
បើតាមថ្នាក់ដឹកនាំរូបនេះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេ គឺគម្រោងអគារជាប់គាំងដែលមានចំនួន១៣១គម្រោង, គម្រោងវិនិយោគថ្មីចំនួន១៣០គម្រោង, គម្រោងពង្រីកចំនួន២៤គម្រោង និងគម្រោងមានស្រាប់ចំនួន១១គម្រោង។
ក្នុងនោះគម្រោងប្រមាណ៩៤% ប្រមូលផ្តុំក្នុងវិស័យចំនួន៣ គឺវិស័យអចនទ្រព្យចំនួន១១៨គម្រោង វិស័យទេសចរណ៍ចំនួន៩៨គម្រោង និងវិស័យឧស្សាហកម្មចំនួន៦១គម្រោង ខណៈគម្រោងប្រមាណ៦%ផ្សេងទៀត ដែលស្មើនឹង១៩គម្រោង មាននៅក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប លើកទឹកចិត្តដល់វិនិយោគិនលើកឡើងនូវបញ្ហាប្រឈមក្នុងការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ និងស្វែងយល់ឱ្យកាន់តែច្បាស់នូវគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារ និងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យ ព្រមទាំងចូលរួមផ្សព្វផ្សាយដល់វិនិយោគិនផ្សេងទៀត ដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃផងដែរ៕