
ជាការពិតណាស់កំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងទំនាក់ទំនងដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តបានជួយប្រទេសមហាអំណាចធំបំផុតទី១របស់ពិភពលោកមួយនេះទាក់ទាញមូលធនពីជុំវិញពិភពលោក។ ទោះជាយ៉ាងណានៅ៣ខែក្រោយពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក សម្រាប់អាណត្តិទី២របស់លោក គោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោកដែលដាក់លើប្រទេសនានា បានធ្វើឱ្យសហរដ្ឋអាម៉េរិក ប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងធ្វើឱ្យរង្គោះរង្គើសណ្ដាប់ធ្នាប់អន្តរជាតិ។
យោងតាមបណ្ដាធនាគារឯកជន និងអ្នកគ្រប់គ្រងទ្រព្យសកម្មបានឱ្យដឹងថា បណ្ដាវិនិយោគិនអាស៊ី ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមានការព្រួយបារម្ភខ្លាចភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្នជះផលប៉ះពាល់ដល់ទំនុកចិត្តលើសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។
តួយ៉ាង លោក ហ៊ីដេយូគី វ៉ាតារ៉ៃ (Hideyuki Watarai) នាយកប្រតិបត្តិក្រុមហ៊ុនឌីហ្សាញប្លង់ការិយាល័យ Family Office Design ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បាននិយាយថា អតិថិជនជាអ្នកមានមួយចំនួនរបស់លោកមានការព្រួយបារម្ភអំពីសហរដ្ឋអាម៉េរិកជាងព្រួយបារម្ភអំពីប្រទេសជប៉ុន ទោះបីជាប្រទេសជប៉ុន ជាអ្នកនាំចេញដ៏សំខាន់ និងជាគោលដៅដែលលោក ដូណាល់ ត្រាំ ដំឡើងពន្ធក៏ដោយ។
លោកបានបន្ថែមថា អតិថិជនរបស់លោកដែលរួមមានទាំងស្ថាបនិកក្រុមហ៊ុន និងមហាសេដ្ឋីអចលនទ្រព្យដែលម្នាក់ៗមានទ្រព្យសកម្មរាប់រយលានដុល្លារអាម៉េរិក បានបង្ហាញការព្រួយបារម្ភថា ការកើនឡើងនៃលទ្ធិគាំពារនិយម និងស្នេហាជាតិនិយមជាសញ្ញាឈានទៅរកការបញ្ចប់យុគសម័យពាណិជ្ជកម្មសេរី និងមូលធននិយម។
គួររំឭកថា កាលពីសប្តាហ៍មុន សង្រ្គាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយលោក ដូណាល់ ត្រាំ និងការវាយប្រហារថ្មីៗតាមរយៈពាក្យសម្ដីរបស់លោកទៅលើធនាគារកណ្ដាលអាម៉េរិក បានធ្វើឱ្យបណ្ដាវិនិយោគិនមានភាពច្របូកច្របល់យ៉ាងខ្លាំង។
ទោះបីជាភាគហ៊ុនរបស់សហរដ្ឋអាម៉េរិក បានស្ទុះងើបឡើងវិញបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបន្ទន់ឥរិយាបថខ្លះក្ដី ក៏សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 នៅតែធ្លាក់ចុះ១០% នៅឡើយពីកម្រិតកំណត់ត្រារបស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ដើមឆ្នាំនេះ។ បន្ថែមលើការព្រួយបារម្ភនេះ ផលបត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាម៉េរិក បានកើនឡើងដល់៤,៥៩% កាលពីថ្ងៃទី១១ ខែមេសា ខណៈដែលប្រាក់ដុល្លារ ធ្លាក់ថ្លៃ៕
ដោយ: តែម សុខុម