វិនិយោគតំបន់សេដ្ឋកិច្ចពិសេស

ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់ជាង ៤៨៦លានដុល្លារ នៅរយៈពេល៨ខែឆ្នាំ២០២២


ក្រុមអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១២៧គម្រោង ដែលមានទំហំទឹកប្រាក់សរុបជិត ៣ពាន់៣រយលានដុល្លារអាមេរិក នៅរយៈពេល៨ខែក្នុងឆ្នាំ២០២២។ ក្នុងនោះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៥គម្រោង ដែលមានទំហំទឹកប្រាក់សរុបជាង ៤៨៦លានដុល្លារ។ នេះបើតាមរបាយការណ៍ពី ក្រុមអភិវឌ្ឍន៍កម្ពុជា បានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស។
ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់ជាង ៤៨៦លានដុល្លារ នៅរយៈពេល៨ខែឆ្នាំ២០២២
ដោយ

អ្នកជំនាញអះអាងថា ជាទូទៅការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា គឺនៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្ដែ ការវិនិយោគទាំងនេះ សុទ្ធសឹងតែបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងផ្ដល់ឱកាសការងារដល់ពលរដ្ឋ។

នៅក្នុងចំណោមគម្រោងទាំង ១២៧គម្រោង ដែលត្រូវបានក្រុមអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត នៅ៨ខែដំបូងនៅឆ្នាំនេះ គឺមានគម្រោងវិនិយោគ ២៥គម្រោង ត្រូវបានអនុម័តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយទំហំទុនវិនិយោគសរុបជាង ៤៨៦លានដុល្លារ។ ដោយឡែក សម្រាប់គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសវិញ មានរហូត ១០២គម្រោង ដែលមានទុនវិនិយោគសរុបជាង២ពាន់៧រយលានដុល្លារ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិតគម្រោងវិនិយោគនៅកម្ពុជា ភាគច្រើនស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ក៏ពិតមែន តែរាល់គម្រោងវិនិយោគទាំងអស់ មិនថាគម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬគម្រោងវិនិយោគស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេសនោះទេ សុទ្ធតែសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ បើតាមឧកញ៉ា លឹម ហេង ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាក់បង្កនូវភាពងាយស្រួលសម្រាប់វិនិយោគិន និងម្ចាស់អាជីវកម្ម។ លោកបន្តថា សម្រាប់គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសវិញ ភាគច្រើនត្រូវការនូវកន្លែងផលិតកម្មដែលមានផ្ទៃដីធំទូលាយ និងនៅជិតវត្ថុធាតុដើម ដែលមានខ្សែចង្វាក់ផលិតកម្មងាយស្រួលជាងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ពិសេសការវិនិយោគលើផលិតផលកែច្នៃ និងការតម្លើងរថយន្ត ជាដើម។

យ៉ាណាមិញ សម្រាប់ស្ថានភាពវិនិយោគ រយៈពេល៨ខែនេះ ឧកញ៉ា លឹម ហេង មើលឃើញថា នៅតែមានភាពល្អប្រសើរ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងឈ្នះលើកូវីដ១៩ ដែលធ្វើឲ្យអ្នកវិនិយោគិនផ្សេងៗ សម្លឹងឃើញកម្ពុជា កាន់តែមានសក្ដានុពល។ បើតាមឧកញ៉ា លឹម ហេង ស្របពេលដែលកម្ពុជា អនុវត្ដនៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ជាមួយចិន ក៏ដូចជា នៅពេលមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ជាមួយកូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលធ្វើការមកវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។ លើសពីនេះ កម្ពុជាបានដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលការលើកទឹកចិត្តច្រើន ជាឈ្នាន់មួយសម្រាប់ទាក់ទាញការវិនិយោគ ក៏ដូចជាការចុះបញ្ជី នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១តំបន់ ខណៈបណ្ដាខេត្តមួយចំនួនដែលមានតំបន់សេដ្ឋកិច្ចពិសេស និងបណ្ដុំរោងចក្រ សហគ្រាសច្រើនជាងគេ មានដូចជា ខេត្តស្វាយរៀង,បន្ទាយមានជ័យ,កោះកុង,ព្រះសីហនុ និងរាជធានីភ្នំពេញ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានធនាគារកណ្ដាលអាមេរិកទទួលស្គាល់ថា ការប្រឹងប្រែងទប់ស្កាត់អតិផរណាអាចបណ្តាលឱ្យអាមេរិកប្រឈមវិបត្តិសេដ្ឋកិច្ច

ព័ត៌មាន
ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក ជេរ៉ូម ផៅវែល (Jerome Powell) បានផ្ដល់ជាទស្សនៈយ៉ាងខ្លី និងច្បាស់ៗកាលពីថ្ងៃទី ២១ខែកញ្ញា អំពីអ្វីដែលធន…

តៃវ៉ាន់ព្រមានថា ខ្លួននឹងរងការគំរាមកំហែងពីសំណាក់ចិនដីគោកកាន់តែខ្លាំង នៅពេលលោក ស៊ី ជីនពីងក្តោបក្តាប់អំណាចក្នុងអាណត្តិទី៣

ព័ត៌មាន
មន្ត្រីកំពូលរបស់កោះតៃវ៉ាន់ លោក Joseph Wu បាននិយាយកាលពីថ្ងៃពុធ ទី ២១ កញ្ញា បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានជប៉ុន Nikke…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ