Advertisement
កសិករឆ្នើម

កសិករឆ្នើមវ័យក្មេង៖ បោះបង់ឱកាសទៅរៀនក្រៅប្រទេស មកចាប់របរធ្វើចម្ការម្នាស់


ប្រហែលជាមិនមែនច្រើននោះទេ ដែលយុវវជនវ័យក្មេង ដែលចង់ធ្វើរបរកសិកម្ម ស្របពេលដែលពួកគេ មានចំណេះដឹងខ្ពង់ខ្ពស់ ព្រោះពួកគេតែងយល់ថា ការងារកសិកម្មគឺលំបាកាធ្វើ ណាមួយទីផ្សារក៏មិនសូវអំណោយផលប៉ុន្មានដែរ។ ខុសពីយុវជនក្មេងជាច្រើន លោកសាយ ពន្លឺចិត្តៈករុណា ដែលបានបញ្ចប់ការសិក្សាចប់ផ្នែកកសិកឧស្សាហកម្មពីសាកលវិទ្យាភូមិន្ធកសិកម្មចំការដូងនៅឆ្នាំ២០០៨ ដោយមិនបង្អង់យូរ លោកបានមកចាប់មុខរបរជាធ្វើចម្ការភ្លាមតែម្ដង។
លោកសាយ ពន្លឺចិត្តៈករុណា ម្ចាស់​ចម្ការម្នាស់​ ១៥ ហិកតា នៅខេត្ត​ស្ទឹងត្រែង
Advertisement

អតីត និស្សិតសាកលវិទ្យាល័យ​ចម្ការដូង​រូបនេះ បានរៀបរាប់ប្រាប់​ថា បានជាលោក​រៀនចប់ភ្លាម ចេញមកធ្វើការចម្ការភ្លែត យ៉ាងដូច្នេះ ព្រោះ វា​ជា​ចំណង់​ចំណូលចិត្ត​របស់លោកតែមួយគត់ ដែលចង់​ធ្វើជា​ម្ចាស់ចម្ការជោគជ័យ​មួយរូប​ ដើម្បីជាគំរូមួយ​ ជំរុញ​ឲ្យ​យុវជន ក៏ដូចជាពលរដ្ឋ​ផ្សេង​ទៀត មើលឃើញ​ពី​គុណតម្លៃ​និងជួយ​លើកស្ទួយ​វិស័យ​កសិកម្មកម្ពុជា​ផងដែរ។

លោកសាយ ពន្លឺចិត្តៈករុណា បញ្ជាក់ថា គ្រាន់តែ​បញ្ចប់​កាសិក្សា​ពីសាលាភ្លាម លោកមិនបានស្ទាក់ស្ទើរនោះឡើយ​ក្នុងការ​ចាប់របរ​កសិកម្មនេះ បើទោះបីជា​លោក​មានឱកាស​បន្ត​ការសិក្សា​នៅក្រៅប្រទេស​ក៏ដោយ ហើយមុខដំណាំ​ដែលលោក​ដាំ​ដំបូង​គឺ​ម្នាស់។

តើ​កសិករ​ឆ្នើម​វ័យក្មេង​រូបនេះ មាន​គំនិតកសិកម្ម​អ្វីខ្លះ​ទើបអាច​ធ្វើកសិកម្ម​បាន​ជោគជ័យ​មកទល់​ពេលនេះ? 

គិតឲ្យធំ ចាប់ផ្ដើមពីតូច ពង្រីកខ្លួនតាមសមត្ថភាព

ចម្ការ​ម្នាស់​របស់លោក សាយ ពន្លឺចិត្តៈករុណា មានទីតាំង​ចំការនៅភូមិ​អូរឬស្សី​កណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់​ក្រចេះស្ទឹងត្រែង​តែម្តង។ កសិករវ័យ​ជាង ៣០ ឆ្នាំ​រូបនេះ បានចាប់​យកការដាំ​ដំណាំម្នាស់ផ្អែម ដោយមាន​ដើមទុន ដែល​ខ្លួនមាន​តិចតួច បន្ទាប់មក គឺខ្ចីបុល​មិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិបន្ថែម។ ដោយការដាំដុះចេះតែទទួលបានទិន្នផលល្អ និងទីផ្សារសមគួរផង ចម្ការម្នាស់​ ដែលផ្តើមចេញ​ពីផ្ទៃដី ដែលឪពុកចែកឲ្យ​ចំនួន ៥ ​ហិកតា មកដល់​បច្ចុប្បន្ន លោក ករុណា បានពង្រីក​ផ្ទៃដី​ចម្ការបាន​កើនដល់​ជិត ៥០ហិកតា​ហើយ។ ក្នុងនោះ ផ្ទៃដីដាំ​ម្នាស់ មានត្រឹមតែ ១៥ហិកតា​ប៉ុណ្ណោះ​ ក្រៅពីនេះ​ទុកនៅទំនេរ​មិនទាន់​ដាំអ្វីនៅ​ឡើយ។

ទឹកម្នាស់​ធម្មជាតិ ដែលត្រូវបាន​កែច្នៃ និងលក់លើទីផ្សារ

រកស៊ី​ត្រូវ​មាន​គៅលដៅធំ

អ្នកជំនួញជោគជ័យ​ជាច្រើន​តែងលើកឡើងថា ​ចិត្តជាង​សហគ្រិន​​ជោគជ័យ រកស៊ី​ត្រូវមាន​គោលដៅ ហើយគោលដៅនោះ ក៏ត្រូវដៅឲ្យធំដែរ។ យ៉ាងណាមិញ លោក ករុណា ម្ចាស់​ចម្ការម្នាស់​ល្បីឈ្មោះមួយរូប នៅខេត្ត​ស្ទឹងត្រែង  បានបញ្ជាក់ថា​គោលដៅដ៏​ធំរបស់​លោកគឺ​ដាំម្នាស់​ឲ្យមានរសជាតិ​ឆ្ងាញ់​ជាងគេក្នុង​​ប្រទេសកម្ពុជា ហើយចង់ឲ្យ​ម្នាស់​របស់លោក​ក្លាយជា​ផលិតផល​សម្គាល់ភូមិ​សាស្ត្រ (GI) សម្រាប់​ខេត្តស្ទឹងត្រែង​ទៀតផង។

ម្យ៉ាងវិញទៀត សព្វថ្ងៃនេះលោក​កំពុងតែ​ផ្សព្វផ្សាយ ពីកិត្តិនាម​នៃម្នាស់ទឹក​ឃ្មុំ​របស់លោក​ដល់វិនិយោគិន​ធំៗ តាមរយៈអាជ្ញាធរខេត្ត  ការតាំងពិព័រណ៍​ផលិតផល​ខ្មែរ​ តាមបណ្តាញ​សង្គម​នានា ដើម្បីបង្ហាញថា លោកនិង​កសិករ​ដាំម្នាស់​ទាំងអស់​ក្នុងខេត្ត​ស្ទឹងត្រែង ចង់បាន​ឲ្យមានការ​វិនិយោគ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បីអាច​ឲ្យម្នាស់​ផ្អែម​របស់​ខ្មែររីកមុខមាត់លើ​ឆាកជាតិ​និងអន្តរជាតិ។

ពិសេសជាងនេះ ដោយមានជួយ​ជ្រោមជ្រែង​ពីអាជ្ញាធរ​ខេត្ត កន្លងមក​មានក្រុមហ៊ុន ២ហើយ ដែលមក​ពីជប៉ុន និង​កោះតៃវ៉ាន់ បានមក​ទស្សនកិច្ច​នៅក្នុង​ចម្ការ​របស់​លោក ដែល​បច្ចុប្បន្ន​ក្រុមហ៊ុនទាំង ២នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់​កាល​សិក្សា​នៅឡើយ។

រកស៊ីអ្វីក៏ដោយ​គេចមិន​ផុតពីបញ្ហាឡើយ! តែបញ្ហានោះ ធ្វើឲ្យចេះច្នៃប្រឌិត និងកាន់តែរឹងមាំ

របរ​កសិកម្ម​អាចនិយាយបានថា​ គឺជារបរមួយ​មិនស្រួលធ្វើ​​ប៉ុន្មានឡើយ ហើយវា​ក៏មានកត្តា​ប្រឈម​ច្រើន​ ពិសេស​គឺរឿង​ទីផ្សារតែម្ដង។ មិនខុសពីកសិករ​ដទៃទៀតនោះឡើយ លោក ករុណា បានឲ្យដឹងថា ការចាប់ផ្តើមធ្វើចម្ការ​ម្នាស់​ដំបូង​របស់លោក ហាក់មាន​ភាព​ត្រដាប​ត្រដួស​បន្តិច តែ២ឆ្នាំកន្លះចុងក្រោយមក​ដំណើរការបាន​រលូន​បន្តិចម្ដង។ បើតាមលោកករុណា ប្រជាជន​ដាំម្នាស់​ក្នុងខេត្តស្ទឹងត្រែង​មាន​ប្រហែល ៥០គ្រួសារហើយ ដែលមានផ្ទៃ​ដីដាំ​សរុប​ប្រមាណ ១២ ហិក​បូករួម​ទាំង​លោក ១៥ហិកតា​ទៀត គឺ​២៧​ហិកតា។

ការលំបាក​បំផុតរបស់កសិករវ័យក្មេងរូបនេះ ក៏ដូចជា កសិករដាំ​ម្នាស់​ដទៃទៀត​ក្នុងខេត្តស្ទឹង​ត្រែង គឺដាំបានផល​យ៉ាងល្អ​ប្រសើរ​ហើយ តែមិនមាន​ទីផ្សារ ឬម្នាស់ត្រូវ​បានឈ្មួញ​បញ្ជុះតម្លៃ ដោយសារតែ​មាននាំចូលម្នាស់​ពីប្រទេស​ថៃច្រើន​មក​លក់ក្នុងទីផ្សារ​កម្ពុជា លក់ក្នុង​តម្លៃធូរថៃ​ជាង ៥០០រៀល។ ទោះយ៉ាងណា លោកថា បើមើល​ឲ្យជាក់ស្តែង ​ម្នាស់ខ្មែរ​ថោកជាង​ទៅវិញទេ ព្រោះម្នាស់​ផ្អែមនេះ ជាប្រភេទ​ផ្លែឈើ​ធម្មជាតិ (Organic) មិនដូច​ម្នាស់ថៃ​ប្រើ​សារធាតុ​គីមី ដើម្បីឆាប់ផល​នោះឡើយ ហើយវា​ក៏ប៉ះពាល់​ដល់​សុខភាព​អ្នកទទួល​ទានដែរ។

Advertisement

ដោយសារបញ្ហា​នេះហើយ ទើបពេលខ្លះបានធ្វើឲ្យ​រូបលោក និងកសិករ​ផ្សេងទៀត ស្ទើរតែបោះបង់​ចោល​នូវរបរនេះទៅហើយ។ តែក្រោយ​មកបញ្ហានេះ ក៏ត្រូវបាន​ដោះស្រាយ ដោយសារតែ​លោកបាន​កែច្នៃ​ជាទឹកម្នាស់​ដាក់ដប ហើយមាន​ការវេច​ខ្ចប់យ៉ាង​ស្រស់ស្អាត និង អនាម័យ។​លោកថា ផលិតផលថ្មីនេះ ទើប​តែកែច្នៃ និងបានដាក់​លក់នៅ​លើទីផ្សារ​បាន​ប្រមាណ​ជាង ៣ខែប៉ុណ្ណោះ។

ភាពជោគជ័យ​មិននៅជាមួយ​អ្នក​ចូលចិត្តបោះបង់​ការព្យាយាម​ឡើយ

ការច្នៃប្រឌិត​ផលិត​ទឹកម្នាស់នេះ ដ្បិតថា ជា​ដំណោះស្រាយ​មួយល្អ ដើម្បីធ្វើ​ពិពិធកម្ម​ទីផ្សារក៏ពិតមែន ប៉ុន្ដែ បើតាម​​ការលើកឡើង​ពី​លោក​ករុណា វានៅតែ​ជួបឧបសគ្គនៅឡើយ តែឧសបគ្គនោះ មិនបាន​ធ្វើឲ្យ​លោក​បោះបង់​ការព្យាយាម​នោះឡើយ។

ការវេចខ្ចប់ទឹក​ម្នាស់​នេះ​ នៅតែជួប​បញ្ហា គឺត្រង់ថា សម្បក​វេច​ខ្ចប់ ទឹកម្នាស់​មាន​តម្លៃថ្លៃ ព្រោះនៅតែ​ត្រូវការនាំ​ចូលពី​ប្រទេសថៃ​ដដែល ដោយធ្វើឲ្យ​ការចំណាយ​ថ្លៃដើម​កាន់តែ​ច្រើនជាង​មុន។

នៅពេលអ្នក​សារព័ត៌មាន​ខេមបូណូមីស សួរថា បើដូច្នេះ តើលោក​គ្រោងនឹងពង្រីក​ផ្ទៃដាំ​ម្នាស់ផ្អែម​នេះ បន្ថែម​ទៀតទេ? លោកករុណា​តបថា  សព្វថ្ងៃលោក​​ដាំតែ១៥ហិកតាទេ ដោយសារទីផ្សារ​នៅចង្អៀត មិនទាន់​ទូលាយ ព្រមទាំង​ខ្វះខាត​កម្លាំង​ពលកម្ម​ផងដែរ។ ប៉ុន្តែ​បើសិនជាមាន​អ្នកគាំទ្រ​ម្នាស់របស់​លោកច្រើន លោកនឹង​ពង្រីកផ្ទៃដីដាំ​ឲ្យបានធំជាង​នេះទៀត។

ចំពោះ​ចំណូល​វិញ លោកបានបង្ហើបថា ក្នុងមួយហិកតា​អាចទទួល​បានប្រាក់​ចំនេញ​ប្រហែល ១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដោយ​កាត់ដើម និងចំណាយ​ផ្សេងៗរួចរាល់។

បើទោះទីផ្សារ​ដើរយឺត កសិករ​សម័យ​ទំនើប​រូបនេះ នៅតែជំនឿ​លើខ្លួនឯងថា លោកនឹងនៅតែ​បន្តផលិតរបស់ល្អ សម្រាប់​ប្រជាជនខ្មែរដដែល ថែមទាំងចង់​បង្ហាញ​ឲ្យភ្ញៀវ​បរទេស​បានដឹងថា ផលិតផល​ខ្មែរមិនអន់ ឬ​ចាញ់ផលិត​ផលរបស់​បរទេស​នោះទេ។

ទឹកម្នាស់​ធម្មជាតិ ដែលត្រូវបាន​កែច្នៃ និងលក់លើទីផ្សារ

លោក ករុណា ក៏បាន​សំណូមពរ​ដល់អតិថិជន​ក្នុងស្រុក​ សូមបន្ត​ជួយគាំទ្រ និងសំណូមពរ​ដល់ស្ថាប័ន​ពាក់ព័ន្ធ​ជួយដោះ​ស្រាយលើបញ្ហា​សំបក​វេចខ្ចប់ ដែលការ​នាំចូល​សំបក​វេចខ្ចប់​ពីប្រទេស​ជិតខាង​មានតម្លៃ​ថ្លៃនៅឡើយ ដែលបញ្ហា​នេះបានធ្វើ​ឲ្យរាំង​ស្ទះដល់​ការផលិត​ខ្លះដែរ ព្រោះតែ​ត្រូវចំណាយ​ថ្លៃដើម​អស់​ច្រើន៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ត្រី​អ្នក​ជំនួញ IT៖ បង្កើតកម្មវិធីគ្រប់គ្រងពេទ្យឌីជីថល​ព្រោះឃើញមន្ទីរព្យាបាលមួយចំនួន មិនទាន់មានកំណត់ត្រាព្យាបាលអ្នកជំងឺ

ព័ត៌មាន
ក្រុមហ៊ុនឯកជនមួយ ឈ្មោះ ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា (First Women Tech Asia ) កំពុង​រកស៊ី​កាក់​កប​គួរសម​ក្នុង​វិស័យ​បច្ចេកវិទ្...

យុវជន​កម្ពុជា និង​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ

ព័ត៌មាន
ព័ត៌មាន​ក្លែងក្លាយ គឺជា​ពាក្យ​ពេញនិយម​ដែល​កំពុងក្លាយ​ជា​រឿងធម្មតា នៅក្នុងចំណោម​ពលរដ្ឋ​កម្ពុជា ជាពិសេស ក្មេងៗ​យុវវ័យ និង​អ្នករស់នៅ​ក្ន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ