រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡាន (Yoav Gallant) គួរតែត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា ទឹកដីរបស់ប៉ាឡេស្ទីន រួមជាមួយនឹងមេដឹកនាំ៣នាក់ផ្សេងទៀតនៃក្រុមសកម្មប្រយុទ្ធហាម៉ាស់។
ដោយកើតទុក្ខមិនសុខចិត្ត សភាជាន់ទាបរបស់សហរដ្ឋអាម៉េរិក ក៏បានបោះឆ្នោតកាលពីថ្ងៃអង្គារ សប្ដាហ៍នេះអនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងតុលាការមិនស្របច្បាប់ (Illegitimate Court Counteraction Act) ដើម្បីដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។
សេចក្ដីព្រាងច្បាប់ដែលទទួលបានការគាំទ្រពីសមាជិកសភាគណបក្សសាធារណរដ្ឋ ស្ទើរតែគ្រប់រូប និងប្រមាណ១ភាគ៥នៃសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនេះ នឹងដាក់បម្រាមលើក្រុមមន្ត្រីតុលាការ ICC ណាដែលចូលរួមពាក់ព័ន្ធក្នុងសំណុំរឿងខាងលើនេះមិនឱ្យចូលទឹកដីសហរដ្ឋអាម៉េរិក និងដកហូតទិដ្ឋាកាចេញចូលសហរដ្ឋអាម៉េរិក ព្រមទាំងរឹតបន្តឹងពួកគេពាក់ព័ន្ធនឹងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុងសហរដ្ឋអាម៉េរិក ទៀតផង។
លោក ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាមកពីគណបក្សសាធារណរដ្ឋបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាម៉េរិក ក្រោកឈរយ៉ាងរឹងមាំប្រកៀកស្មាជាមួយអ៊ីស្រាអែល ហើយមិនអនុញ្ញាតឱ្យក្រុមមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មជាដាច់ខាត។
ទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់នេះគ្រាន់តែជាសេចក្ដីព្រាងច្បាប់ដើម្បីបញ្ជូនសារព្រមានប៉ុណ្ណោះ ព្រោះវាមិនទំនងជាត្រូវបានអនុម័តដោយព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនោះឡើយ ហើយប្រធានាធិបតី ចូ បៃឌិន ក៏ប្រហែលជាវ៉េតូសេចក្ដីព្រាងច្បាប់នេះដែរ ព្រោះលោកធ្លាប់បានបង្ហាញជំហរប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះរួចមកហើយ៕
ដោយ: តែម សុខុម