វិស័យពាណិជ្ជកម្ម

តើមកទល់ពេលនេះកម្ពុជា មានទុនបម្រុងអន្តរជាតិប៉ុន្មាន និងអាចធានាការនាំចូលទំនិញបានប៉ុន្មានខែដែរ?


ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាមានទុនបម្រុងអន្តរជាតិ សរុបប្រមាណ២០ពាន់លានដុល្លារអាម៉េរិក ដែលកម្រិតនេះ គឺខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ ទុនបម្រុងអន្តរជាតិ ប្រមាណ២០ពាន់លានដុល្លារនេះ អាចជួយឱ្យកម្ពុជា អាចធានាបាននូវការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់រហូតដល់៧ខែឯណោះ។
វិស័យពាណិជ្ជកម្ម
ដោយ

បើតាមការគូសបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ឆ្នាំ២០២៤ នេះ កម្ពុជាមានទុនបម្រុងអន្តរជាតិ ប្រមាណ២០ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះប្រមាណ០,១% បើធៀបនឹងរយៈពេលដូចកាលពីឆ្នាំមុន តែចំនួននេះប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣។ តាមរយៈទុនបម្រុងនេះសបញ្ចាក់ថា កម្ពុជានៅតែអាចរក្សាបានទុនបម្រុងអន្តរជាតិ ក្នុងកម្រិតមួយខ្ពស់ បើទោះបីជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ ក៏ដោយ។

បើតាមធនាគារជាតិនៃកម្ពុជា ការថយចុះទុនបម្រុងរបស់កម្ពុជានេះ គឺបណ្តាលមកពីកត្តាមួយចំនួនដូចជា ការថយចុះនៃប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល ការថយចុះនៃប្រាក់បម្រុងកាតព្វកិច្ច និងការរងសម្ពាធពីការប្រែប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដែលបណ្តាលមកពីការកើនឡើងនៃអត្រាចំណូលសញ្ញាប័ណ្ណ វិនិយោគដែលរងឥទ្ធិពលពីភាពមិនប្រាកដប្រជាពីការកាត់បន្ថយអត្រាការប្រាក់គោលរបស់បណ្តាធនាគារកណ្តាលធំៗ ជាពិសេសធនាគារកណ្ដាលអាម៉េរិក និងធនាគារកណ្តាលអឺរ៉ុប។

ទុនបម្រុងអន្តរជាតិចំនួន២០ពាន់លានដុល្លារនេះ គឺមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង៧ខែ នៃការនាំចូលទំនិញ និងសេវានៅគ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថាខ្ពស់គ្រប់គ្រាន់ក្នុងការរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់។

យ៉ាងណាមិញ បើតាមការអះអាងរបស់ធនាគារជាតិ ការវិនិយោគទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែនខ្ពស់។ ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ ដោយគោរពតាមសេចក្ដីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា សំដៅធានាឱ្យបាននូវការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។

គួរបញ្ជាក់ថា ការវិនិយោគលើសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ត្រូវបានជំរុញ និងបន្តយកចិត្តទុកដាក់ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់ការអនុវត្តតាមគោលនយោបាយវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបានចីរភាព សុវត្ថិភាពការវិនិយោគទុនបម្រុង និងស្របតាមនិន្នាការនៃការវិនិយោគសកល៕

None



អត្ថបទបន្ទាប់


តើលោកស្រី កាម៉ាឡា ហារីស អាចផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតបានដែរ ឬទេ?

លោកស្រី កាម៉ាឡា ហារីស ត្រូវបានគេមើលឃើញថា ជាបេក្ឋភាពប្រធានាធិបតីដែលមានឆន្ទៈនយោបាយមុតស្រួចជាងលោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីរបស់គ…

លោក Elon Musk ថា Tesla នឹងចាប់ផ្ដើមផលិត និងប្រើប្រាស់មនុស្សយន្ដ នៅឆ្នាំក្រោយ ចំពេលការលក់រថយន្ដអគ្គិសនីកំពុងដាំក្បាលចុះ

មហាសេដ្ឋី Elon Musk បាននិយាយថា ក្រុមហ៊ុន Tesla របស់លោក នឹងចាប់ផ្ដើមផលិត និងប្រើប្រាស់មនុស្សយន្ដ ដែលមានរូបរាងស្រដៀងនឹងមនុស្សធម្មតា នៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ