ទិវានេះមិនត្រឹមតែមានគោលបំណងចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកអប់រំ ព្រមាន និងទប់ស្កាត់អំពើឃោរឃៅ នាពេលអនាគតផងដែរ។
ហូឡូខូស គឺជាព្រឹត្តិការណ៍នៃការសម្លាប់រង្គាលដែលបានរៀបចំឡើងលើជនជាតិជ្វីហ្វចំនួន ប្រាំមួយលាននាក់ ដោយពួកណាស៊ីអាល្លឺម៉ង់ និងបក្សពួកពីឆ្នាំ 1933 ដល់ឆ្នាំ 1945។ ជនជាតិជ្វីហ្វត្រូវបានគេធ្វើទុក្ខបុកម្នេញ និរទេស និងសម្លាប់ដោយសារតែស្អប់ខ្ពើមការរើសអើងជាតិសាសន៍។ គោលដៅចំបងរបស់ពួកគេ គឺការបំផ្លិចបំផ្លាញប្រជាជន វប្បធម៌ និងអនាគតរបស់ជ្វីហ្វទាំងស្រុង ដែលនេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយដែលអាចសម្គាល់យ៉ាងច្បាស់ថា ជាអំពើប្រល័យពូជសាសន៍។
នៅពេលនិយាយអំពើប្រល័យពូជសាសន៍ហូឡូខូស វាបានរំលឹកយើងពីទុក្ខវេទនា និងការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅកម្ពុជា ដែលបានបន្សល់ទុករបួសផ្លូវចិត្តយូរអង្វែង នៃរបបដ៏ខ្មៅងងឹតមួយនេះរហូតមកដល់សព្វថ្ងៃ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាកុមារមួយរូបដែលបានហែលឆ្លងរបបប្រល័យពូជសាសន៍ប៉ុលពត បានបង្ហាញពីការចូលរួមគាំទ្រដល់ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូសជាសកលមួយនេះ។ អ្នកឧកញ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញការចងចាំដល់ជនរង់គ្រោះគ្រប់រូបនៃ អំពើប្រល័យពូជសាសន៍គ្រប់ទំរង់ ដែលជាគ្រោះមហន្តរាយមនុស្សជាតិសកលដែលអាចកើតឡើងគ្រប់ទីកន្លែងលើសកលលោក។ កិច្ចគាំទ្ររបស់អ្នកឧកញ៉ា សួរ វីរៈ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម លើកកម្ពស់តម្លៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងកិច្ចគាំពារសិទ្ធិ មនុស្សជាតិជាសកល។
អ្នកឧកញ៉ា សួរ វីរៈ សង្គត់ធ្ងន់ថា ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស បានឆ្លុះបញ្ចាំងជាថ្មីអំពីការទទួលខុសត្រូវរបស់ប្រជាជាតិ និងប្រជាជនទាំងអស់ក្នុងការរួបរួមប្រឆាំងនឹងការប្រល័យពូជសាសន៍ ការស្អប់ខ្ពើម និងការរើសអើងគ្រប់ទម្រង់ទាំងអស់ និងដើម្បីធានាបានថារបបដ៏ព្រៃផ្សៃទាំងនោះ នឹងមិនត្រឡប់មកសារជាថ្មីនាពេលអនាគត។