សូមបញ្ជាក់ថា នេះគឺជាថ្ងៃទីពីរហើយនៃការកិច្ចប្រជុំអន្តរក្រសួងត្រួតពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើគ្រប់មាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីធានាពីភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការអនុវត្ត មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិនិត្យ និងអនុម័តនាពេលខាងមុខ។
សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ២៨០ មាត្រា និង ១៨ ជំពូក។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះ កំណត់អំពីការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងសន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់នេះ នឹងចូលរួមជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក កំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាសរសៃឈាមនៃប្រព័ន្ធគមនាគមន៍ និងឡូជីស្ទីកដ៏សំខាន់នៅកម្ពុជា ពិសេសការដឹកជញ្ជូនតាមទន្លេផ្ទៃក្នុងប្រទេស ដែលមានថ្លៃថោក តែបច្ចុប្បន្នមិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់សក្តានុពល និងមានប្រសិទ្ធភាពនៅឡើយ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តន៍ឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕