ស្ពានមិត្តភាពកម្ពុជា-កូរ៉េអាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤

ថ្នាក់ដឹកនាំក្រសួងសាធារណការអះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េអាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤


គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពីផ្សារចាស់ទៅជ្រោយចង្វារបន្តទៅអរិយក្សត្រកំពុងស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ និងស្វែងរកក្រុមហ៊ុនប្រឹក្សាបច្ចេកទេស។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនមានក្រុមហ៊ុនបច្ចេកទេសចំនួន១២បានដាក់ពាក្យមកក្រសួង ដើម្បីស្នើសុំផ្តល់ប្រឹក្សាបច្ចេកទេសលើគម្រោងមួយនេះ ប៉ុន្ដែភាគីកូរ៉េបានជ្រើសរើសក្រុមហ៊ុនចំនួន៥ឲ្យរាជរដ្ឋាភិបាលសិក្សាបន្ត ដើម្បីជ្រើសរើសយកក្រុមហ៊ុន១ក្នុងចំណោមក្រុមហ៊ុនទាំងនេះ។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េអាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងស្ពានមិត្តកម្ពុជា-កូរ៉េពីផ្សារចាស់ទៅអរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គអាចនឹងបើកការដ្ឋានសាងសង់នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ។ បច្ចុប្បន្នគម្រោងស្ពានក្រោយជំនួយហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េនេះ កំពុងស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ និងជ្រើសរើសក្រុមហ៊ុនប្រឹក្សាបច្ចេកទេស។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ មានក្រុមហ៊ុនចំនួន១២បានដាក់ពាក្យស្នើសុំជាអ្នកប្រឹក្សាបច្ចេកទេសលើគម្រោងជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ។ ប៉ុន្តែ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ ត្រូវបានភាគីកូរ៉េសម្រេចជ្រើសរើសយក៥ក្រុមហ៊ុន ឲ្យរាជរដ្ឋាភិបាលកម្ពុជាសិក្សាវាយតម្លៃបន្ត ដើម្បីជ្រើសរើសយក១ក្រុមហ៊ុនធ្វើជាទីប្រឹក្សាបច្ចេកទេសលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់ប្រជាពលរដ្ឋរវាងរាជធានីភ្នំពេញ និងអរិយក្សត្រប៉ុណ្ណោះទេ ថែមទាំងជាចលករដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យទៅសម្លឹងឱកាសវិនិយោគនៅតំបន់អរិយក្សត្រទៀតផង។ លើសពីនេះតាមរយៈគម្រោងនេះ វាក៏នឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះមានការកើនឡើងផងដែរ។

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL កត់សម្គាល់ឃើញថា ក្រោយគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានប្រកាសឡើង បានធ្វើតម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្របានហក់ឡើងគួរកត់សម្គាល់ បន្ទាប់ពីអ្នកវិនិយោគបាននាំគ្នាសម្រុកទៅទិញអលចនទ្រព្យនៅតំបន់នោះ។ ទោះយ៉ាងណាអ្នកជំនាញរូបវាយតម្លៃថា បើទោះបីតម្លៃអចលនទ្រព្យនៅតំបន់នោះតម្លៃខ្ពស់គួរសមក៏ដោយ តែតម្លៃអចលនទ្រព្យនៅតំបន់នោះ នៅអាចទទួលយកបាន ហើយអ្នកវិនិយោគក៏នៅមានឱកាសក្នុងការទទួលបានប្រាក់ចំណេញផងដែរ។

ទន្ទឹមនឹងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ រាជរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២២ បានចេញអនុក្រឹតបង្កើតក្រុងអរិយក្សត្រនៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ពីស្រុកល្វាឯម។

គួរបញ្ជាក់ថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹងសាងសង់ចេញពីម្តុំផ្សារចាស់ឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វារ ហើយបន្តទៅអរិយក្សត្រ ដោយឆ្លងកាត់ទន្លេមេគង្គ។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ២៤៦លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានរបស់សាធាររណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាផ្តល់ និងទទួលកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕




អត្ថបទបន្ទាប់


ការទូទាត់ប្រាក់ឆ្លងដែនតាម QR រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ដល់ជាង ៧៧ម៉ឺនដុល្លារ

ព័ត៌មាន
ក្រោយពីបានដាក់ឲ្យដំណើរការអស់រយៈពេលជាង ៣ឆ្នាំ ការទូទាត់ប្រាក់ឆ្លងដែនតាម QR រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២៧លានបាត ឬស្មើនឹងប្រមាណ …

កត្តាអ្វីខ្លះនាំឲ្យការនាំចូលប្រេងដូងប្រទេសឥណ្ឌាបានធ្លាក់ចុះទាបក្នុងរយៈពេល ២៧ ខែមកនេះ ?

ព័ត៌មាន
ប្រភពពីក្រុមឈ្មួញធំៗបានអះអាងថា ការនាំចូលប្រេងដូងទៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ