បើតាមរបាយការណ៍ដដែលនេះ បំណុលនៅក្នុងប្រទេសកំពុងមានទីផ្សាររីកចម្រើនទាំងអស់ក្នុងតំបន់មានចំនួនសរុបជាង ២៥២%នៃផលិតផលក្នុងស្រុកសរុប កើនឡើងពី២៥០% កាលពីឆ្នាំមុន។ ជាក់ស្តែងបំណុលរដ្ឋសរុបរបស់ប្រទេសសិង្ហបុរី បានកើនឡើងដល់ជាង ១៧៦% នៃផលិតផលក្នុងស្រុកសរុប កើនឡើងពីជាង ១៤៧%។ ចំណែកចិន ដែលជាសេដ្ឋកិច្ចធំទី២របស់ពិភពលោក និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អាស៊ីនោះ ក៏មានកំរិតបំណុលរដ្ឋកើនឡើងផងដែរ ពោលគឺបានកើនពីប្រមាណ ៧០% មកដល់ជាង ៧៦% នៃផលិតផលក្នុងស្រុកសរុប។
ដោយឡែកក្រៅពីបំណុលរដ្ឋ បំណុលឯកជននៅក្នុងបណ្តាប្រទេសទីផ្សារកំពុងរីកចម្រើនផ្សេងទៀតនៅអាស៊ីក៏កើនឡើងដូចគ្នាដែរ។ នៅប្រទេសវៀតណាម បំណុលសាជីវកម្មបានកើនឡើងពី ១០០% ដល់ជិត១០៨%នៃផលិតផលក្នុងស្រុកសរុប។ ចំណែកបំណុលក្នុងគ្រួសារនៅទីក្រុងហុងកុង បានកើនឡើងពីជាង៩២% ដល់ ៩៤% ។
សរុបនៅទូទាំងពិភពលោកវិញ ទាំងបំណុលសាធារណៈរបស់រដ្ឋ និងឯកជនបានកើនឡើងដល់ ជិត៣៥០% នៃGDPសរុបសកលលោក គិតក្នុងខែមេសាដល់ខែមិថុនា ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេលប្រាំត្រីមាសចុងក្រោយ។
របាយការណ៍នេះគូសបញ្ជាក់ថា ការកើនឡើងនៃបំណុលក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅអាស៊ី សបញ្ជាក់ឱ្យឃើញពីផលប៉ះពាល់ ដែលបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនទីផ្សារ។ ក្តីព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសចិន និងតំបន់អឺរ៉ុបផងដែរ គួបផ្សំនឹងការកើនឡើងនៃភាពតានតឹងក្នុងតំបន់ និងពិភពលោក វិបត្តិថាមពល និងតម្លៃអាហារកាន់តែខ្ពស់ ទំនងជានឹងជំរុញឱ្យរដ្ឋាភិបាលនីមួយៗខ្ចីបំណុលកាន់តែច្រើន។
សូមជម្រាបថា វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ IIF ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា អត្រាបំណុលជាសកលធៀបនឹងកំរិត GDP នឹងឈានដល់ ៣៥២%នៅចុងឆ្នាំ២០២២នេះ៕