
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា ការរួមចំណែករបស់វិស័យឧស្សាហកម្មក្នុងផលិតផលក្នុងសរុបរបស់កម្ពុជា បានកើនឡើងទ្វេដងនៅក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុក ការរីកចម្រើនរបស់វិស័យឧស្សាហកម្មជាគ្រឹះមួយដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត។
បើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ វិស័យឧស្សាហកម្ម ទទួលបានទុនវិនិយោគសរុបជាង២០ពាន់លានដុល្លារ មានការកើនឡើងចំនួនជាង១០% បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង១៨ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជិត៤ពាន់លានដុល្លារ ស្មើនឹងជាង១៩% នៃទុនវិនិយោគសរុប។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ពោលគឺនៅឆ្នាំ២០២៤ វិស័យឧស្សាហកម្ម បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបជាង៤០% មានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ១៩៩៩ ដោយកាលនោះ បានរួមចំណែកត្រឹមតែប្រមាណជិត២០% ប៉ុណ្ណោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងចំណោមជាង៤០% នៃការរួមចំណែករបស់វិស័យឧស្សាហកម្មនេះ មានប្រមាណ៣០% ស្ថិតក្នុងវិស័យកម្មន្តសាល។ ទន្ទឹមនេះ កំណើនននាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា ក្នុងឆ្នាំ២០២៤ មានប្រមាណជាង ១៥% ផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា កំណើនទុនវិនិយោគរបស់វិស័យឧស្សាហកម្ម ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ កន្លងទៅ និងរំពឹងថា នឹងមានការកើនឡើងថែមទៀតនៅក្នុងឆ្នាំ២០២៥ នេះ។ អ្នកជំនាញរូបនេះ ចាត់ទុកការរីកចម្រើនរបស់វិស័យឧស្សាហកម្ម គឺជាការរីកចម្រើនរបស់គ្រឹះសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញរបស់កម្ពុជា។ អ្នកឧកញ៉ា លឹម ហេង បានវាយតម្លៃថា ការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា នាពេលអនាគត គឺត្រូវពឹងផ្អែកខ្លាំងទៅលើវិស័យឧស្សាហកម្ម។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានវាយតម្លៃថា កំណើនវិនិយោគក្នុងវិស័យឧស្សាហកម្មនេះ បានបង្ហាញឱ្យឃើញពីការទទួលបានទំនុកចិត្តពីប្រទេសធំៗលើការបោះទុនវិនិយោគនៅកម្ពុជា។ តាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្ម បានផ្តល់ផលប្រយោជន៍ជាច្រើនចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការងារដល់ប្រជាពលរដ្ឋ និងជំរុញកំណើននាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។
គួរជម្រាបថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សេដ្ឋកិច្ចកម្ពុជា បន្តនិន្នាការកើនឡើងក្នុងរង្វង់៦% នៃ ផ.ស.ស. ដោយកំណើននេះត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្ម បន្តនិន្នាការកើនឡើងក្នុងរង្វង់៨,៥% ពីប្រមាណ៥% ក្នុងឆ្នាំ២០២៣។ សម្រាប់ឆ្នាំ ២០២៥ នេះ ផ្អែកតាមក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច សេដ្ឋកិច្ចកម្ពុជានឹងបន្តមាននិន្នាការកើនឡើងក្នុងរង្វង់៦,៣% នៃ ផ.ស.ស. តាមរយៈការទ្រទ្រង់ដោយវិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨,៦% ដែលគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប៕