វិស័យពាណិជ្ជកម្ម

រដ្ឋាភិបាល ដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន តើអ្នកជំនាញមានការយល់ឃើញបែបណា?


រដ្ឋាភិបាល បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២៥-២០២៨ ដើម្បីជួយបង្កើតចរន្តសេដ្ឋកិច្ច ក៏ដូចជាជំរុញការអភិវឌ្ឍ។ ក្រុមអ្នកជំនាញយល់ឃើញថា ដើម្បីអាចអភិវឌ្ឍន៍តំបន់ភូមិភាគឦសានប្រកបដោយប្រសិទ្ធភាព ភាគីពាក់ព័ន្ធគួរតែគិតគូរពីធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីអាចឱ្យការវិនិយោគនោះមានប្រសិទ្ធភាព និងបង្កើនសេដ្ឋកិច្ចជាតិ។
វិស័យពាណិជ្ជកម្ម
ដោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដើម្បីជួយបង្កើតចរន្តសេដ្ឋកិច្ច ក៏ដូចជាទាក់ទាញលំហូរភ្ញៀវទេសចរទៅលេងកម្សាន្តនៅតំបន់នោះ។ សម្ដេចធិបតី ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្ពស់ធ្វើយ៉ាងណាឱ្យការវិនិយោគនៅតំបន់ខេត្តទាំង៤ ធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ ធានាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សារធារណៈ ពោលគឺត្រូវទប់ស្កាត់សកម្មភាពទាំងឡាយណាដែលបង្កអសន្តិសុខក្នុងសង្គម ពិសេសបទល្មើសបច្ចេកវិទ្យា។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសានវាជារឿងមួយល្អ តែយ៉ាងណាដើម្បីអាចអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាពបាន លុះត្រាតែ​មិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ នៅក្នុងខេត្តទាំង៤នោះ។

​ទន្ទឹមនេះ លោក​ សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានលើកឡើងថា តាមរយៈការផ្ដួចផ្ដើមគំនិតរបស់រដ្ឋាភិបាលនេះ បានបង្កើតឱកាសការងារ ក៏ដូចជាបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ នៅភូមិភាគឦសាននេះ។ តែយ៉ាងណារដ្ឋាភិបាល គួរតែលើកទឹកចិត្តដល់អ្នកវិនិយោគិនណាដែលមានប្រវិត្តស្អាតស្អំមកវិនិយោគនៅក្នុងខេត្តទាំង៤នេះ ជាពិសេសការអនុវត្តវិធានការបង្ក្រាបបទល្មើសបច្ចេកវិទ្យានៅទីនោះ។

​ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ខេត្តទាំងបួននៅភូមិភាគឦសាននេះ មានសក្ដានុពលលើវិស័យទេសចរណ៍ កសិឧស្សាហកម្ម វិស័យរ៉ែ និងកសិកម្ម ហើយប្រសិនបើរាជរដ្ឋាភិបាល អាចកែច្នៃវិស័យនិងផលិតផលទាំងអស់​នេះឱ្យក្លាយជាមុខព្រួញសេដ្ឋកិច្ច នោះវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។

​​ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ឃើញថា កង្វះខាតធនធានមនុស្សក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅតែជាបញ្ហាចោទសម្រាប់ខេត្តទាំង៤ នៅភូមិភាគឦសាន ខណៈកម្មករ និងកម្មការនីភាគច្រើនមានចំណង់ធ្វើការនៅទីប្រជុំជន។ តែយ៉ាងណារាជរដ្ឋាភិបាល បានកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្ស៍ ស្មើ ឬតិចជាង២លានរៀលក្នុង១ខែ សម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ និងអ្នកបម្រើការងារនៅក្នុងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយនៃខេត្តទាំង៤ នៅភូមិភាគឦសាននេះ៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងតាមដានការវិវត្តស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយអាម៉េរិកដាក់ពន្ធ៤៩%

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា នឹងបង្កើនការបន្តតាមដានស្ថានភាពនៃការដាក់ពន្ធរបស់អាម៉េរិកលើកម្ពុជា និងបណ្ដាប្រទេសនានានៅលើពិភពលោក …

ខេត្តនៅជាប់មាត់សមុទ្ររំពឹងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើននៅថ្ងៃបុណ្យចូលឆ្នាំថ្មី

មន្ទីរទេសចរណ៍នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ ចំនួន៣ រួមមាន ខេត្តកំពត កែប និងខេត្តព្រះសីហនុ បានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ