នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថា កម្ពុជាពិតជាមានតម្រូវការនាំចូលបន្លែ និងផ្លែឈើពីបរទេសសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋពិតប្រាកដមែន បើទោះបីជាកម្ពុជា ជាប្រទេសកសិកម្មមួយនៅលើពិភពលោកក៏ដោយ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកបញ្ហាលំហូរចូលកសិផលពីបរទេសនេះ គឺជាចំណុចខ្សោយមួយរបស់កម្ពុជា ដែលត្រូវដោះស្រាយ ដ្បិតថា ថ្លៃដើមផលិតកសិកម្មរបស់កម្ពុជា នៅមានកម្រិតខ្ពស់ គួបផ្សំការផ្គត់ផ្គង់មិនមានស្ថិរភាពដែលជំរុញឱ្យកម្ពុជា ត្រូវនាំចូលកសិផលមួយចំនួនជាពិសេសបន្លែសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម រំពឹងថា តាមរយៈគម្រោងសហគមន៍កសិកម្មទំនើបនឹងអាចដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាជួយកាត់បន្ថយការនាំចូលបន្លែ និងផ្លែឈើពីក្រៅប្រទេស។
មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា កម្ពុជាមិនអាចបិទ មិនឱ្យមានការនាំចូលកសិផលពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជា នោះទេ ដ្បិតថា លំហូរនាំចេញនាំចូលនូវបន្លែផ្លែឈើ គឺជាលំហូរពាណិជ្ជកម្មសេរី ដោយកម្ពុជា ក៏ត្រូវនាំចេញទៅកាន់ប្រទេសផ្សេងៗដូចគ្នាផងដែរ។ យ៉ាងណាក៏ដោយ កម្ពុជានឹងរឹតបន្តឹង លើត្រួតពិនិត្យរកសារធាតុគីមីហាមឃាត់ឱ្យបានត្រឹមត្រូវ មុននឹងឱ្យកសិផលទាំងនោះហូរចូលមកកម្ពុជា។ ម្យ៉ាងទៀតកម្ពុជា មិនអាចបិទការនាំចូលពីទីផ្សារខាងក្រៅ ទាំងដែលកម្ពុជាមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងនោះដែរ។
គួរជម្រាបថា គោលបំណងនៃការចងក្រងជាសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីប្រែក្លាយការធ្វើកសិកម្មពីលក្ខណៈគ្រួសារឱ្យទៅជាការធ្វើកសិកម្មបែបសហគ្រាសសេដ្ឋកិច្ចមួយ ដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ទាំងផ្នែកតម្លៃ បរិមាណ និងគុណភាព ដែលនឹងលើកកម្ពស់ដល់ការប្រកួតប្រជែងរបស់វិស័យកសិកម្មកម្ពុជា៕