្ចនៅតំបន់តារាសាគរ ឬយ៉ាងណា?


ការចេញផ្សាយវីដេអូស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញនៅតំបន់អភិវឌ្ឈន៍ Long Bay នៅតំបន់តារាសាគរ ខេត្តកោះកុង កំពុងបង្កជាក្តីបារម្ភធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា ព្រមទាំងបរិយាកាសវិនិយោគ និងវិស័យទេសចរណ៍។
ឆបោកតាមអនឡាញ
ដោយ

ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគសេដ្ឋកិច្ច-សង្គម និងវិទ្យាសាស្ត្រនយោបាយ បានស្នើឱ្យរដ្ឋាភិបាល បន្តស៊ើបអង្កេតឱ្យដល់ឫសគល់ និងអនុវត្តច្បាប់ដោយគ្មានការយោគយល់ ឬលើកលែងចំពោះបុគ្គលមានអំណាច ឬឋានៈខ្ពស់ណាដែលនៅពីក្រោយខ្នងរឿងនេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានអះអាងថា ទីតាំងប្រព្រឹត្តការឆបោកនេះត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបរួចរាល់ហើយ ហើយបច្ចុប្បន្នអាជ្ញាធរកំពុងដេញតាមក្រសោបមេខ្លោង និងខ្សែបណ្តាញដែលនៅសេសសល់មកផ្តន្ទាទោសតាមច្បាប់។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា ដើម្បីស្តារកេរ្តិ៍ឈ្មោះប្រទេសជាតិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋជិត១៨លាននាក់ រដ្ឋាភិបាលចាំបាច់ត្រូវអនុវត្ត កណ្តាប់ដៃដែកក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកបច្ចេកវិទ្យាឱ្យដល់ឫសគល់ ដោយមិនត្រូវយោគយល់ដល់បុគ្គលណាឡើយ ទោះជាបុគ្គលនោះមានអំណាច ឬខ្នងបង្អែកក្រាស់ក្រៃយ៉ាងណាក៏ដោយ។ លោកបណ្ឌិត បានព្រមានថា ប្រសិនបើសារព័ត៌មានអន្តរជាតិនៅតែបន្តកាយគាស់ និងចុះផ្សាយពីករណីឆបោកអនឡាញនៅកម្ពុជាជាបន្តបន្ទាប់ទៀតនោះ រូបភាពវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ នឹងត្រូវដួលរលំ ហើយផលប៉ះពាល់ផ្ទាល់នឹងធ្លាក់ទៅលើវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេស។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា រដ្ឋាភិបាលមិនគួរបដិសេធការចុះផ្សាយរបស់អន្តរជាតិភ្លាមៗនោះទេ ប៉ុន្តែគួរតែប្រើប្រាស់របាយការណ៍ស៊ើបអង្កេតទាំងនោះធ្វើជាតម្រុយ និងពន្លឺ ដើម្បីបើកការស្រាវជ្រាវ និងវះកាត់បង្ក្រាបមេខ្លោងធំៗ ដែលនៅពីក្រោយខ្នងប្រតិបត្តិការខ្មៅងងឹតនេះ។ អ្នកជំនាញរូបនេះបានចង្អុលបង្ហាញថា ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសបានស្តែងឱ្យឃើញពីគម្លាតយ៉ាងធំរវាងស្ថានភាពជាក់ស្តែង និងការប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ។ ភាពមិនស៊ីសង្វាក់គ្នានេះ គឺជាថ្នាំពុលដែលបំផ្លាញទំនុកចិត្តវិនិយោគិន ហើយកម្ពុជាអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីស្តាររូបភាព និងទំនុកចិត្តពីសហគមន៍អន្តរជាតិឡើងវិញ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយបានសម្តែងការសោកស្តាយ ដែលតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសតារាសាគរ ដែលធ្លាប់ជាក្តីសង្ឃឹមសេដ្ឋកិច្ច បែរជាត្រូវបានគេស្គាល់នៅលើឆាកអន្តរជាតិក្នុងនាមជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មស្កេមទៅវិញ។ លោកយល់ថា រដ្ឋាភិបាលគួរតែពិនិត្យ និងធ្វើសវនកម្មឡើងវិញលើកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចទាំងអស់។ ប្រសិនបើកោសល្យវិច័យរកឃើញថា ម្ចាស់សម្បទានរូបណាបានប្រព្រឹត្ត ឬបណ្តែតបណ្តោយឱ្យមានបទល្មើសបំផ្លាញកេរ្តិ៍ឈ្មោះជាតិ រដ្ឋាភិបាលត្រូវតែប្រើវិធានការផ្លូវច្បាប់ចាត់ការ និងឈានទៅដល់ការដកហូតដីសម្បទានត្រឡប់មកវិញ។ លោក អ៊ូ វីរៈ បានបន្ថែមថា ការសង្ស័យមានមន្ត្រីមានអំណាចនៅកាងពីក្រោយខ្នងបទល្មើសឆ្លងដែននេះ គឺជាបញ្ហាដែលត្រូវការការស៊ើបអង្កេតស៊ីជម្រៅ ហើយត្រូវប្រកាសលទ្ធផល និងភស្តុតាងឱ្យមានតម្លាភាពបំផុតចំពោះមុខសាធារណជន។

ដោយឡែក លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបកស្រាយថា រូបភាព និងទីតាំងនៅក្នុងវីដេអូស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ដែលទើបចេញផ្សាយកាលពីពេលថ្មីៗ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការបង្ក្រាប និងកម្ទេចបណ្តាញឆបោករួចរាល់ហើយ។ លោកបានបញ្ជាក់ថា វីដេអូនេះជាការចងក្រង និងបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរបស់ Al Jazeera ដោយភ្ជាប់ជាមួយនឹងប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជាកន្លងមក។ អ្នកនាំពាក្យរងរូបនេះបានអះអាងថា តំបន់អភិវឌ្ឍន៍ Long Bey នៅតំបន់តារាសាគរក្នុងខេត្តកោះកុង លែងមានសកម្មភាពឆបោកឆ្លងដែនទៀតហើយ ខណៈសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកមេខ្លោងដែលនៅពីក្រោយបទល្មើស និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលកំពុងរត់គេចខ្លួន។ ពាក់ព័ន្ធនឹងរថយន្តពាក់ផ្លាកលេខនគរបាល និងបិទអក្សរប៉ូលិសដែលបុគ្គលឈ្មោះ Deng Pibing ដែលជាមេខ្លោងឆបោកតាមអនឡាញនៅតំបន់ Long Bay ជិះ ត្រូវបានលោក ទូច សុឃៈ សន្និដ្ឋានថា អាចជាការក្លែងបន្លំ ព្រោះស្ថាប័នរដ្ឋមិនអនុញ្ញាតឱ្យយករថយន្តរបស់រដ្ឋទៅបម្រើផលប្រយោជន៍របស់បុគ្គល ជាពិសេសបម្រើសកម្មភាពមិនគប្បីណាមួយឡើយ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ភ្ញៀវទេសចរជាង២លាននាក់បានដើរលេងកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ តើវាបានរួមចំណែកជួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចយ៉ាងណាដែរ?

វិបត្តិសកល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើវិស័យទេសចរណ៍កម្ពុជា ដោយបានទាញទម្លាក់លំហូរភ្ញៀវទេសចរបរទេសឱ្…

តើកសិករគួរត្រៀមខ្លួនបែបណា ដើម្បីទប់ទល់ និងការពារផលដំណាំបង្កឡើងដោយបាតុភូតអែលនីញ៉ូ?

ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ប្រទេសកម្ពុជានឹងត្រូវប្រឈមមុខនឹងគ្រោះរាំងស្ងួត និងរលកកម្តៅក្តៅហួតហែងយ៉ាងធ្ងន់ធ្ងរ ដោយសារឥទ្ធិពលនៃបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ