ប្រទេសរុស្ស៊ី និងក្រុមប្រទេសបស្ចិមលោក

តើសង្គ្រាមដោយផ្ទាល់រវាងប្រទេសរុស្ស៊ី និងក្រុមប្រទេសបស្ចិមលោកពិតជាអាចកើតមានដែរឬយ៉ាងណា?


យើងឃើញថាសង្គ្រាម និងជម្លោះវោហាសាស្ត្ររវាងទីក្រុងមូស្គូ និងបណ្ដាប្រទេសលោកខាងលិចកាន់តែមានភាពគឃ្លើនដាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ ចាប់តាំងពីមានសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែមក ដែលវាបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងប្រទេសរុស្ស៊ី និង ក្រុមប្រទេសបស្ចិមលោកទំនងជាអាចមានកាន់តែខ្លាំងឡើងផង។ នេះបើយោងតាមទស្សនរបស់ក្រុមអ្នកយុទ្ធសាស្ត្របានព្យាករណ៍ពីអ្វីដែលនឹងកើតមាននៅពេលខាងមុខទៀត ដែលត្រូវបានស្រង់មកចុះផ្សាយដោយសារព័ត៌មាន CNBC។
ជំនួបកំពូលអាមេរិក និងរុស្សីទទួលបានផ្លែផ្កា តែលោកចូបៃឌិនព្រមានពីសង្គ្រាមព័ត៌មានវិទ្យា (រូបភាព៖ AP)

អ្វី​ដែល គេ​កត់សម្គាល់​ជា​ពិសេស​នោះ ឃើញ​ថា ថ្មី​ៗ​នេះ អធិកា​បតី​របស់​អា​ល្លឺ​ម៉​ង់ ក៏​បាន​ព្រលយ​ពាក្យ​សំដី​ដ៏​មុត​ស្រួច ថា កុំ​ឲ្យ​មានការ​ទុកចិត្ត ឬ​ជឿជាក់​ឲ្យ​សោះ​ថា រុ​ស្ស៊ី មិន​មាន​គម្រោង វាយ​ប្រទេស​ផ្សេង​ទៀត ក្រៅពី​អ៊ុយ​ក្រែ​ន​នោះ​។ ការ​លើក​ឡើង​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ពី​សង្គ្រាម​នៅ​ក្នុង​តំបន់​អឺរ៉ុប កាន់តែ​ខ្លាំង ខណៈ​ដែល​ប្រទេស​តូច​ៗ​នៅ​តំបន់​អឺរ៉ុប កំពុង​ស្នើ​សុំ​ចូល​ជាមួយ​សមាជិក​អង្គការ​ណា​តូ​កាន់តែ​ច្រើន​ដែរ សម្រាប់​ជា​ខ្នងបង្អែក​ការពារ​ខ្លួន ពីព្រោះ​បារម្ភ​ថា​រុ​ស្ស៊ី​ក៏​អាច​នឹង​វាយ​ប្រទេស​ខ្លួន ដូច​វាយ​អ៊ុយ​ក្រែ​ន​ដែរ​។

លោក​អ្នក​នាង​! បើ​មើលទៅ​លើ​ភាព​តានតឹង​រវាង​សហភាព​អឺរ៉ុប ជាមួយនឹង​រុ​ស្ស៊ី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ គឺថា​ប្រទេស​រុ​ស្ស៊ី​បាន​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​អឺរ៉ុប​ចំនួន ២ គឺ​ប្រទេស​ប៉ូ​ឡូញ ហើយ​និង​ប៊ូល​ហ្កា​រី ហើយ​បាន​ព្រមាន​លោក​ខាងលិច​ជា​ច្រើន​លើក​ច្រើន​ដង​ថា ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​គឺ «​ពិតជា​អាច​កើតឡើង​បាន​»​រុ​ស្ស៊ី​គំរាមកំហែង​យ៉ាង​ដូច្នេះ​។ ចំណែកឯ​គូរ​ប្រជែង​របស់​រុ​ស្ស៊ី គឺ​ប្លុក​អឺរ៉ុប​វិញ​បាន​ច្រានចោល​នូវ​វោហា​សាស្ត្រ​ដ៏ «​ក្លាហាន​និង​គ្រោះថ្នាក់​» នៃ​សង្គ្រាម​អាវុធ​ប្រល័យ​លោក​របស់​រុ​ស្ស៊ី​នេះ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ​ចក្រភព​អង់គ្លេស​បើ​ទោះបីជា​ចាក​ចេញពី​សហភាព​អឺរ៉ុប​ទៅ​ហើយ​ក្ដី ក៏​នៅ​តែ​ចូលរួម​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​លោក​ខាងលិច «​បង្កើន​ការ​គាំទ្រ​របស់​ពួក​គេ​សម្រាប់​ជួយ​ដល់​អ៊ុយ​ក្រែ​ន​»​។

សហភាព​អឺរ៉ុប ក៏​នៅ​តែ​ប្រកាន់​ជំហរ​រឹង​មាំ​របស់​ខ្លួន​ដដែល ដោយ​ត្រៀម​នឹង​បន្ថែម​ទណ្ឌកម្ម​ថ្មី​ៗ​ជា​ច្រើន​ទៀត ដើម្បី​ដាក់​ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ រួម​ទាំង​មានការ​ស្នើ​ឲ្យ​កាត់​ផ្ដាច់​ឈប់​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នៅ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​តែ​ម្តង​។ ប៉ុន្ដែ បុរស​ខ្លាំង​រុ​ស្ស៊ី លោកពូ​ទី​ន ក៏​បាន​សច្ចា​ថា នឹង​សងសឹក តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​តប​ទៅ​កាន់​ប្រទេស​លោក​ខាងលិច​វិញ​ដូច​គ្នា​។

បន្ថែម​ពីលើ​នេះ​ទៅ​ទៀត កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​និយាយ​ថា រាល់​កិច្ច​អន្តរាគមន៍​ពី​បរទេស​ណាមួយ នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​បង្ក​ឱ្យ​មាននូវ​អ្វី ដែល​លោក ពូ​ទី​ន ហៅ​ថា​«​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​»​ពី​ទីក្រុង​មូ​ស្គូ ខណៈ​ដែល​ក្រសួងការបរទេស​របស់​លោក បាន​ព្រមាន​អង្គការ​យោធា​ណា​តូ​កុំ​ចង់​មក​សាកល្បង​មើល​ការ​អត់ធ្មត់​របស់​រុ​ស្ស៊ី​ឱ្យ​សោះ​។

យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃ​ទី ៥ ខែឧសភា​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី លោក សឺ​ហ្គេ ស៊ុ​យ​ហ្គូ (Sergei Shoigu) បាន​ព្រមាន​ចំ​ៗ​ទៅ​កាន់​អង្គការ​ណា​តូ​ថា កងកម្លាំង​របស់​រុ​ស្ស៊ី នឹង​ពិចារណា កំណត់​គោលដៅ​កម្ទេច​ចោល​រាល់​ការ​ដឹក​ជញ្ជូន​ស​ព្វា​រុ​ធ​របស់​អង្គការ​ណា​តូ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ទប់ទល់​នឹង​រុ​ស្ស៊ី ។

ជុំវិញ​ភាព​ចម្រូងចម្រាស់​កាន់តែ​ខ្លាំង​រវាង​លោក​ខាងលិច និង រុ​ស្ស៊ី​នេះ​ដែរ ទូរទស្សន៍ CNBC បាន​ចោទសួរ​ក្រុម​អ្នក​យុទ្ធសាស្ត្រ​អំពី​លទ្ធភាព​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​រវាង​រុ​ស្ស៊ី និង ប្លុក​លោក​ខាងលិច ហើយ​ពួក​គេ​ក៏​បាន​និយាយ​ពន្យល់​ជា​ច្រើន​ពាក់ព័ន្ធ​ជាមួយនឹង​សង្គ្រាម​នុយក្លេអ៊ែរ​។

តើ​វា​ពិតជា​អាច​កើត​មាន​សង្គ្រាម​នុយក្លេអ៊ែរ​មែនដែរ​ឬ​យ៉ាងណា?

នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​បាន​ព្រមាន​ថា ការ​គំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ គឺ​«​មិន​អាច​មើល​ស្រាល​បាន​ឡើយ​» ហើយ​បាន​និយាយ​ទៀត​ថា ការ​ផ្គត់ផ្គង់​អាវុធ​របស់​អង្គការ​ណា​តូ​ដល់​អ៊ុយ​ក្រែ​ន​គឺ មាន​ន័យ​ថា​ជា​ការ​បង្កើត​សម្ព័ន្ធមិត្ត​យោធា​ឱ្យ​ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុ​ស្ស៊ី​។

ប្រធានាធិបតី​រុ​ស្ស៊ី លោក ពូ​ទី​ន បាន​បង្កើន​សង្គ្រាម​វោហា​សាស្ត្រ​កាន់តែ​ខ្លាំង​ឡើង ដោយ​បាន​គំរាមកំហែង​វាយបក​ទៅ​វិញ​ដូច​«​ផ្លេកបន្ទោរ​»​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ដែល​ហ៊ាន​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​បង្កើត​នូវ​អ្វី​ដែល​លោកពូ​ទី​ន​ហៅ​ថា​ជា​«​ការ​គំរាមកំហែង​ជា​យុទ្ធសាស្ត្រ​សម្រាប់​រុ​ស្ស៊ី​»​។

បន្ទាប់​មក​ទៀត លោក ពូ​ទី​ន បាន​បង្ហាញខ្លួន​មក​និយាយ​ពី​ឃ្លាំង​អាវុធ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប និង អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​ពេល​នោះ​លោកពូ​ទី​ន​បាន​ព្រមាន​ថា រុ​ស្ស៊ី​មាន​ឧបករណ៍​សម្រាប់​ការ​ឆ្លើយ​តប​សងសឹក ដែល​ពេល​នេះ​មិន​ទាន់​មាន​នរណា​ម្នាក់​អួត​ពី​វា​នៅឡើយ​ទេ ហើយ​រុ​ស្ស៊ី នឹង​ប្រើ​វា​ប្រសិនបើ​ចាំបាច់​មែន​នោះ​។

លោក Samuel Ramani អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​និង​ជា​សហការី​នៅ​វិទ្យាស្ថាន Royal United Services Institute បាន​ប្រាប់ CNBC ថា លោក​គិត​ថា នៅ​ពេល​នេះ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ពី​លទ្ធភាព​ដែល​នឹង​អាច​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ឬ​សង្គ្រាមលោក​លើក​ទី​៣ ដែល​ពិតជា​ផ្ទុះ​ឡើង​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ឬ​យ៉ាងណា​នោះ​ទេ​។

អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​និង​ជា​សហការី​នៅ​វិទ្យាស្ថាន Royal United Services Institute បាន​កត់​សម្គាល់ថា រុ​ស្ស៊ី​មាន​ប្រវត្តិ​យូរយារ​ណាស់​មក​ហើយ​ក្នុង​ការ​ប្រើប្រាស់​«​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​» ជា​មធ្យោបាយ​រារាំង​ប្រទេស​លោក​ខាងលិច​មិន​ឱ្យធ្វើ​តាម​គោលនយោបាយ​សន្តិសុខ​ដែល​ខ្លួន​មិន​ចូល​ចិត្ត ដោយ​ការ​បង្កើន​វោហា​សាស្ត្រ​អរិភាព​ក្នុង​គោលបំណង​កំញើញ​សមាជិក​អង្គការ​ណា​តូ ពី​ការ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន​។ អង្គការ​ណា​តូ ថ្មី​ៗ​នេះ ហាក់បីដូចជា​គ្មាន​ញញើត​«​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​» ពី​រុ​ស្ស៊ី​បន្តិច​សោះឡើយ ណា​តូ​ក៏​បាន​អះអាង​ចំ​ៗ​ដែរ​ថា ពួក​គេ​នឹង​បន្ដ​ជួយ​គាំទ្រ​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ទប់ទល់​ជាមួយ​រុ​ស្ស៊ី ទោះបី​នៅ​ក្នុង​សង្គ្រាម​អូស​បន្លាយ​យូរ​ឆ្នាំ​យ៉ាងណា​ក្ដី​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ​បៃ​ឌិន ឯណោះ​វិញ ថ្មី​ៗ​នេះ ក៏​បាន​ស្នើ​សភា​អនុម័ត​ថវិកា​ប្រហែល ៣៣​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន ហើយ​ក្នុង​នោះ ថវិកា​ប្រហែល​ជាង ២០​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជា​ជំនួយ​យោធា និង​សន្ដិសុខ​ដល់​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសជាង៥០ នឹងស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក ដោះស្រាយក្ដីបារម្ភអំពីបញ្ហាកង្វះស្បៀងអាហារសកលលោក

ព័ត៌មាន
ប្រទេសជាង ៥០ ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងដាក់ស្នើទៅកាន់អង្គការមួយនេះ ដើម្បីឲ្យជួយដោះស្រាយលើបញ្ហាហាមឃាត់ការនាំចេញស្បៀង…

សារព័ត៌មាន New York Times៖ ចារកម្មអាមេរិកកំពុងជួយអ៊ុយក្រែនសម្លាប់មេទ័ពរបស់រុស្ស៊ី

ព័ត៌មាន
សហរដ្ឋអាមេរិកបានផ្តល់ការណ៍សម្ងាត់ អំពីអង្គភាព ទីតាំង និង មូលដ្ឋានរបស់កងទ័ពរុស្ស៊ីជាច្រើន ដែលវាបានអនុញ្ញាតឱ្យទាហានអ៊ុយក្រែនអាចកំណត់បានយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ