ពន្ធលើអចលនទ្រព្យ

អ្នកជំនាញ៖ ការបន្ដលើកលែងពន្ធប្រថាប់ត្រា សម្រាប់ការផ្ទេរអចលនទ្រព្យតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ នឹងជំរុញចរន្ដទិញ-លក់


នៅក្នុងវិធានការជុំទី៧របស់រាជរដ្ឋាភិបាលក្នុងជួយដល់វិស័យឯកជន បានឲ្យដឹងថា នៅឆ្នាំក្រោយនេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលនឹងនៅតែបន្ដលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ ដែលមានតម្លៃទាបជាង ឬស្មើនឹង ៧ម៉ឺនដុល្លារ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ចីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្ទះលំនៅដ្ឋាន​តម្លៃសមរម្យ​របស់ក្រុមហ៊ុន Worldbridge Homes
ដោយ

អ្នកជំនាញ អចលនទ្រព្យមើលឃើញថា ការបន្ដលើកលែងពន្ធប្រថាប់ត្រានេះ នឹងជួយឲ្យសន្ទុះនៃចរន្ដទិញលក់កាន់តែកើនឡើង ដែលជាផ្នែកមួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញ។

ទន្ទឹមនឹង​ការ​លើកលែងពន្ធ​ប្រថាប់ត្រា​សម្រាប់​រយៈពេល​១ឆ្នាំទៀត​នេះដែរ រាជរដ្ឋាភិបាល​ក៏បាន​អំពាវ​នាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ឲ្យ​ចូលរួមជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុងការ​បញ្ចុះថ្លៃ​ផ្ទះ ទៅតាម​​លទ្ធភាព​ដែលអាច​ធ្វើទៅបាន​។

លោក ច្រឹក សុខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងថា ការសម្រេច​​បន្ដ​ការលើកលែង​ពន្ធប្រថាប់ត្រា​សម្រាប់​ការ​ទិញ​ផ្ទះ​តម្លៃ​ ៧ម៉ឺនដុល្លារ​ចុះ​​ក្រោមនេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ពីការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ ចំពោះ​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែលជាវិស័យ​សំខាន់មួយដែរ ក្នុងការ​ទ្រទ្រង់សេដ្ឋកិច្ចជាតិ។ លោក ច្រឹក សុខនីម បន្ថែមថា ការបន្ដ​លើកលែង​ពន្ធ​ប្រថាប់ត្រានេះ ក៏នឹងការលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​​ក្នុងវិស័យនេះ​ ឲ្យបន្ដវិនិយោគ និង​ដោះដូរ​អចលនទ្រព្យ​ ដែលវា​នឹងធ្វើឲ្យ​ចរន្ដ​នៃការ​ទិញ-លក់ នឹង​មាន​សន្ទុះ​ទៅតាម​នោះដែរ ពោលគឺ​បើទោះបីជា ការលក់​ទទួល​បាន​ផល​ចំណេញតិច ក៏​ម្ចាស់អចលនទ្រព្យ​នៅតែ​អាច​លក់បានដែរ ដោយសារតែ​​មិនចាំបាច់​ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា។

គួរបញ្ជាក់ដែរថា តាំងពីខែ​កុម្ភៈ ឆ្នាំ២០២០មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​លើកលែង​ពន្ធប្រថាប់ត្រា សម្រាប់​ការទិញផ្ទះនេះផងដែរ ខណៈដែល​អត្រា​ពន្ធនេះ ត្រូវបានកំណត់យក ៤% នៃតម្លៃ​អចលនទ្រព្យដូចជា​ដីធ្លី ផ្ទ អគារ និងសំណង់ផ្សេងៗ សម្រាប់​ការ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិកាន់កាប់​ទ្រព្យសម្បត្តិ​អចលនទ្រព្យនោះ ក្នុងទម្រង់ជាការ​លក់ អំណោយ វិភាគទានជាភាគហ៊ុន ជា​អចលនទ្រព្យ​ទៅក្នុង​ក្រុមហ៊ុន ឬក៏តាម​វិធីផ្សេងៗ ដែលមាន​ការផ្ទេរសិទ្ធិ​កាន់កាប់​ទ្រព្យ​សម្បត្តិ។  

បើតាម​លោកច្រឹក សុខនីម គិតមកទល់ពេលនេះ បើទោះបីជា​មាន​វិបត្តិកូវីដ-១៩តាម​មករំខាន​យ៉ាងណាក្ដី ប៉ុន្ដែ បើមើលទៅលើ តម្លៃទីផ្សារ​អចលនទ្រព្យនៅកម្ពុជា ហាក់មិនសូវ​ជាមាន​ការប្រែប្រួល​ខ្លាំងនោះទេ។

ទោះយ៉ាងណា លោកថា នៅឆ្នាំ២០២០នេះ ​ចំពោះទីផ្សារ​ខុនដូ ហាក់មិនសូវ​មាន​តម្រូវការ​ពីភ្ញៀវបរទេស​ច្រើនឡើយ ដោយសារតែបញ្ហាកូវីដ-១៩ តែចរន្ដ​នៃការ​ទិញលក់​សម្រាប់ភ្ញៀវ​ក្នុងស្រុក គឺនៅមានជាហូរហែរខ្លះដែរ។ រីឯ ការ​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​វិញ ក្រុមហ៊ុន​ភាគច្រើន តែនៅតែបន្ដ​ការសាងសង់​លក់ គ្រាន់តែមិនសូវ​មាន​គំរោង​ធំៗដូចមុននោះទេ ប៉ុន្ដែ បើមើលទៅលើ​ចរន្ដ​នៃការ​ទិញលក់ គឺមានការធ្លាក់ចុះ​គួរសមដែរ។

ដោយឡែក នៅឆ្នាំ២០២១ខាងមុខ អ្នកជំនាញ​រំពឹងថា ចាប់ពីពាក់កណ្ដាល​ឆ្នាំតទៅ វិស័យ​សេដ្ឋកិច្ច​នឹងអាច​មានសន្ទុះងើបឡើងវិញ ហើយ​វិស័យ​អចលនទ្រព្យ​ក៏រំពឹង​ថា ​នឹង​មានសន្ទុះងើបឡើងវិញដែរ។ ពិសេស​នៅពេល​ដែល បញ្ហា​កូវីដ-១៩ ត្រូវបាន​ដោះស្រាយ ក៏ដូចជា​ការទទួលបាន​នូវថ្នាំវ៉ាក់សាំង​បង្ការមេរោគ នោះចរន្ដ​នៃសេដ្ឋកិច្ច​ក៏អាចនឹង​ចាប់ផ្ដើម​វិល​មករកភាពប្រសើរឡើង​ជាក់ជា​មិនខានឡើយ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបានការសាងសង់ ៣៥%ហើយ!

ព័ត៌មាន
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប សម្រេចបានការសាងសង់ ៣៥%ហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ខាងមុខ…

អាជីវកម្មទេសចរណ៍ បន្ដទទួលបានការលើកលែងពន្ធ ៣ខែបន្ថែមទៀតនៅដើមឆ្នាំ២០២១!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសបន្តលើកលែងការបង់ពន្ធគ្រប់ប្រភេទសម្រាប់រយៈពេល៣ខែទៀត ចំពោះអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ