ការនាំចូលត្រី

រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឲ្យសមត្ថកិច្ចតាមព្រំដែន តម្រូវឲ្យឈ្មួញ​នាំចូលត្រីបង់ពន្ធ​ឲ្យបានគ្រប់​ចំនួន


រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានលើកឡើងថា កន្លងមកខាងក្រសួងកសិកម្មរួមជាមួយក្រសួងសេដ្ឋកិច្ច និង ស្ថានប័នពាក់ព័ន្ធបានជំរុញធ្វើយ៉ាងណាឲ្យមានការកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ចូលមកកម្ពុជាឲ្យមានក្នុងចំនួនតិចបំផុត ហើយក៏តម្រូវឲ្យឈ្មួញនាំចូលត្រីទាំងអស់នោះ ត្រូវតែបង់ពន្ធឲ្យគ្រប់ចំនួនផងដែរ។
តើកម្ពុជាពិតជាអាចផ្គត់ផ្គង់ត្រីក្នុងស្រុកគ្រប់តម្រូវការ ដោយមិនចាំបាច់នាំចូលដែរឬទេ?
ដោយ

ការបង់ពន្ធនាំចូលត្រីឲ្យបានគ្រប់ចំនួននេះ ត្រូវបានឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា នឹងធ្វើឲ្យតម្លៃត្រីនាំចូលអាចមានប្រហាក់ប្រហែលនឹងតម្លៃត្រីក្នុងស្រុក ឬថ្លៃជាងនេះ ដែលវាផ្នែកមួយអាចជួយដល់អ្នកចិញ្ចឹមក្នុងស្រុកបានមួយកម្រិត។ ប៉ុន្ដែ ការងារទាំងនេះ វាចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីសមត្ថកិច្ចតាមមាត់ច្រកព្រំដែន ពិសេសខាងមន្ត្រីគយតែម្ដង។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ប្រាប់ក្រុមការងារ សារព័ត៌មានខេមបូណូមីស ថា កម្ពុជាមិនអាចបិទ មិនឲ្យមានការការនាំចូលត្រីពីក្រៅប្រទេសបានទាំងស្រុងនោះទេ ប៉ុន្ដែអាចកំណត់ឲ្យមានការនាំចូលក្នុងចំនួនតិចបំផុត។ មិនតែប៉ុណ្ណោះ ត្រីនាំចូលនោះត្រូវតែបង់ពន្ធឲ្យបានគ្រប់ចំនួន ហើយការងារនេះ វាត្រូវការចូលរួមយ៉ាងសំខាន់ពីមន្ត្រីនៅតាមមាត់ច្រកទ្វារព្រំដែន ពិសេសមន្ត្រីគយតែម្ដង។ 

ការអះអាងរបស់ឯកឧត្តម វេង សាខុន យ៉ាងដូច្នេះ នៅក្រោយពេលដែលសមាគមវារីវប្បករកម្ពុជា បានត្អូញត្អែរម្ដងហើយម្ដងទៀតមិនចេះមិនចេះឈរ ជុំវិញទៅនឹងរឿងត្រីគ្មានអ្នកទិញសល់ចាល់ពេញអាងចិញ្ចឹម ដោយស្នើឲ្យក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារលក់ត្រីឲ្យពួកគាត់។

ជាក់ស្ដែងនៅថ្ងៃទី ២ ខែមិថុនា សមាគមវារីវប្បករកម្ពុជានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា បរិមាណត្រីល្មមចាប់នៅក្នុងខែមេសា និងឧសភា មិនដល់២០% ផង ត្រូវបានលក់ចេញដែលធ្វើឲ្យត្រីរាប់ពាន់តោនបន្តចាល់នៅតាមអាងចិញ្ចឹមត្រី។ មូលហេតុ ដែលធ្វើឲ្យត្រីកម្ពុជាបន្តចាល់ ត្រូវបានសមាគមវារីវប្បករកត់សម្គាល់ឃើញថា ដោយសារតម្រូវការត្រីក្នុងស្រុកមានការធ្លាក់ចុះ គួបផ្សំការនាំចូលត្រីពីក្រៅប្រទេសនៅតែមានបរិមាណច្រើន។ 

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា កន្លងមកនេះ ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផលជាសេនាធិការ បានផ្អាកចេញលិខិតអនុញ្ញាតឲ្យឈ្មួញនាំចូលត្រីប្រា ត្រីពោ ត្រីឆ្តោ ឬត្រីអណ្តែងពីក្រៅប្រទេស។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះបានគូសបញ្ជាក់បន្ថែមថា កន្លងមកឯកឧត្តមបានចាត់ឲ្យមន្ត្រីចុះទៅស៊ើបសួរតម្លៃត្រីរបស់វារីវប្បករនៅកម្ពុជា ឃើញថា តម្លៃត្រីដែលចិញ្ចឹមដោយកសិករក្នុងស្រុកហាក់មានតម្លៃថ្លៃជាងត្រីនាំចូលពីបរទេស ដែលកត្តានេះធ្វើឲ្យឈ្មួញហាក់រារែកក្នុងការទិញត្រីនៅក្នុងស្រុក។ តែយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលស្គាល់ថា ការចិញ្ចឹមត្រីរបស់កសិករក្នុងស្រុកហាក់ចំណាយដើមទុនច្រើន បើធៀបនឹងត្រីនាំចូល ដ្បិតវត្ថុធាតុដើមភាគច្រើននាំចូលពីក្រៅប្រទេស។

បើតាមរបាយការណ៍របស់សមាគមវារីវប្បករកម្ពុជា កម្ពុជាមានត្រីល្មមចាប់លក់ប្រមាណ១ម៉ឺនតោន ក្នុងនោះនៅខែមេសា មានជាង៥ពាន់តោន និងខែឧសភា ជាង៤ពាន់តោន ហើយនៅខែមិថុនា នេះ កម្ពុជានឹងមានត្រីរាប់ពាន់តោនបន្ថែមទៀត ដែលល្មមចាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសសមាជិកកិច្ចព្រមព្រៀង CP TPP បើកទ្វារទទួលយកអង់គ្លេសជាផ្លូវការហើយ

ព័ត៌មាន
ប្រទេសជាសមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CP TPP) នៅថ្ងៃពុធសប្ដាហ៍ន…

អ្នកជំនាញ៖ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចាប់ផ្ដើមមានសន្ទុះកើនខ្លាំងឡើងវិញហើយ

ព័ត៌មាន
នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ការដឹកជញ្ជូនទំនិញផ្សេងៗ តាមផ្លូវអាកាសមានការថមថយចុះក៏ពិតមែន ប៉ុន្ដែ បើមើលទៅលើតួលេខ ក្នុងខែមេសាឆ្នាំ២០២១ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ