នៅក្នុងឱកាសជួបសម្ដែងការគួរសម ជាមួយឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ស៊ឺន សាយ អគ្គនាយកសារព័ត៌មានឌីជីថល ខេមបូណូមីស បានស្នើទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយនឹង អង្គភាពទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) និងទូរទស្សន៍ជាតិនៃកម្ពុជា (ទទក) ក្នុងការផ្លាស់ប្ដូរមាតិការព័ត៌មានសម្រាប់ការផ្សព្វផ្សាយរវាងគ្នា ក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែទូលំទូលាយទៅកាន់សាធារណជន ពិសេសព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ខណៈដែលព័ត៌មានទាំងអស់នេះ គឺជាកិច្ចការស្នូលមួយ ដែលសារព័ត៌មានឌីជីលខេមបូណូមីសបាននិងកំពុងធ្វើប្រចាំថ្ងៃ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា ជាគោលការណ៍ ឯកឧត្តមបានឯកភាពយ៉ាងពេញទំហឹងចំពោះសំណើនេះ ហើយឯកឧត្តមក៏បានណែនាំឲ្យអង្គភាពសារព័ត៌មានឌីជីថលខេមបូណូមីស រៀបចំឯកសារពាក់ព័ន្ធ ដើម្បីពិនិត្យ និងឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងជំនួបសម្ដែងការគួរសមនោះដែរ អង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស ក៏បានភ្ជាប់ជាមួយនូវអំណោយអង្ករចំនួន១តោន ជូនឯកឧត្តមខៀវ កាញារីទ្ធ សម្រាប់ប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ផងដែរ។
សូមបញ្ជាក់ថា សារព័ត៌មានឌីជីថលខេមបូណូមីស គឺជាអង្គភាពសារព័ត៌មានឌីជីថលឈានមុខគេមួយ ដែលផ្ដោតលើការផ្សព្វផ្សាយព័ត៌មានលម្អិត ស៊ីជម្រៅពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាតិ និងអន្តរជាតិ រួមទាំងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយការទូតអន្តរជាតិសំខាន់ៗ។
ត្រូវបានចុះបញ្ជីនៅក្រសួងព័ត៌មានតាំងពីឆ្នាំ២០១៧ មកទល់ពេលបច្ចុប្បន្ននេះ សារព័ត៌មានឌីជីលថលខេមបូណូមីស មានប្រិយមិត្តតាមដានទស្សនារាប់លាននាក់។ ជាក់ស្ដែង គិតត្រឹមពេញមួយឆ្នាំ២០២២កន្លងទៅនេះ ទំព័រហ្វេសប៊ុករបស់ ខេមបូណូមីស មានអ្នកទស្សនាវីដេអូរហូតដល់ជាង ១៦៦លាននាទី។ បច្ចុប្បន្ន សារព័ត៌មានឌីជីថល ខេមបូណូមីស មានកម្មវិធីផ្សាយព័ត៌មានសំខាន់ៗដូចជា កម្មវិធីព័ត៌មានសេដ្ឋកិច្ចសាកលព្រឹកនេះ ដែលមានផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៧ព្រឹកតទៅ។ កម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះ មានផ្សាយជូនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៨យប់តទៅ។ លើសពីនេះ ខេមបូណូមីស ក៏មានកម្មវិធីកិច្ចពិភាក្សាសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលផ្សាយជូនរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១៖៣០នាទីព្រឹកតទៅ។
សូមជម្រាបថា ក្រៅពីទំព័រហ្វេសប៊ុក ខេមបូណូមីស ក៏មាន Channel យូធូប តេឡេក្រាម និង TikTok ជាដើម៕