យោងតាមទីភ្នាក់ងារព័ត៌មាន Euronews នៅក្នុងការសន្ទនាតាមទូរសព្ទជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីពេលថ្មីៗ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉ាសេស្កៀន បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មានឆន្ទៈក្នុងការបញ្ចប់ជម្លោះជាមួយអាម៉េរិក និងអ៊ីស្រាអែល ប្រសិនបើមានការអនុវត្តតាមលក្ខខណ្ឌសំខាន់ៗ ជាពិសេសការធានាការពារអ៊ីរ៉ង់ ពីការឈ្លានពានម្តងទៀត។
ឆ្លើយតបនឹងការលើកឡើងនេះ លោក អង់តូនីអូ កូស្តា (António Costa) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានសម្ដែងការព្រួយបារម្ភថា ស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន គឺគ្រោះថ្នាក់ខ្លាំងណាស់។ ជាមួយគ្នានេះ លោក បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់រាល់ការវាយប្រហារ និងពិភាក្សារកដំណោះស្រាយតាមផ្លូវការទូត ជាពិសេសជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាសេរីភាពនាវាចរណ៍ក្នុងច្រកសមុទ្រ Hormuz។
ជាមួយគ្នានេះរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានហៅដំណាក់កាលនេះថា ជា អំឡុងពេលសម្រេចជោគវាសនារបស់អ៊ីរ៉ង់។ លោកបានបញ្ជាក់ថា បើទោះបីជាប្រតិបត្តិការយោធាបានអូសបន្លាយជាង១ខែ ក៏ដោយ ប៉ុន្តែការចរចាសន្តិភាពកំពុងមានវឌ្ឍនភាពល្អ។ ប្រមុខមន្ទីរបញ្ចកោណរូបនេះបានបន្ថែមដោយទំនុកចិត្តថា អ៊ីរ៉ង់ដឹងខ្លួនច្បាស់ថា ពួកគេស្ទើរតែគ្មានលទ្ធភាពតបតតាមផ្លូវយោធាទៀតឡើយ។
មន្ទីរបញ្ចកោណ និងសេតវិមានបានអះអាងស្របគ្នាថា អ្វីដែលទីក្រុងតេអេរ៉ង់ថ្លែងជាសាធារណៈ ហាក់មានភាពខុសប្លែកពីការចរចាក្នុងជំនួបឯកជន ដែលបង្ហាញថា ភាគីអ៊ីរ៉ង់ពិតជាចង់រុលទៅមុខក្នុងកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចៀសការវិនាសសកម្មបន្ថែមទៀត៕
អត្ថបទៈ សួន ឡង់ទី