រដ្ឋអាជ្ញានៃតុលាការ ICC លោក Karim Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញបន្ទាប់ពីមានសង្រ្គាមជាងប្រាំពីរខែនៅក្នុងតំបន់ហ្គាហ្សាថា លោកមានហេតុផលសមហេតុផលដើម្បី ដែលបញ្ជាក់ច្បាស់ថា បុរសទាំងប្រាំនាក់ ដែលលោកបានចោទប្រកាន់នោះ គឺត្រូវមាន "ការទទួលខុសត្រូវព្រហ្មទណ្ឌ" សម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោក Karim បន្ថែមថា លោកបានដាក់ពាក្យស្នើសុំដីកាចាប់ខ្លួនរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល រួមទាំងលោក Netanyahu ផង ដ្បិតពួកគេ គឺជាអ្នកដឹកនាំការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងទឹកដីតំបន់កាហ្សា ចាប់តាំងពីមានការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី០៧ ខែតុលា មកលើប្រទេសអ៊ីស្រាអែលមក។
រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិរូបនេះ ក៏បានដាក់ពាក្យស្នើសុំដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស់ ៣នាក់ទៀត រួមមាន លោក Yahya Sinwar ប្រធានក្រុមហាម៉ាស់, លោក Mohammed Al-Masri អគ្គមេបញ្ជាការនៃស្លាបយោធានៃក្រុម Hamas ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា Deif និងលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយផងដែរ។
ទោះយ៉ាងណា ចំពោះសំណើសុំដីកាចាប់ខ្លួននេះ នឹងត្រូវគណៈកម្មការនៃអង្គចៅក្រមពិនិត្យដោយត្រូវចំណាយពេលប្រហែល២ខែ មុនសម្រេចចិត្តថា តើមានភស្ដុតាងគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យចេញដីកាចាប់ខ្លួន ឬក៏អត់។ ប៉ុន្តែតុលាការICC ត្រូវបានគេមើលឃើញថា គ្មានមធ្យោបាយក្នុងការអនុវត្តដីកាបែបនេះទេ ហើយការស៊ើបអង្កេតរបស់ខ្លួនក្នុងសង្គ្រាមតំបន់ហ្គាហ្សាក៏ត្រូវបានអាមេរិក និងអ៊ីស្រាអែលជំទាស់ដែរ។ លើសពីនេះ ប្រទេសអ៊ីស្រាអែល ក៏មិនមែនជាសមាជិកនៃតុលាការ ICC នោះដែរ។
ទោះជាយ៉ាងនេះ ក្ដី ប្រសិនបើការចេញដីកានេះ ពិតជាអាចធ្វើទៅបានមែន វាគ្រាន់តែជាការរំខានដល់ការធ្វើដំណើរចេញទៅក្រៅប្រទេសរបស់មេដឹកនាំអ៊ីស្រាអែលតែប៉ុណ្ណោះ តួយ៉ាងដូចជាករណីដែល ICC បានចេញដីការចាប់ខ្លួនមេដឹកនាំរុស្ស៊ី គឺលោក ពូទីន យ៉ាងដូច្នេះដែរ។
ពាក់ព័ន្ធនឹងបបញ្ហានេះ មេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនបានច្រានចោលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ហើយតំណាងភាគីទាំងពីរបានចេញមករិះគន់ការសម្រេចចិត្តរបស់រដ្ឋអាជ្ញានៃតុលាការ ICC ពាក់ព័ន្ធនឹងសំណើសុំដីកាចាប់ខ្លួននេះផងដែរ។