សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បានបញ្ជាក់នៅក្នុងរបាយការណ៍មួយរបស់ស្ថានប័នទេសចរណ៍ Lonely Planet ថា ភាពយឺតយ៉ាវជាងការរំពឹងទុកនៃការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការបន្ដការរឹតត្បិតការធ្វើដំណើរ និងការភ័យខ្លាចរបស់អ្នកដំណើរចំពោះមេរោគកូវីដ-១៩ អាចនឹងធ្វើឲ្យការធ្វើដំណើរភាគច្រើនតាមជើងយន្ដហោះនៅទូទាំងពិភពលោក នឹងត្រូវជួយបញ្ហាអូសបន្លាយរហូតដល់ឆ្នាំ ២០២៣ឯណោះ។
ការធ្វើណើរតាមផ្លូវអាកាសស្ទើរតែនៅទូទាំងពិភពលោក ត្រូវបានបិទដោយសារតែ ការអុឡុករបស់ជំងឺរាតត្បាតកូវីដ-១៩ ហើយថ្មីៗនេះ តាមការស្ទង់មតិបានឲ្យដឹងថា មានអ្នកដំណើរ ៦៩% សុខចិត្តស្នាក់នៅផ្ទះជាជាងចេញធ្វើដំណើរ ដែលត្រូវប្រឈមនឹងការដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ នៅពេលដែលពួកគេបានទៅដល់ទិសដៅដែលខ្លួនចង់ទៅនោះ។ ហើយបញ្ហានេះ គឺជាអ្វីដែលសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិទទូចឲ្យរដ្ឋាភិបាលប្រទេសនីមួយៗពិចារណាឡើងវិញ។
លោក Alexandre អគ្គនាយកសមាគមដឹកជញ្ជូនតាមផ្លូវការអាកាសអន្តរជាតិ បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ស្ថាប័ន Lonely Planet ថា «ដើម្បីការពារសមត្ថភាពអាកាសចរណ៍ សម្រាប់ជាកម្លាំងជំរុញដល់ការងើបឡើងនៃសេដ្ឋកិច្ច យើងមិនត្រូវធ្វើឲ្យផលប៉ះពាល់កាន់តែអាក្រក់ ដោយការអនុវត្តវិធានការដ៏ពិបាកចំពោះការរឹតត្បិតធ្វើដំណើរ ដោយការកំណត់ដាក់ឲ្យនៅដាច់ដោយឡែកនោះទេ។»
បើតាមលោក Alexandre គេត្រូវការដំណោះស្រាយសម្រាប់សុវត្ថិភាពការធ្វើដំណើរ ដែលអាចដោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ ហើយវាត្រូវតែផ្ដល់ឲ្យអ្នកដំណើរនូវទំនុកចិត្តក្នុងការធ្វើដំណើរដោយសុវត្ថិភាព និងដោយគ្មានការរំខាន ហើយវាត្រូវផ្ដល់ឲ្យរដ្ឋាភិបាលនូវទំនុកចិត្តថា ពួកគេអាចការពារប្រទេសរបស់ពួកគេ ពីការនាំចូលមេរោគកូវីដ-១៩។
បើតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បានរំពឹងទុកថានៅពេលឧស្សហកម្មនៃការធ្វើដំណើរមានការងើបឡើងវិញ វាត្រូវបានរំពឹងថា នឹងត្រូវបាននាំមុខដោយការធ្វើដំណើរក្នុងស្រុក។ ទោះយ៉ាងណា បើតាមការប៉ាន់ប្រមាណ ចរាចរណ៍អ្នកដំណើរនឹងមិនស្ទុះងើបឡើងវិញទេ យ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០២៣។ សមាគមនេះ បានរំពឹងថា តម្រូវការអ្នកដំណើរសកលនៅឆ្នាំឆ្នាំ២០២១ នឹងមានក្រោមឆ្នាំ ២០១៩ប្រមាណ ២៤% ហើយវានឹងមានទាបជាង ៣២% ចំពោះការព្យាករកាលពីខែធ្នូឆ្នាំ២០១៩។ ការរំពឹងទុកនេះ គឺផ្អែកលើភាពយឺតយ៉ាវនៃ ការបើកដំណើរការនៃសេដ្ឋកិច្ច និងការបន្ធូរបន្ថយការរឹតបន្ដឹងការធ្វើដំណើរ ជាមួយនឹងការបិទប្រទេសនឹងពន្យារដល់ត្រីមាសទី៣ នៅឆ្នាំនេះ ព្រោះតែបារម្ភអំពីការឆ្លងមេរោគកូវីដ-១៩ រលកទី២។
អ្នកជំនាញបានអះអាងទៀតថា ការស្ដារនូវទំនុកចិត្តឡើងវិញសម្រាប់អ្នកដំណើរ គឺត្រូវការពេលវេលាវែង ហើយគេជឿថា អ្នកធ្វើដំណើរឯកជន ក៏ដូចជាការធ្វើដំណើរជាលក្ខណៈក្រុមហ៊ុន ក៏ទំនងជានឹងមានការចាត់ចែងយ៉ាងប្រុងប្រយ័ត្ន ទាក់ទងនឹងការចំណាយលើការធ្វើដំណើរ ហើយពួកគេអាចនឹងមិនធ្វើដំណើរឆ្ងាយ និងមានរយៈពេលយូរដូចមុននោះឡើយ៕