កិច្ចព្រមព្រៀងលើជម្លោះរឿងអង្ករ

ចិននិងអូស្ត្រាលីបានឈានដល់កិច្ចព្រមព្រៀងលើជម្លោះរឿងអង្ករ និងលើការផ្អាកបណ្ដឹងនៅអង្គការពាណិជ្ជកម្មពិភពលោក


រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេន្នី វុង (Penny Wong) បាននិយាយថា អូស្ត្រាលីនឹងផ្អាកបណ្ដឹងរបស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក ខណៈដែលចិនងាកមកត្រួតពិនិត្យពន្ធដែលដាក់លើអង្ករអូស្ត្រាលីឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងធ្លាប់បានអះអាងនៅក្នុងខែឧសភាឆ្នាំ 2020 ថា ខ្លួននឹងយកពន្ធជាង ៨០% លើការនាំចូលអង្កររបស់អូស្ត្រាលី។ នេះបើយោងតាមសារព័ត៌មាន សោស ឆៃណា ម័រនីង ប៉ុស្តិ៍។
ចិននិងអូស្ត្រាលីបានឈានដល់កិច្ចព្រមព្រៀងលើជម្លោះរឿងអង្ករ និងលើការផ្អាកបណ្ដឹងនៅអង្គការពាណិជ្ជកម្មពិភពលោក

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេន្នី វុង (Penny Wong) បាននិយាយនៅថ្ងៃអង្គារ ទី១១ មេសា ថា ប្រទេសអូស្ត្រាលីបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីដោះស្រាយជម្លោះរបស់ពួកគេលើការនាំចូលអង្កររបស់អូស្ត្រាលីហើយ។ នេះជាសញ្ញាវិជ្ជមានចុងក្រោយបំផុតក្នុងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រី ផេន្នី វុង បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសអូស្ត្រាលីនឹងព្យួរបណ្ដឹងរបស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈពេលដែលប្រទេសចិនក៏ត្រួតពិនិត្យមើលឡើងវិញលើពន្ធគយដែលដាក់លើគ្រាប់ធញ្ញជាតិរបស់អូស្ត្រាលី។

លោកស្រីបាននិយាយថា៖ «ប្រទេសចិនបានយល់ព្រមសើរើមុនកាលកំណត់ នូវអត្រាពន្ធគយដែលបានដាក់កំហិតលើអង្ករអូស្ត្រាលី ឱ្យរួចរាល់ក្នុងរយៈពេល ៣ ខែ ឬយ៉ាងយូរក្នុងរយៈពេល ៤ ខែ ប្រសិនបើចាំបាច់»។

«ជាថ្នូរវិញ យើងបានយល់ព្រមផ្អាកជាបណ្ដោះអាសន្ននូវបណ្ដឹងរបស់យើងនៅក្នុងអង្គការពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេលដែលយើងបានព្រមព្រៀងគ្នា»។

លោកស្រីបានបន្ថែមថា រដ្ឋាភិបាលអូស្ត្រាលីរំពឹងថានឹងមានដំណើរការស្រដៀងគ្នានៅក្នុងជម្លោះទីពីរស្តីពីពន្ធស្រា។

ប្រទេសអូស្ត្រាលីបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០២០ ជុំវិញវិធានការប្រឆាំងនឹងការលក់បង្ខូចតម្លៃនិងវិធានការសងសឹក ដែលដាក់ដោយប្រទេសចិនលើអង្ករអូស្ត្រាលី។ នៅក្នុងខែឧសភាឆ្នាំ ២០២០ ប្រទេសចិនបានសម្រេចថា ខ្លួននឹងយកពន្ធ ៨០,៥ ភាគរយ លើការនាំចូលអង្កររបស់ប្រទេសអូស្ត្រាលី។ រឿងនេះជាប្រភពមួយក្នុងចំណោមប្រភពជាច្រើននៃជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធូរស្រាលឡើងវិញ ក្រោយពីគណបក្សការងារបានឈ្នះឆ្នោតនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន ហើយលោកស្រី វុង បានជួបសមភាគីចិន គឺលោក វ៉ាង យី (Wang Yi) នៅទីក្រុងប៉េកាំងក្នុងខែធ្នូ ដែលជាដំណើរទស្សនកិច្ចលើកដំបូងថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី ចាប់តាំងពីឆ្នាំ ២០១៩ មក៕




អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកថាការលេចធ្លាយឯកសារសម្ងាត់បានបង្កហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខជាតិ

ព័ត៌មាន
មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃចន្ទ ទី ១០ មេសា ថា ការលេចធ្លាយឯកសារសម្ងាត់ដ៏ចម្រូងចម្រាស់របស់សហរដ្ឋអាមេរិកកន្លងទៅថ្មីៗនេះ បានបង្កហានិភ័យធ្ងន់ធ្…

ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រឲ្យសារព័ត៌មានខេមបូណូមីស សហការជាមួយទូរទស្សន៍ ទទក និង AKP ពង្រីកការផ្សាយព័ត៌មានសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ បានផ្ដល់កិត្តិយសដ៏ខ្ពស់ខ្ពស់ ដោយអនុញ្ញាតឲ្យក្រុមការងារសារព័ត៌មា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ